កុំខ្ជិល ! បន្លែខ្លះដែលគេហាន់ស្រាប់អាចមានសារធាតុគីមីដែលគ្រោះថ្នាក់

បន្លែបង្ការខ្លះនៅតាមផ្សារមានលក់ដុំ និងលក់រាយ ដោយនៅក្នុងនោះបន្លែខ្លះមានទាំងហាន់ បុក និងលក់ស្រាប់ៗតែម្តង ជាពិសេសពពួកគ្រឿង និង បន្លែមើមមួយចំនួន ប៉ុន្តែដើម្បីសុវត្ថិភាពគួរតែកុំខ្ជិល។

តាមបទពិសោធន៍ដើម្បីបំពេញចិត្តនិងតម្រូវការដល់អតិថិជនជាពលរដ្ឋបងប្អូនអាជីវករនៅតាមទីផ្សារនានា បានផ្តល់សេវាកម្មលក់បន្លែបង្ការដែលងាយស្រួលដល់អតិថិជន ដោយមិនចាំបាច់អោយអតិថិជនដែលមកទិញហើយពិបាកលាង ពិបាកបុក ពិបាកហាន់ ពិបាករៀបចំ នោះទេ គឺគេផ្តល់ស្រាប់ៗតែម្តង ប៉ុន្តែដើម្បីចំណេញ និង ដើម្បីទុកបានយូរ ហើយវានៅតែស្រស់មានអាជីវករមួយចំនួនដែលខិលខូច បានលួចប្រើប្រាស់នូវសារធាតុគីមីមួយចំនួន។

យើងខ្ញុំមិនចេះតែថានោះទេ ពីព្រោះកន្លងមកគឺមានដូច្នេះមែន ហើយថ្មីៗនេះ ខាងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំក៏បានលើកឡើងអំពីបញ្ហានេះផងដែរ ។

ស្ថាប័នជំនាញនេះបានអះអាងថា តាមការចុះស្រាវជ្រាវនិងត្រួតពិនិត្យនៅតាមទីផ្សារនៅរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ គេបានរកឃើញខ្ញីដែលមានសារធាតុគីមីមានគ្រោះថ្នាក់ដល់ សុខភាព ។

តាមការចុះត្រួតពិនិត្យស្ថាប័ននេះ គេបានរកឃើញខ្ញីហាន់មានសារធាតុគីមីគ្មានស្លាកសញ្ញាជាសាជូរ ១៧បាវ ស្មើរ១៧០គីឡូក្រាម ហើយវារិតតែគ្រោះថ្នាក់ថែមទៀតនោះគឺគេបានរកឃើញនូវខ្ញីហាន់រួចមានលាយសារធាតុគីមី ត្រាំ សូដ្បូម ហ៊ីដ្រូសូហ្វីត (Sodium Hydrosufit) ចំនួន ២៥គីឡូក្រាម។

សារធាតុ សាជូរ វាជាសារធាតុស្រាលទេ ប៉ុន្តែសារធាតុគីមីម្យ៉ាងដែលមានឈ្មោះ សូដ្បូម ហ៊ីដ្រូសូហ្វីត ជាប្រភេទសារធាតុគីមីមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាសារធាតុបន្ថែមក្នុងម្ហូបអាហារទេ។

ប្រភពដដែលបានអះអាងថា ការទទួលទានផលិតផលម្ហូបអាហារដែលមានសារធាតុគីមីហាមឃាត់ សូដ្បូម ហ៊ីដ្រូសូហ្វីត ទៅក្នុងសារពាង្គកាយមនុស្ស អាចបណ្តាលឱ្យពិបាកដកដង្ហើម សម្ពាធឈាមចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ រាគរូស។ សម្រាប់អ្នកដែលមានជំងឺអាឡេកស៊ី ( Allergic) ធ្ងន់ធ្ងរជាមួយសារធាតុខាងលើនេះ ឬអ្នកមានជំងឺហឺត អាចបណ្តាលឱ្យពិបាកដកដង្ហើម និងអាចបាត់បង់ជីវិតបាន។

ស្របតាមការរកឃើញជាថ្មីនេះ យើងខ្ញុំសង្ឃឹមថា យើងទាំងអស់គ្នានឹងមិនប៉ះពពូកបន្លែដែលមាន សារធាតុគ្រោះថ្នាក់ទាំងនេះទៅចុះ ហើយដើម្បីសុវត្ថិភាព គួរកុំខ្ជិល ត្រឹមតែម៉ាហាន់ខ្ញី បុ​ក​គ្រឿង លាងបន្លែងដើម្បីទទួលទានខ្លួនឯង។

កិច្ចការនេះមិនធ្ងន់ធ្ងរទេ នៅក្នុងករណីបន្លែបង្កាទាំងនេះមានសារធាតុគីមី ពេលដែលយើងលាង យើងសំអាតទៅភាគរយនៃសារធាតុគីមី ដែលមានវាអាចនឹងកាត់បន្ថយ ហើយវានឹងមិនប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់យើង៕

 

Daily Program

Livesteam thumbnail