គ្រឿងញៀនរំពឹងថា ថយចុះនៅក្នុងឆ្នាំ២០២៤

ជាមួយនឹងវិធានការណ៍ដ៏ក្តៅដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកាលពីចុងឆ្នាំ២០២៣ កន្លងទៅសង្ឃឹមថា នៅក្នុងឆ្នាំ២០២៤នេះ ករណីគ្រឿងញៀននៅកម្ពុជានឹងធ្លាក់ចុះឆ្លើយតប នឹងវិធានការណ៍ដែលដាក់ចេញ ។

នៅក្នុងខែធ្នូឆ្នាំ២០២៣ ជិតដាច់កន្លងទៅរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបានប្រកាសថា មន្រ្តីសមត្ថកិច្ចនិងកងកម្លាំងទោះជាថ្នាក់ណា ក៏ដោយអោយតែរកឃើញថា ពាក់ព័ន្ធនឹងគ្រឿងញៀន ឬខ្លួនឯងជាអ្នកអនុវត្តច្បាប់ជាអ្នក ប្រើប្រា​ស់គ្រឿងញៀនដែរនោះ នឹងត្រូវបណ្តេញចេញពីក្រមខណ្ឌទាំងអស់។​

ក្រោយពេលដែលបានដាក់ចេញនូវវិធានការនេះ ឃើញថា ស្នងការដ្ឋាននគរបាលមួយចំនួន បានអនុវត្តកិច្ចការនេះជាបន្តបន្ទាប់ហើយ ដូច្នេះសង្ឃឹមថា នឹងបន្តធ្វើជាបន្តទៀតនៅក្នុងឆ្នាំ២​០២៤​នេះ និងបន្តធ្វើជាបន្តបន្ទាប់ មិនមែនធ្វើតែមួយឆាវហើយក៏ស្ងាត់ទៅវិញនោះឡើយ។

គ្រឿងញៀនជាបញ្ហាធ្ងន់ធ្ងរណាស់នៅក្នុងសង្គមពីព្រោះកាលណាដែលសង្គមមួយដែលមានមន្រ្តីកងកម្លាំងដែលជាអ្នកមានអាវុធនៅក្នុងដៃតែប្រើប្រាស់គ្រឿងញៀន តើសង្គមមានសេចក្តីសុខយ៉ាងម៉េចពីព្រោះគ្រឿងញៀននេះ នឹងធ្វើអោយមនុស្សខូចសរសែប្រសាទគ្រប់គ្រង់ខ្លួនឯ​ងមិនបានផង ។​

កុំលេងសើចនឹងគ្រឿងញៀន! គ្រឿងញៀនពិតជាគ្រោះថ្នាក់ណាស់ វាមិនមែនអាចជ្រៀតចូលតែនៅក្នុងស្រទាប់មហាជនគ្រប់ទីកន្លែងទេ សូម្បីតែនៅក្នុងជួរមន្រ្តីមានសមត្ថកិច្ច និងកងកម្លាំ​ងវាទន្រ្ទានទៅហើយនោះ។

ម្យ៉ាងវិញទៀតរឿងមួយដែលយើងត្រូវដឹងអំពីគ្រោះថ្នាក់របស់វាគឺពួកឧក្រិដ្ឋជនគ្រឿងញៀនគឺជា​អ្នកដែលមានលុយនិងមានអំណាចដូច្នេះ រឿងនេះគឺជារឿងដែលត្រូវតែយកចិត្តទុកដាក់ ផ​ង​ដែរប្រសិនបើចង់អោយយុទ្ធនាការប្រឆាំង និងបង្រ្កាបករណីគ្រឿងញៀននៅកម្ពុជារីកចំរើន និ​ងអាចកាត់បន្ថយបានបន្ថែមទៀត។

ក្រៅពីការងារបោសសំអាតអ្នកញៀន និងអ្នកពាក់ព័ន្ធនឹងគ្រឿងញៀននៅក្នុងជួរកងកម្លាំងប្រ​ដាប់អាវុធ ក៏ដូចជាលើកកំពស់ប្រត្តិបត្តិការបោសសំអាតអស់អ្នកដែលមានឥទ្ធិពលនិងមានអំ​ណា​ចដែលជាមេខ្លោងនៃការរត់ពន្ធនឹងចែកចាយគ្រឿងញៀន យើងជាប្រជាពលរដ្ឋគ្រប់រូប ក៏មា​នតួនាទីនិងភារកិច្ចលើកកំពស់ និងចូលរួមទប់ស្កាត់ការប្រើប្រាស់ និងចែកចាយវត្ថុអមិត្តចំ​ពោះ​សង្គមនេះផងដែរ។

សរុបមកវិញនៅក្នុងឆ្នាំ២០២៤ យើងខ្ញុំសង្ឃឹមថា យើងជាប្រជាពលរដ្ឋនឹងសហការជាមួយនឹងអា​ជ្ញាធរ និងមន្រ្តីជំនាញ គ្រប់គ្នាដើម្បីលើកកំពស់ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនដែលជា ពិ​ភពដ៏គ្រោះថ្នាក់សម្រាប់ជាតិនិងមាតុភូមិយើង៕

Daily Program

Livesteam thumbnail