កម្មវិធីសង្រ្កាន្តមិនមែនជារបស់ជាតិសាសន៍ណាឡើយ កុំច្រឡំ !

មានទស្សនៈ និងការភ័ន្តច្រឡំមួយចំនួនបានកើតមានរហូតដល់មានការបំភ្លឺពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈជុំវិញបញ្ហាសង្រ្កាន្តដែលថៃបានយកទៅចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបីកន្លងទៅថ្មីៗនេះ។​

តាមប្រតិកម្មពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឲ្យដឹងថា ការចុះបញ្ជីជាបេតិកភណ្ឌអរូបីរបស់ប្រទេសមួយ នឹងមិនប៉ះពាល់ដល់ការចុះបញ្ជី និងការប្រារព្ធរបស់បណ្តាប្រទេសផ្សេងទៀ​តទៅតាមប្រពៃណីទំនៀមទម្លាប់រៀងៗ នោះឡើយ។

ប្រភពដដែលបានបន្តទៀតថា កម្មវិធីសង្ក្រាន្តនេះសូមកុំយល់ច្រឡំវាមិនមែនជាកម្មសិទ្ធិរបស់ប្រទេសណាមួយឡើយ។ សង្ក្រាន្ត ជាពាក្យសំស្ក្រឹត មានប្រភពមកពីឥណ្ឌា និងមានន័យថាជា​​រង្វិលជុំនៃពេលវេលាពេញមួយឆ្នាំ ហើយពាក្យសង្ក្រាន្ត នេះសម្រាប់កម្ពុជាគឺមាននៅលើសិ​លាចារឹក នានា តាមប្រាសាទនៅតំបន់អង្គរ។

ក្រៅពីកម្ពុជា ​និង​ថៃ ចេញ​ពិធីសង្ក្រាន្តនេះក៏មានរៀបចំ និងរីករាយសប្បាយ ហើយក៏ជាប្រពៃ​ណីទំនៀមទម្លាប់របស់ប្រទេសផ្សេងទៀតផងដែរ ដែលរួមទាំងប្រទេសឡាវ និងភូមាដែលទ​ទួលអរិយធម៌បុរាណពីឥណ្ឌាដែរ។

សម្រាប់កម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានគ្រោងនឹងដាក់ស្នើសុំចុះបញ្ជី «សង្ក្រាន្តកម្ពុជា» នៅក្នុងបញ្ជីបេតិកកភណ្ឌអរូបីយមនុស្សជាតិអង្គការយូណេស្កូដូចប្រទេសថៃដែរ។

ជាការពិតសង្រ្កាន្តនេះគឺជាក្បួនប្រពៃណីបុរាណមួយ ដែលជាតិសាសន៍ជាច្រើនបានប្រារព្ធនឹងរៀបចំតាមប្រពៃណីនិងវប្បធម៌របស់ខ្លួនរៀងៗគ្នា។​ មូលហេតុដែលវាមានលក្ខណៈស្រដៀងគ្នា គឺវាអាចមានប្រភពមកពីកន្លែងតែមួយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក្បួនតម្រានៃសង្រ្កាន្តនេះគឺមិនដូចគ្នាទាំងស្រុងឡើយ។

ខ្មែរដែលជាជាតិសាសន៍មួយ បានរៀបចំក្បួនតម្រាសង្រ្កាន្តនេះតាមជំនឿ តាមវប្បធម៌ តាមទំ​នៀមទម្លាប់ដែលមានលក្ខណៈជាខ្មែរ ដោយឡែកថៃ ឡាវ ភូមា មានសភាពខុសប្លែកគ្នា មិនដូ​ចគ្នាទាំងស្រុងឡើយ។​

សរុបប្រភពនៃអរិយធម៌ និងវប្បធម៌គឺជារឿងមួយសំខាន់ប៉ុន្តែសូមយល់នូវបរិបទសង្គម ប្រពៃ​ណី​ និងតថភាពពិតប្រាកដជាមុនសិន ។ ក្រៅពីពាក្យសង្ក្រាន្តនេះនៅមានសម្បត្តិបេតិកភណ្ឌអ​រូបិយជាច្រើនទៀតដែលជាតិសាសន៍ពិសេសគឺ ខ្មែរ ឡាវ និង ថៃមានប្រហាក់ប្រហែលគ្នា។ កន្លងមកក្រៅពីពាក្យសង្រ្កាន្តនេះ សូម្បីតែគុនខ្មែរក៏កន្លងមកមានការថ្នាំងថ្នាក់គ្នាសម្បើមណាសដែរ៕​

Daily Program

Livesteam thumbnail