ឯកសារចំនួន ៦ ត្រូវបានចុះអនុស្សរណៈយោគយល់គ្នា រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ
សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា បានចូលរួមជាអធិបតីជាមួយ លោក យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ៦ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
យោងតាមបណ្តាញសង្គមតេឡេក្រាមរបស់សម្តេចធិបតី បានឱ្យដឹងថា អនុស្សរណៈយោគយល់គ្នាចំនួន៦នោះរួមមាន៖
១. ពិធីសារស្ដីពីវិសោធនកម្មក្របខ័ណ្ឌគម្រោង រវាង រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និង រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា លើហរិញ្ញប្បទាន ស្តីពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៦។
២. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ។
៣. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង អង្គភាពកម្មសិទ្ធិបញ្ញានៃសាធារណរដ្ឋកូរ៉េ ស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា។
៤. លិខិតបង្ហាញឆន្ទៈ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ស្តីពី ការគ្រប់គ្រងគ្រឿងញៀន រវាង អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលគយនៃសាធារណរដ្ឋកូរ៉េ ។
៥. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាជីវៈ រវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ។
៦. កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងកែលម្អផ្លូវជនបទ ជំហានទី៤ រវាង រាជរដ្ឋាភិបាលកម្ពុជា និងធនាគារនីហ័រណ- អាហ័រណកូរ៉េ។
បន្ទាប់ពីបានចូលរួមក្នុងពិធីចុះហត្ថលេខារួច សម្តេចធិបតី និងគណៈប្រតិភូ បានចូលរួមអាហារថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ និងភរិយា៕