កាសែតភ្នំពេញប៉ុស្តិ៍ ប្រកាស​បញ្ឈប់ការបោះពុម្ពផ្សាយកាសែត​ទាំងភាសាខ្មែរ និងភាសាអង់គ្លេស

កាសែតភ្នំពេញប៉ុស្តិ៍ (Phnom Penh Post) ដែល​បានបង្កើតឡើងនៅខែកក្កដា ឆ្នាំ១៩៩២ បាន​ប្រកាសជាសាធារណៈនាថ្ងៃទី​១ ខែមីនា ឆ្នាំ២០២៤នេះដោយបានសម្រេចដោយសេចក្ដីសោកស្ដាយ បញ្ឈប់ការបោះពុ​ម្ពផ្សាយកាសែត ភ្នំពេញប៉ុស្តិ៍ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០​២​​៤ខាងមុខនេះ។

យោងតាម​សេចក្តីជូនដំណឹង​​បាន​ឱ្យដឹងថា​ តាំងពីមានវិបត្តិកូវីដ១៩ និងស្ថានភាពសេដ្ឋកិច្ចជាតិថមថយក្រោយកូវីដ១៩ ការផ្សាយពាណិជ្ជកម្មដែលជាចំណូលចម្បងរបស់កាសែតភ្នំពេញប៉ុស្តិ៍ បានបន្ត ធ្លាក់ចុះយ៉ាងខ្លាំង។

ប្រភពដដែល​បន្តថា ម្យ៉ាងទៀត ការវិវត្តយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម បានធ្វើឱ្យក្រុមហ៊ុនប្រឈម នឹងបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។ ម្ចាស់ភា​គហ៊ុនបានខិតខំបណ្តាក់ទុនបន្ថែម និងរកគ្រប់មធ្យោបាយដើម្បីស្ដារស្ថានភាព និងបង្កើនប្រា​ក់ចំណូល សម្រាប់ទ្រទ្រង់ដំណើរការក្រុមហ៊ុន និងបន្តការបោះពុម្ពផ្សាយកាសែតភ្នំពេញប៉ុស្តិ៍ដែលជាសារព័ត៌មានឯករាជ្យ វិជ្ជាជីវៈ និងមានអាយុកាលជាង ៣០ឆ្នាំ។

សេចក្តីជូនដំណឹង​បាន​បញ្ជាក់ថា ៖ «ការខិតខំប្រឹងប្រែងនេះ ​នៅតែមិនអាចទ្រទ្រ​ង់​ការខាតបង់ប​ន្តទៀតបាន ហេតុនេះម្ចាស់ភាគហ៊ុនបានសម្រេចដោយសេចក្ដីសោកស្ដាយ បញ្ឈប់ការបោះពុម្ពផ្សាយកាសែត ភ្នំពេញប៉ុស្តិ៍ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤»។

​សូមបញ្ជាក់ដែរថា កាសែតភ្នំពេញប៉ុស្តិ៍ បានបង្កើតឡើងនៅខែកក្កដា ឆ្នាំ១៩៩២ ដែលមានចា​ងហ្វាងជនជាតិអាមេរិក និងនិពន្ធនាយក​លោក ម៉ៃឃើល ហេយ៍ (Michael Hayes)។ ដំបូងឡើយ កាសែតនេះបានបោះពុម្ភផ្សាយរៀងរាល់ពីរសប្តាហ៍ម្តង ហើយបានកែប្រែជាកាសែតប្រចាំថ្ងៃ នៅឆ្នាំ២០០៨ បន្ទាប់ពីកាសែតនេះត្រូវបានលក់ទៅឲ្យអ្នកជំនួញជនជាតិអូស្ត្រាលី គឺលោក រ៉ូស ដាំងឃ្លី (Ross Dunkley) ដែលជាអ្នកបង្កើតក្រុមហ៊ុនប៉ុស្តិ៍មេឌា។ កាសែតភ្នំពេញប៉ុស្តិ៍ជាភាសាខ្មែរ បានសម្ពោធការចុះផ្សាយនៅឆ្នាំ២០០៩៕

Daily Program

Livesteam thumbnail