សកម្មភាពដែលប្រជាពលរដ្ឋខ្មែរធ្វើក្នុងពេលចូលឆ្នាំថ្មី

នៅក្នុងខណៈពេលដែលពលរដ្ឋកម្ពុជាទាំងអស់កំពុងតែរៀបចំទទួលអំណរសប្បាយឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះ ប្រជាជនកម្ពុជាទាំងអស់នឹងធ្វើសកម្មភាពដូចជា

-  ការជួបជុំគ្រួសារ គឺប្រជាជនតែងតែមកជុំគ្នានៅផ្ទះដែលមានឪពុកម្តាយនិងកូនៗនិងចៅ ដើម្បីអបអរសប្បាយពេលចូលឆ្នាំ ចែករំលែកអាហាររួមគ្នា និងធ្វើបុណ្យឧទ្ទិសកុសលសម្រាប់បុព្វការីជន។

-  ម្យ៉ាងទៀត ពួកគាត់ទៅវត្តឬព្រះវិហារប្រសិនបើជាគ្រីស្តបរិស័ទកាតូលិក ដើម្បីអធិដ្ឋានដល់ដូនតារបស់ខ្លួន និងដើម្បីទទួលព្រះពរឆ្នាំថ្មីដែរ។ ឬអាចនិមន្តព្រះសង្ឃមកផ្ទះសូត្រមន្ត ឬសម្រាប់គ្រីស្តបរិស័ទកាតូលិក គឺអញ្ជើញលោកបូជាចារ្យកាតូលិកទៅផ្ទះរបស់ខ្លួនដើម្បីអធិដ្ឋាននិងបាចទឹកព្រះពរដល់គេហដ្ឋាន។

-  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក៏មានលែងល្បែងប្រជាប្រិយខ្មែរ ដូចជាបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែងនិងល្បែងប្រជាប្រិយជាច្រើនទៀត។ ល្បែងទាំងនេះ គឺជាឱកាសដែលនាំឲ្យយុវជនអាចស្គាល់គ្នា ព្រោះក្នុងពេលចូលឆ្នាំគ្រួសារដែលមានកូនស្រីៗ បានអនុញ្ញាតឲ្យកូនរបស់ពួកគាត់ចេញពីផ្ទះនិងចូលរួមលែងកំសាន្តជាមួយកំលោះឯទៀតៗ។

-  ជាមួយគ្នានេះដែរ ក្មេងចាស់ប្រុសស្រីទាំងអស់ជួបជុំគ្នារាំលែងកំសាន្តនូវចង្វាក់ភ្លេងប្រពៃណីជាតិដែលមានដូចជារាំវង់ រាំក្បាច់ សារ៉ាន់ ឡាំលាវជាដើម ដោយចូលរួមមិនប្រកាន់វណ្ណៈឬពណ៌សម្បុរឡើយ។

-  ផ្ទះនីមួយៗត្រូវបានបោសសម្អាតនិងរៀបចំដើម្បីទទួលទេវតាឆ្នាំថ្មី ដែលត្រូវយាងមក ដូច្នេះ ទឹកជានិមិត្តរូបសំខាន់សម្រាប់លាងសម្អាតអ្វីៗដែលមិនល្អចេញពីផ្ទះ និងពីមនុស្សផងដែរ។ កូនចៅបានធ្វើពិធីស្រង់ព្រះ និងសម្អាតកាយជូនចាស់ៗដែលជាជីដូនជីតា និងឪពុកម្តាយព្រមទាំងជូនសម្លៀកបំពាក់ថ្មីជូនលោកទាំងអស់ផង ជាការដឹងគុណ និងសុំពរពីលោក។

យើងឃើញថាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺមានកិច្ចការជាច្រើនដែលត្រូវធ្វើ ជាមូយគ្នានេះ យើងខ្ញុំសូមឆ្លៀតឱកាសនេះជូនពរលោកអ្នក ជាអ្នកគាំទ្រការងារយើងខ្ញុំអោយជួបតែសំណាងល្អ សុភមង្គល និងអំណរសប្បាយគ្រប់ៗគ្នា។

ឆ្នាំថ្មី ដែលគេនិយមហៅថា «សង្រ្កាន្តឆ្នាំថ្មី» នឹងចូលមកនៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំរោង ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា គ.ស. ២០២៤ វេលាម៉ោង២២ និង២៤នាទី។

សូមឲ្យឆ្នាំថ្មីនេះ លោកអ្នកកែប្រែចិត្តគំនិតដើម្បីទទួលអ្វីដែលថ្មីនិងល្អ។ សូមព្រះជាម្ចាស់ប្រទានពរសព្វសាធុការដល់លោកអ្នកជានិច្ច៕

Daily Program

Livesteam thumbnail