សូមកុំប្រហែស! អង្ករនៅលើទីផ្សារកំពុងតែឡើងថ្លៃ

តម្លៃអង្ករគីឡូឡើងតាមគីឡូ ខណៈអង្ករបេឡើងតាមបេ ដោយអ្នកលក់បានអះអាងថា មួយគីឡូឡើងថ្លៃពី ៥០០ ទៅ ៧០០ រៀល ខណៈអង្កេបេឡើងថ្លៃនៅក្នុងមួយបេ ទម្ងន់៥០ គីឡូក្រា​ម​ដល់ទៅ ពី ៣០.០០០ ទៅ ៤០.០០០ រៀល ។​

ស្ថិតនៅក្នុងស្ថានភាពនេះអ្នកសេដ្ឋកិច្ច និងជំនាញពាក់ព័ន្ធសូមកុំធ្វេសប្រហែស​ដើម្បីការពារ នូវហានិភ័យណាមួយដែលបានកើតមានឡើងពាក់ព័ន្ធនឹងអតិផរណានៃតម្លៃស្បៀងនៅក្នុងប្រទេសយើងខណៈដែលនៅប្រទេសផ្សេងៗនៅក្នុងតំបន់ មានថៃ​ ហ្វីលីពិន ឥណ្ឌូនេស៊ីជាដើម គឺកំពុងតែយកចិត្តទុកដាក់ខ្លាំងណាស់​។

ក្រៅពីប្រទេសទាំងនេះ ប្រទេសឥណ្ឌាឯណោះវិញ ដែលគេដឹងថា ជាប្រទេសដែលនាំចេញអង្ករដល់ទៅ​៤០ ភាគរយ នៃតម្រូវការនៅលើពិភពលោក ក៏ត្រូវបានគេរំពឹងថា អាចនឹងរិតបន្តឹង ការនាំចេញផងដែរ ដោយសារតែក្តីបារម្ភអំពីបញ្ហាអតិផរណាតម្លៃអង្ករនៅក្នុងស្រុក ខណៈដែល ឥណ្ឌាក៏ទទួលរងការគំរាមកំហែងដោយបាតុភូត អែលនីណូ ដែលជះឥទ្ធិពល ខ្លាំងដល់ផលិតកម្មស្បៀងអាហារនៅអាស៊ីអគ្នេយ៍ និង ប្រទេសមួយចំនួន ។

នៅក្នុងករណីដែលឥណ្ឌារិតបន្តឹងការនាំចេញ ប្រទេសដែលត្រូវការស្បៀងនឹងរត់រកប្រទេស ដែលនៅបើកចំហរ ហើយនេះគឺជាឱកាសហើយក៏ជាហានិភ័យមួយសម្រាប់កម្ពុជា ដែលមកដល់ពេលនេះជាប្រទេសនាំចេញជាប់លំដាប់មួយនៅក្នុងចំណោមប្រទេសនាំចេញអង្ករធំៗទាំង១០ នៅលើពិភពលោកដែរ។​​

ចំណុចមួយដែលយើងគួរតែកត់សំគាល់ទាក់ទងនឹងតម្លៃអង្ករឡើងថ្លៃនេះ គឺកើតមាននៅពេ​ល​ដែល កសិករកំពុងតែច្រូតស្រូវរដូវវស្សា ខណៈដែលសិ្ថតិក្រសួងកសិកម្ម បានបង្ហាញថា ការបង្កបង្កើនផលស្រូវឆ្នាំ២០២៣ សម្រេចបានប្រមាណជា ៣,៦ ហិកតា ហើយបានប្រមូលសរុប រួចរាល់ ៦,២ លានតោន ដោយឡែកការនាំចេញនៅក្នុងរយៈពេលដដែលក៏ ប្រមាណជា ៦,២ លានតោនដែរជាមួយនឹងតម្លៃ​ប្រមាណជា ៣,៥ ពាន់លានដុល្លារ ។

តាមការប្រកាសរបស់ក្រសួងកសិកម្ម កម្ពុជារំពឹងថា នឹងអាចទទួលបានផលស្រូវសរុប ៦,៣ លានតោនទៀត ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនេះគឺជាការព្យាករណ៍ ហើយការព្យាករណ៍អាចនឹងមិនដូចការរំពឹងទុក ក៏ថាបាន ដូច្នេះសូមយកចិត្តទុកដាក់។​

សរុបមកវិញនេះគឺគ្រាន់តែជាការកន្ត្រាក់អារម្មណ៍មួយប៉ុណ្ណោះ ហើយយើងខ្ញុំសង្ឃឹមថា ជំ​នាញ លោកបានដឹងរឿងនេះអស់និង បានត្រៀមលក្ខណៈក៏ដូចជាសិក្សាបានច្បាស់លាស់រួចហើយលើកិច្ចការនេះ ស្របពេលដែល អង្កគឺជាស្បៀងសំខាន់បំផុតរបស់កម្ពុជា៕

 

 

Daily Program

Livesteam thumbnail