ក្រសួង​សំខាន់ៗចំនួន​៣ ចេញគោលការណ៍​ពង្រឹងលើ​​ការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងធនធានទឹក

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួង កសិកម្ម (ស្តាំ) លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីធនធានទឹក និងលោកឆាយ រិទ្ធិសែន រដ្ឋមន្រ្តីក្រសួង អភិវឌ្ឍជនបទ

រដ្ឋមន្រ្តីចំនួន​៣រូប បាន​ព្រមព្រៀងជាគោលការណ៍នូវចំណុចសំខាន់ចំនួន៤​ ទាក់ទងនឹងការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងធនធានទឹក ដើម្បី​ប្រមូលផ្តុំធនធាននិងបច្ចេកទេស សម្រាប់អនុវ​ត្ត​ការងារ បម្រើប្រជាជនឱ្យបាន លទ្ធផលកាន់តែប្រសើរ។

យោងតាម​សេចក្តីប្រកាសព័ត៌មានរួម​របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម កាលពីយប់ថ្ងៃទី​៦ ខែឧសភា បាន​ឱ្យដឹងថា រដ្ឋមន្រ្តីនៃ​ក្រសួង​ទាំង៣នេះ បានរួមគ្នាដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងធនធានទឹក ដែល​កិច្ចប្រជុំត្រីភាគីនេះ រៀបចំធ្វើជាលើកដំបូងនៅទីស្តីការក្រសួងក​សិកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី ជំនាញនៃក្រសួងទាំង៣ផងដែរ​។​

បន្ទាប់ពីបានស្ដាប់បទបង្ហាញពីមន្ត្រីជំនាញមកពីក្រសួងទាំង៣ ព្រមទាំងឆ្លងកាត់ការពិភាក្សាយ៉ា​ងផុលផុស ​រដ្ឋមន្ត្រីទាំង៣រូប ដែលមានលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រ​មាញ់ និងនេសាទ, លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែល​ជាសហប្រធានអង្គប្រជុំបានព្រមព្រៀងជាគោលការណ៍នូវចំណុចសំខាន់ចំនួន៤ រួមមាន៖

១. កំណត់គោលដៅយុទ្ធសាស្ត្រដែលជាអាទិភាពរួមរបស់ក្រសួងទាំង៣ ដោយដាក់កម្លាំងនិងធនធានរួមគ្នាដើម្បីសហការអនុវត្តឱ្យបានជោគជ័យ។

២. ប្រឹក្សាយោបល់ជាមួយគ្នាតាមជំនាញនិងវិស័យរៀងៗខ្លួនឱ្យបានទៀងទាត់និងជាប់លាប់ ដើម្បីបង្ការនិងទម្លុះ នូវភាពរាំងស្ទះទាំងឡាយដើម្បីឈានទៅសម្រេចបាននូវគោលដៅដែលបានកំណត់។

៣. ផ្សារភ្ជាប់គម្រោងនិងកម្មវិធីគោលនយោបាយដែលពាក់ព័ន្ធនឹងសហគមន៍របស់ក្រសួងទាំង៣ដូចជាសហគមន៍កសិកម្មទំនើបរបស់ក្រសួងកសិកម្ម សហគមន៍កសិករប្រើប្រាស់ទឹករបស់ក្រ​សួងធនធានទឹក និង គម្រោងភូមិគំរូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យទទួលបាន អត្ថប្រយោជន៍ជាអតិបរមា។

៤. ឯកភាពជាគោលការណ៍បង្កើតក្រុមការងារអន្តរក្រសួង ដើម្បីធ្វើការរួមគ្នាជាប់លាប់ និងដាក់ចេញនូវរបបប្រជុំ ទៀងទាត់រៀងរាល់៣ខែម្តង ដើម្បីតាមដានការងារដែលបានដាក់ចេញ និងកំណត់ផែនការងារបន្ត។​​

លោក ឌិត ទីណា បាន​លើកឡើងថា កិច្ចប្រជុំនេះ​មានសារៈសំខាន់ណាស់ ដើម្បីឱ្យថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីជំនាញនៃក្រសួងទាំង៣ បានយ​ល់អំពីយុទ្ធសាស្ត្រនិងការងារ អាទិភាពរបស់ក្រសួងនីមួយៗ ហើយប្រមូលផ្តុំធនធាននិងប​ច្ចេក​ទេ​ស សម្រាប់អនុវត្តការងារ បម្រើប្រជាជនឱ្យបាន លទ្ធផលកាន់តែប្រសើរ។

តាមរយៈកិច្ចប្រជុំនេះ លោក ឌិត ទីណា មានសុទិដ្ឋិនិយមថា ក្រសួងទាំង៣ នឹងចាប់ផ្ដើមបង្កើនកិច្ចសហការរវាងគ្នាឱ្យកាន់តែរលូន ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាជនឱ្យមានបាន ផ្ដល់ផ​ល​ចំណេញដល់កសិករ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចដល់ទីជនបទ។

ជាមួយគ្នានោះដែរ លោក ថោ ជេដ្ឋា ក៏​បាន​បញ្ជាក់​ពីគោលនយោបាយទឹករបស់ កម្ពុជាដែលត្រូវបម្រើដល់អន្តរវិស័យ។ យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ៖ «ការផ្គត់ផ្គង់ទឹក សម្រាប់វិស័យកសិកម្មក៏ជាអាទិភាពមួយរបស់ក្រសួងផងដែ​រ ហើយក្រសួងធនធានទឹកនឹងស​ហការ ជា​មួ​យ​ក្រសួងកសិកម្ម ដើម្បីដោះស្រាយបញ្ហាទឹកជូនដល់ប្រជាកសិករ ​តា​មរយៈការអ​ភិវឌ្ឍ ប្រព័ន្ធធារាសាស្ត្រនៅតាមភូមិសាស្ត្រដែលប្រឈមនឹងការខ្វះទឹក ឬរងគ្រោះដោយទឹកជំនន់ជាប់ជាប្រចាំ»។

ដោយឡែក លោក ឆាយ ឫទ្ធិសែន ក៏បានសម្តែងការគាំទ្រចំពោះកា​រលើក ឡើងរបស់សហប្រធានអង្គប្រជុំទាំង២រូប និងបានប្ដេជ្ញាថា ក្រសួងអភិវឌ្ឍន៍ជនបទត្រៀមខ្លួនរួចជាស្រេចដើ​ម្បីសហការ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួងធនធានទឹក និងឧតុនិយម ដើម្បីអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធចាំបាច់នានា ដើម្បីឈានទៅសម្រេចឱ្យបាននូវគោ​ល​នយោ​បាយអាទិភាពដែលដាក់ចេញដោយរាជរដ្ឋាភិបាល អាណត្តិទី៧៕

Daily Program

Livesteam thumbnail