សារលិខិតរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ សម្រាប់ ទិវាពិភពលោកនៃជីដូនជីតា និងមនុស្សចាស់ លើកទី៣

សារលិខិតរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ

សម្រាប់ ទិវាពិភពលោកនៃជីដូនជីតា និងមនុស្សចាស់ លើកទី៣

(នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣)

 

«ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា
ដល់​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គនៅ​គ្រប់​ជំនាន់​ត​រៀង​ទៅ» (លក ១,៥០)

បងប្អូនជាទីស្រឡាញ់!

«ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ដល់​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គនៅ​គ្រប់​ជំនាន់ត​រៀង​​ទៅ»
(លក ១,៥០) ។ នេះជាប្រធានបទ សម្រាប់ទិវាពិភពលោកសម្រាប់ជីដូនជីតា និងមនុស្សចាស់ លើកទី៣។ ប្រធានបទនេះ នាំយើងត្រឡប់ទៅការជួបគ្នាដោយអំណរសប្បាយរវាង យុវនារី ម៉ារី និងបងស្រីអេលីសាបិត ដែលមាន
វ័យចំណាស់ (លក ១,៣៩-៥៦)។  នាងអេលីសាបិតបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ថ្លែងទៅកាន់មាតារបស់ព្រះជាម្ចាស់ ដោយពាក្យសំដីដែលរាប់ពាន់ឆ្នាំក្រោយមក បន្តបន្លឺឡើងនៅក្នុងការអធិដ្ឋានប្រចាំថ្ងៃរបស់យើង៖
«ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ពរ​ដល់​នាង​លើស​ស្ត្រី​នានា ហើយ​ព្រះ‌អង្គ​ក៏​ប្រទាន​ពរ​ដល់​បុត្រ​នាង​ដែរ។» (លក ១,៤២)។ ព្រះវិញ្ញាណដ៏វិសុទ្ធដែលបានសណ្ឋិតលើនាងម៉ារី បានជំរុញនាងឲ្យឆ្លើយតបដោយពាក្យ អស់ពីដួងចិត្ត (Magnificat) ដែលនាងបានប្រកាសថា ធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ ស្ថិតនៅគ្រប់ជំនាន់តរៀងទៅ។
ព្រះវិញ្ញាណដ៏វិសុទ្ធ ប្រទានពរ និងអមដំណើររាល់ការជួបគ្នាប្រកបដោយផ្លែផ្ការវាងមនុស្សជំនាន់ផ្សេងៗគ្នា រវាង​ជីដូន​ជីតា និង​ចៅៗ រវាង​ក្មេងៗ និង​មនុស្ស​ចាស់។ ព្រះជាម្ចាស់​សព្វព្រះហឫទ័យ​ឲ្យ​មនុស្ស​វ័យ​ក្មេង ​នាំ​មក​នូវ​អំណរ​សប្បាយដល់​​មនុស្ស​ចាស់ ហើយ​ទទួល​បាន​ប្រាជ្ញា​ពី​បទពិសោធន៍​របស់​ពួក​គេ ដូចនាងម៉ារីបានធ្វើចំពោះនាង
អេលីសាបិត។ ប៉ុន្តែ សំខាន់ជាងនេះទៅទៀត ព្រះអម្ចាស់​មិនចង់ឲ្យយើងទុកមនុស្សចាស់ឲ្យនៅតែឯង ហើយ
កុំឲ្យយើងបោះបង់ពួកគេចោល ឲ្យទៅជាយនៃជីវិត  ដូចអ្វីដែលជាអកុសលបានកើតឡើងជាញឹកញាប់សព្វថ្ងៃនេះ។

ឆ្នាំនេះ ការប្រារព្ធទិវាពិភពលោកសម្រាប់ជីដូនជីតា និងមនុស្សចាស់ និងការប្រារព្ធទិវាយុវជនពិភពលោកស្ថិតនៅជិតគ្នា។ ការប្រារពិធីទាំងពីរនេះរំឭកយើងអំពី «ការប្រញាប់» ( លក១,៣៩ ) ដែលនាងម៉ារីបានចេញទៅ
សួរសុខទុក្ខនាងអេលីសាបិត។ ហេតុនេះ ពួកគេ​អញ្ជើញ​យើង​ឲ្យ​គិត​អំពី​ចំណង​មិត្តភាព​រវាងយុវជន ​និង​មនុស្ស
ចាស់។ ព្រះអម្ចាស់រំពឹងថា តាមរយៈទំនាក់ទំនងរបស់យុវជនជាមួយមនុស្សចាស់ ពួកគេនឹងទទួលបាននូវការត្រាស់ហៅឲ្យរក្សាការចងចាំ និងទទួលស្គាល់សោភណភាពនៃការក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្រដ៏ធំ។ មិត្តភាពជាមួយមនុស្សចាស់ អាចជួយយុវជនមិនឲ្យមើលឃើញជីវិតត្រឹមតែបច្ចុប្បន្ន ហើយដឹងថាអ្វីៗទាំងអស់មិនអាស្រ័យតែលើសមត្ថភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ។ សម្រាប់មនុស្សចាស់ វត្តមានរបស់យុវជនក្នុងជីវិតរបស់ពួកគេ អាចផ្តល់ឲ្យពួកគេនូវក្តីសង្ឃឹមថា បទពិសោធន៍របស់ពួកគេនឹងមិនបាត់បង់ឡើយ ហើយក្តីសុបិន្តរបស់ពួកគេអាចក្លាយជាការពិត។ ដំណើររបស់នាងម៉ារីទៅសួរសុខទុក្ខនាងអេលីសាបិត និងការយល់ដឹងអំពីធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ ឆ្លងពីមួយជំនាន់ទៅមួយជំនាន់ ជួយបង្ហាញថា យើងមិនអាចឆ្ពោះទៅមុខតែម្នាក់ឯង និងមិនអាចសង្គ្រោះខ្លួនឯងបានឡើយ ហើយវត្តមាន និងសកម្មភាពរបស់ព្រះជាម្ចាស់ តែងតែជាផ្នែកដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្រ្តនៃមនុស្ស។ នាងម៉ារីផ្ទាល់បានថ្លែងសេចក្តីនេះនៅក្នុងពាក្យអធិដ្ឋាន Magnificat នៅពេលដែលនាងពោរពេញដោយអំណរនៅក្នុង
ព្រះជាម្ចាស់ ដ្បិតទ្រង់បានសំដែងការអស្ចារ្យជាថ្មី និងស្មានមិនដល់ ស្របតាមព្រះបន្ទូលសន្យាជាមួយលោក
អាប្រាហាំ (លក ១,៥១-៥៥)

ដើម្បីយល់កាន់តែច្បាស់អំពីរបៀបដែលព្រះជម្ចាស់ប្រព្រឹត្ត ចូរយើងចាំថា ជីវិតរបស់យើងត្រូវរស់នៅឲ្យបានពេញលេញ ដ្បិតក្តីសង្ឃឹម និងក្តីសុបិនដ៏អស្ចារ្យបំផុតរបស់យើង មិនអាចសម្រេចបានភ្លាមៗនោះទេ ប៉ុន្តែ វាត្រូវឆ្លងកាត់ការរីកចម្រើន និងភាពចាស់ទុំក្នុងការសន្ទនា និងទំនាក់ទំនងជាមួយអ្នកដទៃ។ ហេតុនេះហើយបានជា អស់អ្នកដែលផ្តោតតែលើបច្ចុប្បន្ន លើលុយ និងទ្រព្យសម្បត្ដិ លើ «ការមានទាំងអស់ឥឡូវនេះ» ជាអ្នកបាត់បង់នូវការមើលឃើញសកម្មភាពរបស់ព្រះជាម្ចាស់។ គម្រោងការនៃសេចក្តីស្រឡាញ់របស់ព្រះអង្គ លាតសន្ធឹងពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល គ្របដណ្តប់ និងភ្ជាប់គ្រប់ជំនាន់។ គម្រោងការរនេះហួសពីគំនិតរបស់យើង ប៉ុន្តែយើងម្នាក់ៗមានសារសំខាន់ ហើយអញ្ជើញយើងឲ្យបន្តដំណើរទៅមុខគ្រប់ពេលវេលា។ សម្រាប់យុវវ័យ នេះគឺជាការប្រុងប្រៀបរំដោះខ្លួន ឲ្យរួចពីវត្តមានដ៏ខ្លីមួយ ដែលការពិតនិម្មិតអាចចាប់យើង ដោយរារាំងយើងពីការធ្វើអ្វីមួយដែលមានប្រយោជន៍។ សម្រាប់​មនុស្ស​ចាស់ នេះ​មាន​ន័យ​ថា ​កុំរស់​នៅលើការបាត់បង់​កាយសម្បទា ហើយក៏មិនត្រូវ​សោកស្ដាយ​ចំពោះ​ឱកាស​ដែលបាន​បាត់បង់។  ចូរយើងសម្លឹងទៅអនាគត! ចូរទុកឲ្យព្រះហឫទ័យប្រណីសន្តោសរបស់
ព្រះជាម្ចាស់ កែឆ្នៃខ្លួនយើង ដោយរំដោះយើងគ្រប់ជំនាន់ពីនិចលភាព និងពីការសោកស្តាយអតីតកាល។

ក្នុង​ការ​ជួប​គ្នា​រវាងនាងម៉ារី និងនាង​អេលីសាបិត រវាងយុវជន ​និងមនុស្ស​ចាស់ ព្រះ​ជាម្ចាស់ផ្តល់​អនាគតរបស់​​ព្រះអង្គមកឲ្យ​យើង។ ជាការពិតណាស់ ការសួរសុខទុក្ខរបស់នាងម៉ារី និងការស្ចាគមន៍របស់អេលីសាបិត បើកទ្វារសម្រាប់ការសំដែងអំពីការសង្គ្រោះ ៖ តាមរយៈការឱបរបស់អ្នកទាំងពីរ ធម៌មេត្ដាករុណារបស់ព្រះជាម្ចាស់ បានចូលក្នុងប្រវត្តិសាស្ត្រមនុស្សដោយស្ងៀមស្ងាត់ និងពោលពេញដោយអំណរដ៏លើសលប់។ ខ្ញុំលើកទឹកចិត្តអ្នករាល់គ្នា
ឲ្យសញ្ជឹងគិតអំពីការជួបគ្នានេះ ដោយស្រមៃឃើញការឱបក្រសោបរវាងមាតាវ័យក្មេងរបស់ព្រះជាម្ចាស់ និងម្តាយចាស់របស់សន្តយ៉ូហានបាទីស្ត ហើយសូមបង្ហាញរូបភាពនេះដូចជារូបថតមួយសន្លឹកនៅក្នុងចិត្ត និងឆ្លាក់នៅក្នុងព្រលឹងដូចជារូបអ៊ីកូនមួយ (Icon) ដែលភ្លឺថ្លាពីខាងក្នុង។

បន្ទាប់មកទៀត ខ្ញុំសូមអញ្ជើញអ្នករាល់គ្នា ឲ្យឆ្លងពីការស្រមើស្រមៃ ទៅរកសកម្មភាពជាក់ស្តែង ដោយកាយវិការមួយដើម្បីឱបជីដូនជីតា និងមនុស្សចាស់។ សូមកុំ​បោះ​បង់​ពួក​គេឲ្យនៅតែឯង។ វត្តមានរបស់ពួកគេនៅក្នុងគ្រួសារ និងសហគមន៍ ជាអ្វីមួយដ៏មានតម្លៃ ព្រោះវារំឭកយើងថា យើងចែករំលែកមរតកតែមួយ និងធ្វើជាផ្នែកមួយនៃប្រជាជនដែលរក្សាឫសគល់របស់ខ្លួន។ តាមរយៈ​មនុស្ស​ចាស់ យើង​បាន​ទទួល​អំណោយ​ជា​កម្មសិទ្ធិនៃប្រជា​រាស្ដ្រ
ដ៏វិសុទ្ធ​របស់ព្រះអង្គ។​ ព្រះសហគមន៍ ក៏​ដូច​ជា​សង្គមដែរ គឺ​ត្រូវ​ការ​ពួក​គេ ពី​ព្រោះ​ពួក​គេ​រៀបចំ​អតីតកាលសម្រាប់​បច្ចុប្បន្ន​ ដែលជាតម្រូវការដ៏ចាំបាច់​សម្រាប់កសាង​អនាគត។ ចូរ​យើង​គោរព​ពួកគេ កុំឲ្យយើងចាកចេញពីការរួមដំណើររបស់ពួកគេ ហើយកុំឲ្យពួកគេចាកចេញពីការរួមដំណើររបស់យើង។ ​សូមកុំបោះបង់មនុស្សចាស់ចោលឡើយ!

ទិវាពិភពលោក សម្រាប់ជីដូនជីតា និងមនុស្សចាស់ មានន័យថា ជាអ្វីមួយដ៏តូច ប៉ុន្តែជាសញ្ញាដ៏មានតម្លៃនៃ
ក្តីសង្ឃឹមសម្រាប់ពួកគេ និងសម្រាប់ព្រះសហគមន៍ទាំងមូល។ ខ្ញុំសូមបន្តការអញ្ជើញរបស់ខ្ញុំទៅកាន់អ្នករាល់គ្នា
- គ្រប់ភូមិភាគ ព្រះសហគមន៍ សមាគមន៍ និងសហគមន៍ - ឲ្យប្រារព្ធទិវានេះ និងធ្វើឲ្យវាក្លាយទៅជាឱកាសមួយនៃអំណរសប្បាយ និងបន្តការជួបជុំគ្នារវាងយុវជន និងមនុស្សចាស់។  ចំពោះ​យុវជន ​ដែល​ត្រៀមខ្លួន​​ទៅជួបជុំនៅ​ទីក្រុង
លីសបន (Lisbon) ឬ​ប្រារព្ធទិវា​យុវជន​ពិភពលោក​នៅ​ក្នុង​ប្រទេស​របស់ខ្លួន ខ្ញុំ​ចង់​ផ្តាំផ្ញើថា៖ មុន​ពេល​កូនៗចេញដំណើរ សូម​ទៅ​សួរសុខទុក្ខ​ជីដូន​ជីតា​របស់ខ្លួន ឬ​មនុស្ស​ចាស់​ដែល​រស់​នៅ​ម្នាក់​ឯង! ការអធិដ្ឋានរបស់ពួកគេនឹងតាមការពារកូន ហើយកូននឹងទទួលព្រះពរពីការជួបគ្នានោះ នៅក្នុងចិត្ត។ សម្រាប់មនុស្សចាស់ក្នុងចំណោមពួកយើង
ខ្ញុំសូមឲ្យរួមដំណើរជាមួយយុវជន ដែលកំពុងត្រៀមខ្លួនប្រារព្ធទិវាយុវជនពិភពលោកដោយការអធិដ្ឋាន។ យុវជនទាំងនោះ គឺជាចម្លើយរបស់ព្រះជាម្ចាស់ចំពោះការអធិដ្ឋានរបស់អ្នករាល់គ្នា ជាផលផ្លែនៃអ្វីៗ​ដែលអ្នករាល់គ្នាបានសាបព្រោះ ហើយជាសញ្ញាបញ្ជាក់ថា ព្រះជាម្ចាស់មិនបោះបង់រាស្ដ្ររបស់ព្រះអង្គចោលឡើយ ប៉ុន្តែ តែងតែធ្វើឲ្យពួកគេ មានភាពរស់រវើកឡើងវិញ ដោយការច្នៃប្រឌិតរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។

ជីដូនជីតាជាទីស្រឡាញ់ លោកតា លោកយាយជាទីគោរព សូមឲ្យព្រះពរនៃការឱបក្រសោបរវាងនាងម៉ារី និងនាងអេលីសាបិត កើតមានដល់អ្នក ហើយបំពេញដួងចិត្តរបស់អ្នករាល់គ្នាដោយសន្តិភាព។ ខ្ញុំ​សូមប្រទាន​ពរ​អ្នក​រាល់គ្នាដោយក្តីស្រឡាញ់ដ៏ខ្ពង់ខ្ពស់ ។ ហើយ​សូមអ្នករាល់គ្នា​អធិដ្ឋាន​សម្រាប់​ខ្ញុំ​ផង​។

ធ្វើនៅទីក្រុងរ៉ូម ព្រះវិសាលវិហារសន្តយ៉ូហាន ឡាត្រង់

ក្នុងឱកាសបុណ្យគោរព ការសួរសុខទុក្ខរបស់ព្រះនាងម៉ារី
ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣

សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ

 

Daily Program

Livesteam thumbnail