ការប្រកួតខ្លែងឯក ជាការបង្ហាញប្រាប់យុវជនខ្មែរឱ្យកាន់តែស្រឡាញ់វប្បធម៌ជាតិរបស់ខ្លួន

ការប្រកួតបង្ហាះខ្លែងឯកលើកទី១១ ឆ្នាំ២០២២ បានប្រារព្ធធ្វើឡើងរយៈពេលពេញមួយថ្ងៃ នាថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២២ នៅព្រះសហគមន៍កាតូលិក សន្តីម៉ារីញញឹម ស្ថិតនៅភូមិចំការទៀង ឃុំគុស ស្រុកត្រាំកក់ ​ខេត្តតាកែវ។

កម្មវិធីខាងលើធ្វើឡើងក្នុងន័យអបអរសាទរឆ្នាំថ្មី និងដើម្បីលើកស្ទួយកេរ្តិ៍ដំណែលមរតកវប្បធម៌ខ្មែរ ជាពិ​សេ​សការធ្វើខ្លែងឯក ដល់យុវវ័យជំនាន់ក្រោយ។

កម្មវិធី​នេះ​ប្រារព្ធឡើងក្រោមអធិបតីភាព លោកអភិបាល​ អូលីវីយ៉េ ហ្មីត​ហស្លេ អភិបាលព្រះសហគមន៍កាតូលិកប្រចាំភូមិភាគភ្នំពេញ លោក អ៊ីង ណយ ប្រធានក្រុមប្រឹក្សាឃុំគុស និងលោក សៅ តុង   អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ​ ខេត្តតាកែវ។

លោកអភិបាល​ អូលីវីយ៉េ ហ្មីត​ហស្លេ អភិបាលព្រះសហគមន៍កាតូលិកប្រចាំភូមិភាគភ្នំពេញ បានថ្លែងថា ៖«ការប្រកួតបង្ហោះខ្លែងក្នុងឆ្នាំនេះ យើងមានការចូលរួមច្រើន មកពីឃុំគូសទាំងមូលបានន័យថា​មកពី៣០ភូមិ អាជ្ញាធរដែនដីផង មកពីវត្តផង មកពីចំការភ្នំវល្លិ៍ផង ដូ​ច្នេះយើងមានកន្លែងផ្សេងៗដែលចូលរួម ហើយខ្ញុំសង្ឃឹមថាឆ្នាំក្រោយយើងនឹងអាចរៀបចំសម្រាប់ខេត្តតាកែវទាំងមូល»។

ថ្លែងនៅទីវាលប្រកួត លោកមាគ ស៊ន ប្រធានមណ្ឌលសិប្បកម្មដូង ខេត្តតាកែវ និងជាប្រធានគណ:កម្មការប​ច្ចេកទេស រៀបចំការប្រកួតបង្ហោះខ្លែងឯកបានថ្លែងថា កម្មវិធីនេះ រៀបចំឡើងរយៈពេលពេញមួយថ្ងៃ ក្នុងគោលបំណងអបអរសាទរឆ្នាំថ្មី និងបណ្តុះស្មារតីស្រឡាញ់ ថែរក្សា ប្រពៃណី វប្បធម៌របស់ខ្មែរ ទៅកាន់យុវជនជំនាន់ក្រោយ។

លោក សៅ តុង អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តតាកែវ បានលើកឡើងផងដែរថា ការបង្ហើរខ្លែង មនុស្សគ្រប់គ្នា​គិតថា ជាការកម្សាន្តសប្បាយ ក៏ប៉ុន្តែដូនតាបុព្វបុរសខ្មែរបានរកឃើញនូវអ្វីមួយ ក្រោយពីគាត់ប្រមូលភោគផលរួច គាត់ចេះច្នៃប្រឌិតនូវការធ្វើខ្លែងនេះ ហើយនេះក៏ជាការអបអរសាទរនូវសមិទ្ធិផលរបស់គាត់ ដែលប្រមូលភោគផលបានកាលពីឆ្នាំកន្លងមកដែរ។

ជាមួយ​គ្នានេះដែរ លោកជុំ រដ្ឋា ជាកីឡាករប្រកួតបង្ហោះខ្លែងឯក មកពីភូមិថ្មកែវ ស្រុកត្រាំកក់ ខេត្តតាកែវ បានថ្លែងថា  ការចូលរួមប្រកួតខ្លែងនេះ ដោយសារតែរូបលោក ចង់លើកស្ទួយនូវការធ្វើខ្លែងឯករ​បស់ខ្មែរកុំឱ្យបាត់បង់ និងចង់បង្ហាញការបង្ហោះខ្លែងដែលលោកធ្វើឡើង ទៅកាន់មហាជនដែលចូលរួមទស្សនា។

កីឡាករប្រកួតបង្ហោះខ្លែងឯកមួយរូបទៀត លោក ខាន់ ចេង មកពីភូមិត្រឡាក់ខាងជើង ស្រុកតាំ្រកក់ ខេត្តតាកែវ បានថ្លែងឱ្យដឹងដែរថា ៖ «ការប្រកួតខ្លែងនេះគឺចង់រក្សានូវប្រពៃណីខ្មែរយើងនេះ ដើម្បីឱ្យក្មេងៗជំនាន់ក្រោយ ចូលរួមថែរក្សាវប្បធម៌ខ្មែរយើង ជាពិសេសខ្លែងឯកនេះ ឱ្យបានគង់វង្ស»។

លោក ខាន់ ចេង បានបន្តថា ការប្រកួតខ្លែងជារឿងសំខាន់មួយ សម្រាប់អភិរក្សប្រពៃណី វប្បធម៌របស់ខ្មែរហើយក៏ជាការដាស់ពញ្ញាក់សា្មរតីកូនខ្មែរជំនាន់ក្រោយ ត្រូវចូលរួមថែរក្សានូវប្រពៃណីដ៏ចំណាស់មួយនេះ។

ខ្លែងឯក ដែលដាក់ចូលរួមប្រកួតក្នុងកម្មវិធីនានៅថ្ងៃទី ៨ ខែមករា មានចំនួន​ប្រមាណ ១២០ ដែលការរៀ​ប​ចំប្រកួតនេះ មានវគ្គជម្រុះជ្រើសរើសតែលេខ ១ ដល់លេខ ៥។ អ្នកដែល​ទទួលបានលេខ ១ ទទួលបានទឹកប្រាក់ចំនួន ៦៥ ដុល្លារ ហើយ​ខ្លែងដែលជាប់ចំណាត់ថ្នាក់លេខ០១នឹងត្រូវរក្សាទុកជាអនុស្សាវរីយ៍ផងដែរ។

ទន្ទឹមនឹងនោះដែរ ក្នុង​ពេល​ប្រកួង​ខ្លែងឯកសម្រាប់ឆ្នាំ ២០២២ នេះដែរ ក៏មានការ​រៀបចំសេះ ចំនួន១១ ក្បាល និងក្របីចំនួន ៦ ក្បាលក្នុងការដាក់ប្រណាំងក្នុងកម្មវិធីនេះផងដែរ៕

Daily Program

Livesteam thumbnail