កម្ពុជា និងអ៊ីស្រាអែល បន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារដើម្បីផ្តល់ឱកាសថ្មីបន្ថែមដល់ពលរដ្ឋក្នុងការពង្រីកសមត្ថភាពជំនាញ​

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយនឹងលោក Eli Eliyahu Sneh (អែលី អែលីយ៉ាហ៊ូ ស្នេស) អគ្គទីប្រឹក្សានៃស្ថានទូតអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា និងថៃ នាថ្ងៃ​ទី២៧ ខែមីនា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួង។

ជំនួបនេះ បានផ្តោតលើការបន្តកិច្ចពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងកម្ពុជា និងអ៊ីស្រាអែល។ ​

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បាន​ថ្លែង​បញ្ជាក់ពីវឌ្ឍនភាពនៃកិច្ចពិភាក្សាដែលក្រុមការងារប​ច្ចេកទេសនៃភាគីទាំងពីរ បានសម្រេចកន្លងមកដើម្បីឈានដល់កិច្ចសហប្រតិបត្តិការមួយដែលនឹងផ្តល់ប្រយោជន៍ទៅកាន់ប្រជាជាតិទាំងពីរតាមរយៈការពង្រឹងសមត្ថភាពជំនាញបច្ចេកទេស ពង្រីកសមត្ថភាពបទពិសោធន៍ការងារនៅទីតាំងជាក់ស្តែង ក៏ដូចជាការបង្កើនកម្រិតជីវភាព។

បន្ថែមពីនេះ លោក ហេង​សួរ ក៏បានលើកឡើង​ពីគោលជំហររបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានក្រសួងជាសេនាធិការក្នុងការបន្តជំរុញកំណែទម្រង់មុតស្រួចដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាទទួលបានផលភាគកាន់តែច្រើនបន្ថែមទៀតប្រកបដោយតម្លាភាពដែលហូរចេញពីកិច្ចសហការនេះ។ ​

ត្រង់ចំណុចនេះ លោក អែលី អែលីយ៉ាហ៊ូ ស្នេស ក៏បានឯកភាពដែរថា មានតែការខិតខំប្រឹងប្រែងឱ្យកិច្ចសហការនេះជោគជ័យនិងរលូននោះទេ ទើបអាចឱ្យពលរដ្ឋទាំងសងខាងទទួលបានអត្ថប្រយោជន៍ជាអតិបរមាដែលនឹងជួយពូនជ្រុំបន្ថែមដល់កំណើនសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រទេសជាមិត្ត។​

ឆ្លៀតក្នុងឱកាសនោះ លោក ហេង សួរ​បានថ្លែងជម្រាបសមភាគីអំពីបទពិសោធរបស់កម្ពុជាដែលធ្លាប់សហការជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង និងបណ្តាប្រទេសផ្សេងៗទៀតលើវិស័យការងារនេះ ហើយពលរដ្ឋកម្ពុជាក៏កំពុងបន្តទទួលបានផលផ្លែផ្កាទាំងលើសមត្ថភាពជំនាញ និងកម្រិតជីវភាព។

ទន្ទឹមនឹងនេះ ​រដ្ឋមន្ត្រីក្រសួងការងារ​ ក៏បានណែនាំឱ្យក្រុមការងារបច្ចេកទេសរវាងប្រទេសទាំងពីរ បន្តពិភាក្សាលើចំណុចគោលៗបន្ថែមដើម្បីធ្វើឱ្យពលរដ្ឋកម្ពុជា និងអ៊ីស្រាអែលអាចទទួលផលភាគជាអតិបរមាចេញពីកិច្ចសហការនេះ៕​

Daily Program

Livesteam thumbnail