ក្រសួងអប់រំ ពិនិត្យការប្រើប្រាស់បារីអេឡិចត្រូនិក និងចែកចាយបារីអេឡិចត្រូនិកក្នុងចំណោមយុវជន

លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគ​ណៈកម្មាធិការអន្តរក្រសួង ស្ដីពីសុខភាពសិក្សា បាន​បើកកិច្ចប្រជុំស្ដីពី ការកំណត់វិធានការឆ្លើ​យតបការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិកក្នុងចំណោមយុវជន​។

យោងតាម​ក្រសួង​បានលើកឡើងថា កិច្ច​ប្រជុំនេះ ក្រសួង​ និង​អ្នកពាក់ព័ន្ធ​ពិនិត្យស្ថានភាពការប្រើប្រាស់បារីអេឡិចត្រូនិក និងចែកចាយបារីអេឡិចត្រូនិកក្នុងចំណោមយុវជន។

កិច្ច​ប្រជុំ ក៏ពិភាក្សាស្វែងរកយន្តការ/វិធានការបន្ថែមដើម្បីបង្ការ និងទប់ស្កាត់ការប្រើប្រាស់ និងចែកចាយ បារីអេឡិចត្រូនិកផងដែរ។

យោងតាមរបាយការណ៍ ស្តីពីលទ្ធផលនៃការសិក្សារបស់នាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា ដែលគាំទ្រអង្គការចលនាដើម្បីសុខភាពកម្ពុជា បានធ្វើការប្រមូលទិ​ន្នន័យបឋមក្នុងចំណោមអ្នកចូលរួមដែលមានអាយុចាប់ពី១៥ ដល់៣៥ឆ្នាំ ចំនួន ១៣១៧នាក់ ក្នុងនោះស្រី ៤៤%។

ក្រសួងបានបញ្ជាក់ថា ៖ «លទ្ធផលបានបង្ហាញថា ៨២% នៃចម្លើយរបស់អ្នកចូលរួមបានបញ្ជាក់ថាធ្លាប់បានឃើញមានការប្រើប្រាស់បារីអេឡិចត្រូនិក ហើយធ្លាប់ឃើញមានប្រើជុំវិញបរិវេណគ្រឹះស្ថានសិក្សាចំនួន ១៦% នៅពេល ៩% ទៀតថាធ្លាប់ឃើញមានអ្នកលួចប្រើក្នុងបរិវេណគ្រឹះស្ថានសិក្សា»​។

ការសិក្សាថ្មីមួយរបស់អង្គការសុខភាពពិភពលោក ឆ្នាំ២០២២ បានបញ្ជាក់ពីគ្រោះថ្នាក់សុខភាពបង្កដោយការប្រើប្រាស់បារីអេឡិចត្រូនិក និងសារធាតុទឹកនីកូទីន ដែលនាំឱ្យខូចសួតជាដំណំ ធ្វើឱ្យមានផលប៉ះពាល់ដល់សរសៃប្រសាទ ជំងឺភ្លេចភ្លាំង និងធ្វើឱ្យរឹងសាច់ដុំបេះដូង និងរបត់ឈាមក្នុងសរីរាង្គកាយរបស់អ្នកប្រើប្រាស់ និងអ្នកស្រូបផ្សែងបារីនោះ។

ក្នុងគោលបំណងលើកកម្ពស់សុខភាពសិក្សារបស់កុមារ យុវជន និងធនធានមនុស្សជារួមឱ្យមា​នលទ្ធភាពអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សប្រកបដោយសក្ដានុពល ឆ្លើយតបនឹងទិសដៅអ​ភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិប្រកបដោយជោគជ័យ លោករដ្ឋមន្រ្តីក្រសួង​អប់រំ និងជា​ប្រធានគណៈកម្មាធិការអន្តរក្រសួង ស្តីពីសុខភាពសិក្សា បានណែនាំ និងលើកទឹកចិត្តជូនដល់សមាជិកអង្គប្រជុំ ពិនិត្យលទ្ធភាពរៀបចំកម្មវិធីការងារបន្តមួយចំនួនផងដែរ។

ក្នុងនោះរួមមានដូចខាងក្រោម ៖

(១). ក្រសួងអប់រំ យុវជន និងកីឡា ត្រូវរៀបចំក្រុមការងារ និងយន្តការបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធបារីអេឡិចត្រូនិកនៅក្នុងកម្មវិធីសិក្សា កម្មវិធីមិត្តអប់រំមិត្ត និងចេញជាសេចក្តីណែនាំប្រើយន្តការក្រុមប្រឹក្សាកុមារ/យុវជន ធ្វើការត្រួតពិនិត្យទៀងទាត់ជាប្រចាំ ឆែកឆេរ និងរឹបអូស ធ្វើការផ្សព្វផ្សាយតាមបណ្ដាញសង្គមផុលផុស។

(២). មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ខណ្ឌ ស្រុក ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន រៀបចំស្លាកហាមឃាត់តាមជុំវិញគ្រឹះស្ថានសិក្សា និងទីសាធារណៈ។ ត្រូវចុះហាមឃាត់ បង្ក្រាប ដកហូត ការប្រើប្រាស់ ការចរាចរ បារីអេឡិចត្រូនិកជុំវិញគ្រឹះស្ថានសិក្សា និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សហគមន៍មាតាបិតាសិស្ស។

(៣). ក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធត្រូវពិចារណាលើការរៀបចំអនុក្រឹត្យ ស្ដីពីការហាមឃាត់ការប្រើប្រាស់ និងកម្រិតទោសទណ្ឌពាក់ព័ន្ធការប្រើប្រាស់ ការធ្វើចរាចរណ៍ ការផ្សព្វផ្សាយផលិតផលអេឡិចត្រូនិក។

(៤). នាយកដ្ឋានសុខភាពសិក្សា និងអង្គការចលនាដើម្បីសុខភាពកម្ពុជា ត្រូវពិនិត្យតួលេខ និងអក្ខរាវិរុទ្ធនៃរបាយការណ៍សិក្សាឱ្យបានត្រឹមត្រូវមុនធ្វើការផ្សព្វផ្សាយជាសាធារណៈ។

(៥). គួរពិចារណាពង្រីកការសិក្សាស៊ីជម្រៅ និងបង្ហាញពីគ្រោះថ្នាក់សុខភាព សុវត្ថិភាពសង្គម សន្តិសុខសណ្ដាប់ធ្នាប់ ដែលបង្កដោយការប្រើប្រាស់បារីអេឡិចត្រូនិក។

លោក ហង់ជួន ណារ៉ុន បានលើកឡើងថា ៖ «ដើម្បីបង្ការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិ​កចំណោមយុវជនប្រកបដោយប្រសិទ្ធភាពខ្ពស់ ទាមទារកិច្ចសហការពីស្ថាប័នមានសមត្ថកិច្ច ក្នុ​ងការចាត់វិធានការលើការចែកចាយលក់បារីអេឡិចត្រូនិក ជាពិសេសតាមប្រព័ន្ធអនឡាញ ការច​រាចរដោយសេរីនៃផលិតផលនេះ»។

លោកបានបន្តថា មួយវិញទៀត អ្វីដែល​មិនអាចខ្វះបានឡើយការចូលរួមគាំទ្រពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍។

លោកក៏​បានស្នើឱ្យក្រសួងពាក់ព័ន្ធ​ ត្រូវ​ពិភាក្សាឱ្យបានផុលផុស បង្កើតធាតុចូល ឈានទៅដាក់ចេ​ញវិធានការ/យន្តការបន្ថែម ដើ​ម្បីទប់ស្កាត់ការប្រើប្រាស់ ការចែកចាយលក់ និងការចរាចរ បារីអេឡិចត្រូនិក ដើម្បីកុមារ និងយុវជនជំនាន់ក្រោយ ប្រកបដោយសុខភាពផ្លូវកាយ និងផ្លូវចិត្តក្នុងការរួមចំណែកកសាងប្រទេសយើងឱ្យកាន់តែរីកចម្រើន៕

Daily Program

Livesteam thumbnail