រាជរដ្ឋភិបាលកម្ពុជា​ ​ប្រកាសយក​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃកាន់ទុក្ខជាផ្លូវការរបស់សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស

រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញសារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធសព សម្តេ​ចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរា​ជាណាចក្រកម្ពុជា។

សារាចរណែនាំដែល​ចុះហត្ថលេខាដោយ​លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ចុះថ្ងៃទី​២៦ ខែកុម្ភៈ បាន​លើកឡើងថា ដោយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ ដែលក្នុងមួយព្រះជន្មរបស់សម្តេច សម្ដេចមានគុណបំណាច់យ៉ាងធំធេ​ងចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសសម្តេចបានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា។

​រាជរដ្ឋាភិបាលបានណែនាំថា ៖ «ប្រកាសថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ។​ គ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្ត្រីរាជការ កងក​ម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជា​តិត្រឹមពាក់កណ្ដាលនៃដងទង់ជាតិ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤»។

លោកនាយករដ្ឋមន្រ្តី បានបន្ថែមថា គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវ​ផ្អាកការសម្ដែង និងចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគ​គ្រឹកគគ្រេង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា ៖ «ទទួលបានសារាចរណែនាំនេះ គ្រប់ក្រសួង ស្ថាប័ន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងក​ម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងជនរួមជាតិ ទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូ​វចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជាកិច្ចចូលរួមមរណទុក្ខ ដ៏ក្រៀមក្រំបំផុតនេះ»។

សូមបញ្ជាក់ថា សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស បានយាងចូលទិវង្គត នៅវត្តឧណ្ណាលោម នា​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៥:៤០នាទី ដោយព្រះជរាពាធ ក្នុងព្រះជន្ម៩៣ព្រះវស្សា៕

Daily Program

Livesteam thumbnail