ក្រុមគ្រួសារ​អ្នកស្រឡាញ់​ឈើឆ្កាង​ព្រះយេស៊ូ​ទទួល​សមាជិក​ថ្មី

កាលពី​ថ្ងៃទី០១ ខែឧសភា នេះក្រុមគ្រួសារ​អ្នកស្រឡាញ់​ឈើឆ្កាង​ព្រះយេស៊ូ​​បាន​រៀបចំ​ពិធី​ទទួល​ពាក្យ​សច្ចា​ប្រណិធាន​របស់​យុវតី​ម្នាក់​ឈ្មោះ​ តេរេសា​ ឃឹម​ សុខា ជាលើក​ដំបូង នៅ​ក្រុង​កំពង់ចាម​ ក្រោម​អធិបតីភាព​របស់​លោក​​សិលា​ សួន ហង្សលី អភិបាល​ព្រះសហគមន៍កាតូលិកភូមិភាគកំពងចាម ដែល​មាន​អ្នក​ចូលរួម​យ៉ាង​ច្រើន​កុះករ។

ក្នុងធម្មទេសនាលោក សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម បានថ្លែងអំណរគុណដល់ក្រុមគ្រួសាររបស់បងស្រី តេរេសា ឃឹម សុខា ដែលបានចូលរួមក្នុងកម្មវិធីនៅថ្ងៃនេះ និង​បានប្រគល់កូនស្រីចូលក្រុមអ្នកបួស​ក្នុងភូមិភាគកំពង់ចាម។

លោកអភិបាលបានបន្តថា ការ​«ថ្វាយខ្លួនទៅព្រះជាម្ចាស់ ជាជំហានមួយដ៏សំខាន់ក្នុងជីវិត។ ការសម្រេចចិត្តរស់នៅរក្សាសព្រហ្មចារិនី រស់នៅដោយភាពក្រីក្រនិងស្តាប់បង្គាប់ ជារបៀបរស់នៅនាំឲ្យអ្នកដទៃឆ្ងល់ដែរ»។

លោក​អភិបាល​បន្ថែម​ថា ថ្ងៃនេះ ដូនជី​សុខា​បានប្រកាសពាក្យសច្ចាដោយស្ម័គ្រ​ចិត្ត​និងសេរីភាព និងដោយ​មានសេចក្តីស្រឡាញ់។ លោក​ថា «ទោះបីយើងថ្វាយខ្លួននិងអ្វីៗទាំងអស់ដែលយើងមាន បើអត់មានសេចក្តីស្រឡាញ់គឺអត់មានន័យទេ»។

លោក​អភិបាល​បានឲ្យ​គ្រីស្ត​បរិស័ទ​ទាំង​អស់​ចាប់​អារម្មណ៍​អំពី​​​តម្លៃកិច្ច​ការ​ដែល​ម្នាក់ៗ​ត្រូវ​ធ្វើ​។ លោក​ប្រាប់​ថា

ទោះបីការងារណាតូចតាចក៏ដោយ ឲ្យតែយើងធ្វើកិច្ចការនោះដោយចិត្តស្រឡាញ់ ដោយចិត្តស្មោះ ដោយភាពសុចរិតការងារនោះនឹងមានតម្លៃ ជាការងារដែលចូលរួមជាមួយព្រះជាម្ចាស់ ក្នុងការកសាងពិភពលោក។

ដូនជី តេរេសា ឃឹម សុខា បាន​ឲ្យដឹងថា គាត់ពិតជាមានអំណរសប្បាយ និងរំភើបចំពោះ​ការថ្វាយពាក្យសច្ចាក្នុងក្រុមគ្រួសារអ្នកស្រឡាញ់ឈើឆ្កាងព្រះយេស៊ូ​ក្នុងភូមិភាគកំពង់ចាមនេះ។

​បព្វជិតា​សុខាបន្ថែមថា  នេះ​ប្រហែល​ «មកពីក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ប្រទានឲ្យ​ ដែលផ្តល់ឱកាសឲ្យខ្ញុំដើរផ្លូវនេះម្តងទៀត។»

ដូនជីសុខា​ធ្លាប់​រៀន​បួស និង​បាន​ថ្វាយពាក្យ​សច្ចាប្រណិធាន​ម្តង​រួច​មក​ហើយ​ក្នុងក្រុម​គ្រួសារ​​ព្រះមាលា ដែល​មាន​ប្រភព​ពីប្រទេស​បារាំង និង​ដែល​មាន​បេសកកម្ម​នៅ​ក្នុងប្រទេស​កម្ពុជា​និង​អាហ្វ្រិក។​ ​ក្រុម​គ្រួសារបព្វជិតានេះបាន​បិទបេសកកម្ម​​​ព្រោះ​គ្មាន​សមាជិកចូលរួមកាលពី​ឆ្នាំ​២០១៩។ 

ដូនជី​ថ្មី​វ័យ​៣០ឆ្នាំ​រូប​នេះ បន្ត​ថា៖ «ពេលធ្វើជាបងស្រី គឺខ្ញុំចង់បម្រើព្រះសហគមន៍នៅស្រុកខ្មែរ ដោយសារនៅស្រុកខ្មែរ បងស្រីជាជនជាតិខ្មែរមានតិចណាស់ ដូច្នេះ ក្រុមគ្រួសារបងស្រីស្រឡាញ់ឈើឆ្កាងនេះជាក្រុមបងស្រីខ្មែរ នាំឲ្យខ្ញុំចង់ចូលរួម និងថ្វាយជីវិតក្នុងបេសកកម្មនេះ»។

ឆ្លងកាត់ជីវិត​ជា​អ្នក​បួស ហើយ​ត្រូវ​បាន​រៀន​សូត្រ​សាឡើងវិញ​ ដូនជី​រូបនេះ​បាន​ឲ្យដឹងថា គាត់​រងនូវ​សម្ពាធ​ផ្លូវ​ចិត្ត​ក៏​ច្រើន​ដែរ «យ៉ាងណាក៏ដោយទាំងអស់នេះជាគម្រោងការរបស់ព្រះជាម្ចាស់ ដែលព្រះអង្គបានធ្វើឲ្យខ្ញុំមើលឃើញថា ខ្ញុំមិនត្រូវអួតខ្លួនថាជាបងស្រីពីមុនមក ខ្ញុំត្រូវតែបន្ទាបខ្លួនដើម្បីទទួលព្រះយេស៊ូ។»

ក្នុងកិច្ចការ​បម្រើ​ព្រះជាម្ចាស់​ ដូនជី​រូប​នេះ បាន​ប្រាប់​ទៀតថា គាត់​នឹងប្រើ​ប្រាស់​អំណោយ​ទាន​របស់​ព្រះជាម្ចាស់​ដែល​បាន​ប្រទាន​ឲ្យគាត់​​ឲ្យ​អស់​ពី​លទ្ធភាព​។ គាត់និយាយទៀតថា «ខ្ញុំមានតែជំនឿ និងសេចក្តីស្រឡាញ់ ក្នុងការប្រកាសដំណឹងល្អតែប៉ុណ្ណោះ។»

តេរេសា ឃឹម សុខា កើតនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៨៤ ដែលមានស្រុកកំណើតនៅភូមិ សាមគ្គី សង្កត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ឪពុកឈ្មោះ យ៉ូហាន បូល ទី២ ឃឹម សាខន ម្តាយឈ្មោះ ម៉ារី សារាយ អូន ដែល​មាន​កូន​ចំនួន​៣នាក់ ក្នុងនោះ​ដូនជី​ សុខា ជាកូនច្បង។ គាត់​ទទួលអគ្គសញ្ញាជ្រមុជទឹក នៅថ្ងៃទី១១ មេសា ឆ្នាំ២០០៩។ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ បងស្រីបានថ្វាយពាក្យសច្ចាលើកទី១ក្នុងក្រុមគ្រួសារបងស្រីព្រះមាលា ។ ឆ្នាំ២០១៩-២០២១ គាត់​ធ្វើ​ជា​អ្នកស្ម័គ្រ​នៅ​តាម​ព្រះសហគមន៍​នានា​ដើម្បី​បន្ត​ស្វែងរក​ការត្រាស់ហៅ​របស់​ខ្លួន។ នៅខែកក្កដា ឆ្នាំ២០២១ យុវតី​រូបនេះ​បានសម្រេចចិត្តចូលផ្ទះណូវីស​នៃក្រុមអ្នក​ស្រឡាញ់ឈើឆ្កាងព្រះយេស៊ូ​ក្នុងភូមិភាគកំពង់ចាម។

លោក យ៉ូហាន ប៉ូល ឃឹម សាខន ជាឪពុក បាននិយាយថា ក្នុងនាមជាឪពុក ជាម្តាយតំណាងឲ្យក្រុមគ្រួសារទាំងមូល លោកពិតជាសប្បាយ និងរំភើបចិត្តយ៉ាងខ្លាំង ដែលកូនស្រីបានធ្វើពីធីសច្ចាលើកដំបូង។ លោកបានប្រាប់ទៀតថា៖ «ក្នុងនាមជាឪពុក ខ្ញុំសូមលើកទឹកចិត្តកូនស្រី ឲ្យតាំងចិត្តធ្វើជាបងស្រី រហូតដល់ចុងបញ្ចប់នៃជីវិតក៏នៅបន្តរស់នៅជាបងស្រី»។

ដូនជី​ ម៉ារី អាង សង្វាត ជា​ប្រធាន​ក្រុម​គ្រួសារ​អ្នកស្រឡាញ់​ឈើ​ឆ្កាងព្រះយេស៊ូ​នៅ​ប្រទេស​កម្ពុជា​ ឲ្យដឹងថា ក្នុងនាមជា​សមាជិក​ក្រុមអ្នក​បួស យើង​ទាំងអស់​គ្នា​ទទួលដូនជី​សុខា ដូចជាប្អូនរបស់យើង ជួយដាស់តឿន និងលើកទឹកចិត្តនៅពេលគាត់ធ្លាក់ទឹកចិត្ត និងជួយគាត់បន្តការសិក្សាតាមសមត្ថភាពដែលគាត់អាចធ្វើបាន ជាពិសេសជីវិតខាងផ្លូវវិញ្ញាណក្នុងក្រុម។

ដូនជី​ប្រធាន​បន្តថា ក្រោយពេលថ្វាយពាក្យសច្ចារួច ដូនជី​សុខា នឹងទៅបម្រើ​ការងារ​នៅ​ព្រះសហគមន៍ខេត្តក្រចេះ រួមជាមួយសមាជិក​ក្រុមម្នាក់ទៀត។

ក្រុម​គ្រួសារ​អ្នកស្រឡាញ់​ឈើ​ឆ្កាង​ព្រះយេស៊ូ​ មាន​បេសកកម្ម ជួយកិច្ចការក្នុងព្រះសហគមន៍ និងសហការជាមួយលោកបូជាចារ្យ​ទទួលខុសត្រូវក្នុងព្រះសហគមន៍ ជួយ​ក្នុង​វិស័យសិក្សា​ធិការ​របស់​ព្រះសហគមន៍​ដែលមាន​ដូចជា​សាលាមេត្តយ្យ វិទ្យាល័យ និង​មណ្ឌល​ស្នាក់នៅរបស់សិស្ស អប់រំជំនឿ និងការងារមួយ​ចំនួន​​ដែលជាតម្រូវការរបស់ព្រះសហគមន៍។

ក្រុមគ្រួសារបងស្រីស្រឡាញ់ឈើឆ្កាងក្នុងភូមិភាគកំពង់ចាមចាប់ផ្តើមឡើងនៅឆ្នាំ១៩៩៣ ដោយមានដូនជីជនជាតិថៃ២នាក់មកពីភូមិភាគអ៊ូប៊ុនរ៉ាចឆាថានី។ ក្រោយមកនៅឆ្នាំ ១៩៩៨  ម៉ារី អាង សង្វាត និង តេរេសា សួន ប៊ុនថារីន បានស្ម័គ្រចិត្តចូលទទួលការអប់រំជាជីវិតអ្នកបួស តាមធម្មនុញ្ញនៃក្រុមគ្រួសារស្រឡាញ់ព្រះឈើឆ្កាង ក្រោមការណែនាំ​និង​គាំទ្រ ដោយលោក អន់ដ្រេលឺស្វេស អតីតអភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគកំពង់ចាម​។ រហូតដល់ពេលបច្ចុប្បន្ននេះ ក្រុមគ្រួសារអ្នក​ស្រឡាញ់ឈើឆ្កាងព្រះយេស៊ូ​ក្នុងភូមិភាគកំពង់ចាមមានដូនជី​សរុប​ចំនួន​៩នាក់ ដែលក្នុងនោះ​អ្នក​បានថ្វាយពាក្យសច្ចានិរន្តរ៍មាន​ចំនួន​៤នាក់៕

 

 

ដោយ៖ម៉េង ភីឡុង

Daily Program

Livesteam thumbnail