ក្រសួង​វប្បធម៌និង​វិចិត្រសិល្បៈ ច្រានចោលចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់តថភាពពិតទាក់ទងនឹង «សង្ក្រាន្ត»

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ​ បាន​ច្រានចោល​ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់តថភាពពិត និងវប្បធម៌ប្រពៃណីជាតិ ទាក់ទងនឹងពាក្យ «សង្រ្កាន្ត» ពី​អ្នកអ​ត្ថាធិប្បាយព័ត៌មាន​ដ៏ល្បីគឺលោក មាស រិទ្ធី របស់​ទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស HDTV តាមរយៈការផ្សាយផ្ទា​ល់ នៃកម្មវិធីហង្សមាស Express News ​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។

ជាមួយគ្នានេះដែរ ក្រសួង​វប្បធម៌និង​វិចិត្រសិល្បៈ ក៏បានស្នើឱ្យ​លោកឧកញ៉ា អ៊ឹង ឆៃងួន អគ្គនា​យកទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស HDTV​ ចាត់វិធានការបន្ទាន់ លុបព័ត៌មានមិនពិតនេះ ទប់ស្កាត់ចែកចាយបន្ត និងត្រូវសុំទោសជាសាធារណៈឱ្យបានឆាប់រហ័សបំផុត។

​ក្រសួងបាន​លើកឡើងដូចនេះ តាមរយៈលិខិត​មួយច្បាប់ដែលចុះហត្ថលេខាដោយលោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការក្រសួង​វប្បធម៌និង​វិចិត្រសិល្បៈ ​ផ្ញើជូនលោក ឧកញ៉ា អ៊ឹង ឆៃងួន ចុះថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២៥ ទាក់ទងនឹងករណីផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កផលប៉ះពាល់ធ្ងន់ធ្ង​រដល់តថភាពពិត និងវប្បធម៌ប្រពៃណីជាតិ។ ​

លោក ស៊ុំ ម៉ាប់ បាន​លើកឡើងថា ៖ «​ខ្ញុំសូមជម្រាបជូន លោកឧកញ៉ាអគ្គនាយក ជ្រាបថា សង្ក្រាន្ត ជាពាក្យសំស្ក្រឹត មានប្រភពមកពីឥណ្ឌា និងមានន័យថារង្វិលជុំនៃពេលវេលាពេញមួយឆ្នាំ ហើយពាក្យសង្ក្រាន្ត មាននៅសិលាចារឹកនានា តាមប្រាសាទនៅតំបន់អង្គរ»។

យ៉ាងណាក្តីពិធីសង្ក្រាន្តនេះ បានក្លាយជាប្រពៃណីទំនៀមទម្លាប់ ដែលបានប្រារព្ធ រៀបចំដោយប្រ​ទេសមួយចំនួនដូចជា កម្ពុជា ឡាវ ថៃ ភូមា ជាដើម។ ការចុះបញ្ជីជាបេតិកភណ្ឌអរូបីរបស់ប្រទេសមួយ នឹងមិនប៉ះពាល់ដល់ការចុះបញ្ជី និងការប្រារព្ធរបស់បណ្តាប្រទេសផ្សេងទៀតទៅតាមប្រពៃណីទំនៀមទម្លាប់រៀងៗខ្លួននោះឡើយ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ស៊ុំ ម៉ាប់។​

លោកបានសង្កត់ធ្ងន់ថា ៖ «ផ្ទុយពីតថភាពពិតដូចបានបញ្ជាក់ជូនជាសង្ខេបខាងលើ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នេះ លោក មាស រិទ្ធី បានធ្វើការអត្ថាធិប្បាយនូវព័ត៌មានមិនត្រឹមត្រូវ ខ្វះចំណេះដឹងលើវិស័យនេះ និងខ្វះការពិគ្រោះ យោបល់ជាមួយស្ថាប័នពាក់ព័ន្ធ ថែមទាំងបានយកឈ្មោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកធ្វើជាអំណះអំណាង បន្ថែមទៀត»។

លោកបានបន្តថា ៖ «​ការអត្ថាធិប្បាយនេះបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃពិតនៃវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ ដ៏ផូរផង់របស់ជាតិ ជាពិសេសបានបង្កឱ្យមានការយល់ច្រឡំពីសាធា​រណជនទូទៅ ព្រមទាំងភាពរសើប និងភាពជ្រួល ច្របល់ក្នុងសង្គម»។​

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបញ្ជាក់ថា ក្រុមអ្នកនាំពាក្យរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែមួយគត់ដែលអាចជូនជាព័ត៌មានជាផ្លូវការតំណាងឱ្យក្រសួង រីឯការពិគ្រោះយោបល់ ឬ សាកសួរព័ត៌មានពីបុគ្គល ផ្សេងនឹងមិនតំណាងឱ្យមតិយោបល់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនោះទេ។​

សូមរម្លឹកផងដែរថា សម្តេចមហាធិបតីនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ធ្លាប់បាន​លើកឡើងកាលពីខែកុម្ភៈកន្លងមកថា កម្ពុជា​ តាមរយៈ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ គ្រោង​នឹងដាក់​ស្នើសុំ​ចុះប​ញ្ជី «​សង្ក្រាន្ត​កម្ពុជា​» នៅក្នុង​បញ្ជី​បេ​តិក​ក​ភណ្ឌ​អរូបី​យ​មនុស្សជាតិ​អង្គការ​យូណេស្កូដូច​ប្រទេស​ថៃ​ដែរ។

ជាមួយគ្នានោះ​ សម្តេចធិបតី​ ​ក៏បាន​ស្នើសុំ​កុំឱ្យ​មានការ​ឈ្លោះទាស់ទែង​គ្នា​រវាង​ប្រទេសជាតិ​ទាំង​ ២ និង​កុំ​បន្ត​យល់ច្រឡំ​បន្ថែមទៀត​រវាង​វប្បធម៌​នៃ​ប្រទេស​ទាំង​ ២ ​នេះ​។

ជាមួយគ្នានេះដែរ នៅតាមបណ្តា​រាជធានីខេត្តមួយចំនួន​ ក៏បានត្រៀមរៀបចំប្រារព្ធពិធីសង្រ្កានឆ្នាំថ្មី ឆ្នាំ​២០២៤នេះផងដែរ៕

Daily Program

Livesteam thumbnail