រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យសមាគមខ្មែរកម្ពុជាក្រោម​ដង្ហែក្បួនតាមផ្លូវសាធារណៈ និងប្រមូលផ្តុំនៅមុខស្ថាន ទូតវៀតណាមឡើយ

រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញា​តឱ្យ​សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍​​ដង្ហែក្បួនតាមផ្លូវសាធារណៈ និងប្រមូលផ្តុំនៅមុខស្ថាន ទូតវៀតណាមឡើយ ដោយ​អា​ចធ្វើការជួបជុំគ្នាចំនួនប្រមាណ ១០០នាក់ នៅក្នុងវត្តសាមគ្គី រង្សី ខណ្ឌមានជ័យ ប៉ុន្តែ​ត្រូវមា​នការឯកភាពពីព្រះចៅអធិការវត្ត ខណៈសមាគមបានឯកភាព​ផងដែរ​។

យោងតាម​កំណត់ហេតុ​របស់​រដ្ឋបាល​រាជធានីភ្នំពេញកាលពី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២៤ បាន​ឱ្យដឹងថា ​​សាលារាជធានីភ្នំពេញ បាន​បើកកិច្ចប្រជុំពិភាក្សាស្តីពីការជូនដំណឹងជួបជុំអំពីការដង្ហែក្បួន និងប្រមូលផ្តុំគ្នានៅមុខស្ថានទូតវៀតណាម និងដាក់ញត្តិជូនស្ថានទូតវៀតណាម របស់សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍។

នាកិច្ចប្រជុំនោះ​ លោក គឹម ស៊ីសំណា តំណាងសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានលើកឡើងថា សមាគមនឹងរៀប​ចំដង្ហែក្បួន និងប្រមូល ផ្ដុំគា្ននៅមុខស្ថានទូតវៀតណាម និងដាក់ញត្តិជូនស្ថានទូតវៀតណាមផងដែរ​។

លោកបានបន្តថា ការដាក់ញត្តិនេះ​ ដើម្បីស្នើឱ្យ​មានការ​ដោះ​លែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោ​មដែលកំពុងជាប់ឃុំឱ្យមានសេរីភាពឡើងវិញ ដោយចាប់ផ្តើមចេញដំណើរពីវត្តសាមគ្គីរង្សីតា​មមធ្យោបាយយានជំនិះរៀងៗខ្លួន ហើយឆ្លងកាត់មហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុង និ​ងមហាវិថីព្រះមុនីវង្ស ឆ្ពោះទៅស្ថានទូតនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដោយមានអ្ន​កចូលរួមប្រមាណ ២០០​នាក់ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។​

​កំណត់ហេតុបានលើកឡើងថា ៖ «ម្ចាស់សំណើអាចចាត់តំណាងមិនលើសពីចំនួន ១០នាក់ ក្នុងការយកញត្តិរបស់ខ្លួនទៅដាក់នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជា​តិ ដើម្បីក្រសួងបញ្ចូនញត្តិទៅស្ថានទូតវៀតណាម ស្ថានទូតជប៉ុន ស្ថានទូតអូស្ត្រាលី ស្ថានទូតស​ហ​រដ្ឋអាមេរិក ស្ថានទូតសហភាពអឺរ៉ុប និងការិយា​ល័យឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា»។

​រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការសម្របសម្រួលជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ដើម្បីមកទទួលញត្តិពីម្ចាស់សំណើ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ «ករណីម្ចាស់សំណើមិនអនុវត្តតាមស្មារតីអង្គប្រជុំ ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន»។​

សូមរម្លឹកថា សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានចេញ​សេចក្តីប្រកា​សព័ត៌មានថា ​សមាគមខ្មែរកម្ពុជាក្រោម នឹងដង្ហែក្បួនពីវត្តសាមគ្គីរង្សី ឆ្ពោះទៅប្រមូលផ្ដុំគ្នានៅមុខស្ថានទូត និងដាក់ញត្តិជូនឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា។

ប្រភពដដែល​បន្តថា ការដង្ហែក្បួន និងប្រមូលផ្ដុំគ្នានៅមុខស្ថានទូតនេះ​ គឺដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាមបញ្ឈប់រាល់ទង្វើរំលោភបំពានសិទ្ធិមនុស្សមកលើ ខ្មែរក្រោម ព្រមទាំងដោះលែ​ងសកម្មជន និងព្រះសង្ឃខ្មែរក្រោមដែលកំពុងជាប់ឃុំដោយឥតលក្ខខណ្ឌ។

ក្នុងនោះរួមមាន ៖ ១/ ដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមចំនួន ១៣ អង្គ/រូប ដោយមាននៅខេត្តព្រះត្រពាំង ២ រូប, ខេត្តឃ្លាំង ២ រូប, ខេត្តលក់ហោរ ៩ អង្គ/រូប (ក្នុងនោះមានព្រះចៅ​អធិការវត្ដទ្រនំសេក ព្រះតេជព្រះ គុណ ថាច់ ច័ន្ទតារា និងព្រះសង្ឃ ៤ អង្គទៀត និងគ្រហស្ថ ៣ រូប)។

២/ សាងសង់សាលាឆទានឡើងវិញនៅខេត្តលង់ហោរ ដែលអាជ្ញាធរវៀតណាមបានវាយកម្ទេចរាបដល់ដី កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ថ្មីៗនេះ។

៣/ ទទួលស្គាល់ និងអនុញ្ញាតព្រះតេជព្រះគុណ គឹម សំរិន្ទ បានចូលមកក្នុងជំនុំសង្ឃ និងគង់នៅក្នុងវត្ត ឡើងវិញ។

៤/ បញ្ឈប់រាល់ការគំរាមកំហែងគ្រប់រូបភាពមកលើពលរដ្ឋខ្មែរក្រោម៕

Daily Program

Livesteam thumbnail