យូណេស្កូ បានចុះ «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ​​ក្លាយជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀតរបស់ជាតិ និង​ប្រជាជនកម្ពុជា

 ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ​​ក្លាយជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀតរបស់ជាតិ និង​ប្រជាជនកម្ពុជាទាំងមូល ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេច ជាឯកច្ឆ័ន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

នេះជាការលើកឡើងរបស់លោក នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​លើកឡើងតាមរយៈ​សារ​លិខិតផ្ញើជូនជនរួមជាតិ នៅល្ងាចថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២៣ បន្ទាប់​ពី «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវ​បាន​ចុះ​ក្នុង​បញ្ជីបេតិកភណ្ឌ ពិភពលោក នា​កិច្ច​ប្រជុំលើកទី៤៥ របស់ខ្លួន នៅទីក្រុងរីយ៉ាដ (Riyadh)នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

លោក​បានថ្លែងថា ​ព្រឹត្តការណ៍ថ្មីនេះ គឺជាមោទកភាពមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងប្រទេស​​កម្ពុជា​ដែលកេរមរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬ​លិង្គបុរ ហើយប​ច្ចុប្បន្នហៅថា កោះកេរ កសាង ក្នុងសតវត្សទី១០ (៩២៨-៩៤៤) ដោយព្រះបាទជ័យវរ្ម័នទី៤ និងបុព្វបុរសខ្មែរ ត្រូវបានក្រុមប្រឹក្សាអន្តរជាតិ ស្តីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) ទទួលស្គាល់ថាជាកំពូលស្នាដៃដ៏មហស្ចារ្យនៃស្ថាបត្យកម្ម ខ្មែរ និងមានតម្លៃលេចធ្លោជាសកលដែលចាំបាច់ត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

​ការស្នើសុំចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក គឺជាលទ្ធផលនៃកិច្ចដំណើរការងារដ៏យូរ និងលំបាកស្មុគស្មាញ ដោយមានការចូលរួមពីភាគីពាក់​ព័ន្ធជាច្រើន ជាពិសេសការរៀ​បចំឯកសារ ការត្រួតពិនិត្យ និងវាយតម្លៃដោយអ្នកជំនាញការជាតិ និងអន្តរជាតិ បានប្រព្រឹត្តទៅក្នុងដំណា​ក់​កាលដែលកម្ពុជា និងពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩។

​ដំណើរការដ៏ស្វិតស្វាញនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ បញ្ជាក់ពីតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌របស់កម្ពុជា ជាពិសេសសម្រេចឱ្យបាននូវការចុះបញ្ជី «រមណីយ ដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សម្រាប់ជាសម្បត្តិមនុស្សជាតិទាំង​មូល និង​ការពង្រឹងមោទកភាពជាតិ។

Daily Program

Livesteam thumbnail