គ.ជ.ប ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោត នៅខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តតាកែវ​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយមានកិច្ចសហប្រតិបត្តិការជាមួយទីភ្នា​ក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានបង្កើតមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោត នៅខេត្តចំនួន ៣ គឺខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តតាកែវ។

ការបង្កើតមជ្ឈមណ្ឌលនេះ ដើម្បីបម្រើដល់អ្នកស្រាវជ្រាវ មហាជន ទូទៅដែលជាភាគីពាក់ព័ន្ធ ជា​ពិសេស សិស្សានុសិស្ស និងនិស្សិត ដែលជាយុវជន បានចូលទៅ សិក្សាស្វែងយល់ និងទ​ទួ​លបានព័ត៌មានអំពីការបោះឆ្នោតនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងកោតសរសើរចំពោះអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃ គ.ជ.ប លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តតាកែវ និងអ្នកជំនាញការទីភ្នាក់ងារ JICA ប្រចាំ គ.ជ.ប ដែលបានផ្តួចផ្តើម និងសហការរៀបចំបង្កើតឱ្យលេចចេញជារូបរាងនៃមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោត ដែលមា​ន​ទីតាំងនៅក្នុងបរិវេណនៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោតនៃខេត្តទាំងបីនេះ។

លោកបានមានប្រសាសន៍​ថា ៖ «ការបង្កើតមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតនេះឡើង គឺពិតជាមា​នសារៈសំខាន់ណាស់ សម្រាប់បម្រើដល់អ្នកសិក្សាស្រាវជ្រាវ សិស្សានុសិស្ស និងសាធារណ​ជ​ន ដែលមានបំណងសិក្សាស្រាវជ្រាវ និងស្វែងរកព័ត៌មានអំពីការបោះឆ្នោតនៅកម្ពុជា»​។

មជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតមានឯកសារជាច្រើន ដូចជា សៀវភៅរដ្ឋធម្មនុញ្ញ ច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត សៀវភៅក្រមសីលធម៌ដែលបោះពុម្ពផ្សាយដោយគ.ជ.ប សៀវភៅណែនាំ សៀវភៅជំនួយស្មារតី សៀវភៅសម្រាប់អ្នកបោះឆ្នោត ខិត្តបណ្ណ ព្រឹត្តិបត្រព័ត៌មាន គ.ជ.ប ព្រឹត្តិបត្រគោលនយោបាយរបស់គណបក្សនយោបាយជាដើម។

លើសពីនេះ មជ្ឈមណ្ឌលក៏មានកម្មវិធីបង្ហាញដល់សាធារណជន សិស្ស និស្សិត ឱ្យបាន ស្វែងយល់អំពីការប្រព្រឹត្តទៅនៃការបោះឆ្នោត ព្រមទាំងមានទូរទស្សន៍ កុំព្យូទ័រ និងថេបប្លែត (Tablet) ដែលមានភ្ជាប់សេវាអ៊ីនធឺណិត សម្រាប់ឱ្យសាធារណជនបានប្រើប្រាស់ក្នុងការស្រាវជ្រាវ។

.ជ.ប បានបញ្ជាក់ផងដែរថា​ ក្រៅពីខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តតាកែវ គ.ជ.ប មានគម្រោងបង្កើតមជ្ឈមណ្ឌលអប់រំអ្នកបោះឆ្នោតនៅតាមរាជធានី ខេត្តផ្សេងៗទៀតផងដែរ៕

Daily Program

Livesteam thumbnail