លោក ហេង សួរ៖ ការអនុវត្តបាននូវសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ គឺដើម្បីជ្រោងវិស័យការងារនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង​

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​លើកឡើងថា ការប្រារព្វ​ខួបអនុស្សាវរីយ៍ នៃទិវាពលកម្មអន្តរជាតិក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុ​ខសាន្តមួយ» គឺជាសក្ខីភាពបញ្ជាក់នូវការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបា​ល។

លោកបានបន្តថា រាជរដ្ឋាភិបាល​បានយកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព, និងអត្ថប្រយោជន៍ដល់កម្មករនិយោជិត, និងពង្រឹងយន្តការបង្ការនិងដោះស្រាយវិវាទការងារ សំដៅធ្វើឱ្យមានភាពកាន់តែល្អប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការងារ។

ថ្លែងក្នុងកម្មវិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិ​ក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២​០២៤ លោករដ្ឋមន្រ្តី​បញ្ជាក់ថា ​ការជ្រើសរើសប្រធានបទសម្រាប់ឆ្នាំនេះ ក៏ផ្ដើមចេញពីការអ​នុវ​ត្តអនុសាសន៍រួមគ្នារបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុង​អំឡុងពេ​ល​ដែលសម្តេចទាំងពីរចុះជួបសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិតចាប់តាំងពីឆ្នាំ​២០១៧កន្លងមក។

លោក ហេង សួរ​ បានថ្លែងថា ៖ «ការប្រារព្ធទិវានៅឆ្នាំនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ក​ម្មករនិយោជិតដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រារឰធ្វើជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩»។

លោកបានបន្តថា ៖ «ឆ្នាំនេះក៏ដូចឆ្នាំមុនៗដែរ គឺរាជរដ្ឋាភិបាលបានចេញសារាចរណែនាំដើម្បីបំផុសលើកទឹកចិត្តគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត រោងចក្រ សហគ្រាសនានា រៀបចំខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ឧសភា និងកម្មវិធីកម្សាន្តផ្សេងៗ ដើម្បីបង្កបរិយាកាសរីករាយ និងសាមគ្គីភាព រវាងកម្មករនិយោជិត និងនិយោជក»​។

លោករដ្ឋមន្រ្តី បាន​បញ្ជាក់ទៀតថា ដើម្បីជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសភាគីនិយោជកក្នុ​ង​វិស័យកាត់ដេរស្ម័គ្រចិត្តចូលរួមក្នុងកម្មវិធីប្រឡងប្រណាំង និងប្រែក្លាយការប្រឡងប្រណាំងនេះ​ទៅជាចលនាជាតិមួយ សំដៅអភិវឌ្ឍវប្បធម៌អនុលោមភាព ពង្រឹងភាពសុខដុមរមនានៃទំ​នាក់ទំនងវិជ្ជាជីវៈ និងលើកតម្កើងទំនួលខុសត្រូវផ្នែកសង្គមរបស់សហគ្រាសនោះ។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញនូវប្រកាសចំនួន ៣ និងសេចក្តីសម្រេចចំនួន ១ ក្នុងការកំណត់លក្ខណវិនិច្ឆ័យពាន “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”  ដោយក្នុងនោះតម្រូវឱ្យសហគ្រាសនីមួយៗ ត្រូវទទួលបានវិញ្ញាបនបត្រអនុលោមភាពចំនួន ៨។

ទន្ទឹមនឹងនេះ លោក ហេង សួរ​ ក៏បាន​អរគុណចំពោះ​ថ្នាក់ដឹកនាំសហជីព ដែលបានសហការជា​មួយក្រសួង សមាគមនិយោជក និងម្ចាស់រោងចក្រ សហគ្រាសនានា បំពេញភារកិច្ចរបស់ខ្លួនបា​នយ៉ាងល្អប្រកបដោយភាពចាស់ទុំ មានវិជ្ជាជីវៈ និងអរគុណដល់អង្គការអន្តរជាតិខាងការងារ (ILO) ដែលបានផ្ដល់ការសម្របសម្រួល និងគាំទ្រផ្នែកបច្ចេកទេសដល់ក្រសួងការងារ និងប​ណ្ដុះ​​​បណ្ដាលវិជ្ជាជីវៈ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល សហជីព សមាគមនិយោជក ដែលបានធ្វើឱ្យគ្រប់គ្នាមានសមត្ថភាពកាន់តែប្រសើរ យល់កាន់តែច្បាស់ពីតួនាទី៕

Daily Program

Livesteam thumbnail