លោកអភិបាល អូលីវយ៉េ៖ សាមគ្គីភាព ជាចំណង​ស្ពាន​មេត្រី​រវាង​ព្រះសហគមន៍​កាតូលិក និង​ព្រះពុទ្ធ​សាសនា​

​​នា​ព្រឹក​ថ្ងៃទី ២៤ ខែ​ឧសភា ឆ្នាំ​២០២៣ គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​ព្រះសហគមន៍​កាតូលិកនៅកម្ពុជា បាន​ចូល​ជួបសម្តែងការគួរសម​សម្ដេចព្រះអគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ​ទេព វង្ស ព្រះសង្ឃ​រាជ​​នៃ​​គណ​មហា​និកាយ​នៃព្រះរាជាណាចក្រកម្ពុជា ​នា​វត្ត​ឧណ្ណាលោម។​​

ជំនួបនេះ ​​ដឹកនាំ​ដោយ​​លោក​អគ្គអភិបាល សិលា ប្រាយអិន វែលស៍ អគ្គរាជទូតសន្តអាសនៈ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា, លោក​អ៊ិន​ដូនិល តូឌីធូវ៉ាកូ អគ្គលេខា​ធិការ​នៃ​ក្រសួង​ទំនាក់ទំនង​អន្តរសាសនានៃសន្តអាសនៈ, ​លោក​​អភិបាល​ព្រះសហគមន៍​កាតូលិក​ប្រចាំព្រះរាជាណាចក្រកម្ពុជា​ ទាំង​៣​ភូមិភាគ រួម​ជាមួយ​តំណាង​គណៈកម្មការ​អន្តរសាសនា​នៃ​ព្រះសហគមន៍​កាតូលិក​។

​ការចូលជួបនេះ ធ្វើឡើង​ដើម្បី​ចងស្ពាន​មេត្រី​រវាង​ព្រះសហគមន៍​កាតូលិក និង​ព្រះពុទ្ធ​សាសនា​ឆ្ពោះ​ទៅរក​សាមគ្គីភាពនៃអន្តរសាសនា ដោយណែនាំ​មនុស្សជាតិ​នៅក្នុង​សាសនា​រៀងៗ​ខ្លួន​ឱ្យ​យ​ក​ចិត្ត​ទុកដាក់​លើបញ្ហាប្រឈមផ្សេងៗ​ដើម្បី​​ព្យាបាល​របួសផ្លូវចិត្ត​របស់​មនុស្សជាតិ​និង​ជីវ​ចម្រុះនៃធ​ម្មជាតិ។​​

លោក​អភិបាល​អូលីវីយ៉េ ក៏​បាន​បញ្ជាក់​ពីគោល​បំណង​នៃ​ជំនួប​នេះ​ថា​  ជាឱកាស​មួយ​ដ៏ពិសេស ដើម្បី​​នឹក​រឭក​ ​និង​អរព្រះគុណ​ចំពោះ​ទំនាក់​ទំនង​អន្តរ​សាសនា​រវាង​ព្រះពុទ្ធសាសនា​ និងព្រះ​សហគ​មន៍កាតូលិក​ជា​យូរ​ណាស់​មកហើយ។​

លោកអភិបាល អូលីវយ៉េ បានមានប្រសាសន៍ថា ៖ «ព្រះសហគម​ន៍​កាតូលិក​មក​ថ្ងៃនេះ​ដើម្បី​ចងស្ពា​ន​មេត្រី​រវាង​ព្រះសហគមកាតូលិក និងព្រះពុទ្ធសាសនា»។ ​​

ឆ្លៀត​ក្នុង​ឱកាសនេះ​ លោក​អភិបាល ​អូលីវីយ៉េ រំឭក​ដល់ឆ្នាំ ២០០៨ ដែល​បង្កើតឱ្យ​មាន​ជំនួប​អន្តរ​សាសនាដំបូង ដោយ​បាននាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខ​ទុក្ខ​ពីសម្ដេចប៉ាប​យ៉ូហា​ន​ប៉ូលទី២ និង​ទំ​នាក់​ទំនងរវាង​ព្រះពុទ្ធ​សាសនា ​​និងព្រះសហគមន៍កាត់តូលិក​​ជា​ច្រើន​​លើក​​​​ច្រើន​សា​ដែល​បាន​ជួប​គ្នា​នៅ​អឺរ៉ុប​។​​

នាឱកាសនោះដែរ​ ​​លោក​ អ៊ិន​ដូនិល តូឌីធូវ៉ាកូ អគ្គ​លេខា​ធិការ​​​នៃ​ក្រសួង​ទំនាក់ទំនង​អន្តរសាស​នា​នៃសន្តអាសនៈ បាន​ថ្លែង​ទៅ​កាន់​សម្ដេច​​ព្រះសង្ឃរាជ​ ទេព វង្ស ថា អន្តរសាសនាបានជួយដល់​​ម​នុស្ស​ជាតិ​ជាច្រើន ​នៅ​ក្នុង​​ពិភពលោក​នេះ​ឱ្យ​មាន​សន្តិភាព។

លោក​ អ៊ិន​ដូនិល ​រំឭក​​ពី​ប្រវត្តិ​នៃ​ចំណង​ការទូត​អន្តរ​សាសនា​រវាង​​ព្រះសហគមន៍​កាតូលិក និង​ព្រះពុ​ទ្ធសាសនា ដោយ​រំឭក​អំពី​ជំនួប​រវាង​​សម្ដេចប៉ាប​យ៉ូហាន​ប៉ូលទី២ ជាមួយ​សម្ដេចព្រះមហាឃោសា​នន្ទក្នុង​ឆ្នាំ​១៩៨៨​ផងដែរ។​​

លោក​មាន​​ប្រសាសន៍​​​​ថា ៖ «អន្តរសាសនាជាតម្រូវការចាំបាច់ក្នុងសង្គមបច្ចុប្បន្ន ដោយ​សម្ដេច​ប៉ា​ប​សម្គាល់ឃើញបញ្ហាប្រឈមនានា ​ធ្វើ​ឱ្យ​​មនុស្ស​ជាតិ ​និង​បរិស្ថានធម្មជាតិ​ចម្រុះ​មាន​របួស»។

​ជាមួយ​គ្នា​នេះ​ដែរ សម្ដេច​​ព្រះសង្ឃរាជ​ ទេព វង្ស មាន​បន្ទូលនាឱកាសនោះដែរ​ថា ​នេះជាមហាកិ​ត្តិយស​ដែល​ពុទ្ធសាសនា​ និងកាតូលិកទាំង​២សាសនា​នេះ​ជាបងប្អូន ដោយ​រួបរួមគ្នាជួយមនុស្សជាតិ។

សម្ដេចមាន​បន្ទូល​​ថា ៖ «ពាក្យ បងប្អូន ជាមហាសាមគ្គីដ៏ធំធេង មិនអាចបែកបាក់សាមគ្គីបានទេ ព្រោះ​ ខ្វះ​សាមគ្គីស្លាប់ មានសាមគ្គីរស់។​ ខ្ញុំ​សូម​រួបរួម​សាមគ្គី​សាសនាទាំង២ជាបងប្អូន»។ ​

ព្រះសហគមន៍​កាតូលិក​​ ប្រគេន​សារតាំង​ដែល​ជាសារលិខិត​របស់​សម្ដេចប៉ាប ​ហ្វ្រង់​ស៊ីស្កូ និង​វត្ថុអ​នុស្សាវរីយ៍មកពី​សន្តអាសនៈ ​ថ្វាយ​សម្ដេច​​ព្រះសង្ឃរាជ​គណមហា​និកាយ​​នៃព្រះរាជាណាចក្រកម្ពុជា​ ទេព វង្ស ផងដែរ។​​

ចំណែក ព្រះមុនីកោសល បណ្ឌិត យ៉ន សេងយៀត ព្រះសាកល​វិទ្យា​ធិការ​​នៃ​​ពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហនុរាជ ក៏​បាន​លើកឡើង​ដោយ​​រំឭកពីទំនាក់ទំនង និង​ជំនួ​បរវាង​ព្រះអង្គជាមួយសម្ដេចប៉ា​បក្នុងឱកាសរួមជាមួយក្រុមសន្តអេជីឌីអូ នៅទីក្រុង​​អាស៊ីស៊ី​ អ៊ីតាលីផងដែរ។ ​

សូម​បញ្ជាក់​ផងដែរថា ព្រះសហគមន៍​កាតូលិក​កម្ពុជា​បាន​ខិតខំ​យក​ចិត្ត​ទុកដាក់​លើ​កិច្ចការ​អន្តរ​សាសនា​ ដោយ​ចូល​រួម​ជាមួយ​គណៈកម្មការធិការ​អន្តរ​សាសនា​នៅកម្ពុជា ​​និង​រាជរដ្ឋាភិបាល​​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​សុខដុមរណីកម្ម​សាសនា​នៅ​កម្ពុជា​ រួមគ្នាធ្វើសកម្មភាព​មេត្តាករុណានានា​នៅក្នុ​ងរយៈពេល​ដែល​កម្ពុជា​រងគ្រោះ​ដោយកូវីដ១៩៕​

ដោយ៖ ដាលីស

Daily Program

Livesteam thumbnail