៥ថ្ងៃក្រោយចូលឆ្នាំ សមត្ថកិច្ចបង្ក្រាបបទល្មើសព្រហ្មទណ្ឌ៤០ករណី ក្នុងនោះបទល្មើសរំលោភសេពសន្ថវៈ មាន៥ករណី!

បន្ទាប់ពីបញ្ចប់ការ​កម្សាន្តសប្បាយនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រកបដោយជោគជ័យ កម្លាំ​ងនគរបាលជាតិ បានបន្តអនុវត្តតួនាទី និងភារកិច្ចស្នូលប្រចាំថ្ងៃ ដោយប្រតិបត្តិការបង្ក្រាបប​ទល្មើសព្រហ្មទណ្ឌបានចំនួន៤០ លើ៤៥ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន៤៧នាក់ ក្នុងរយៈ​ពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះ។

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលម្អិតឱ្យដឹងនាថ្ងៃទី​២២ ខែមេសានេះថា ក្នុងចំណោមបទល្មើសដែលសមត្ថកិច្ចនគរបាលជាតិ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ប៉ុ​ស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ បង្ក្រាបបាននោះ បទល្មើសហិង្សាមានចំនួន១៦ករណី លួចមាន១២ករណី លួចមានស្ថានទំងន់ទោសឬប្លន់មាន៣ករណី រំលោភសេពសន្ថវៈមាន៥ករណី ឆក់មាន២ករណី ឃាតកម្មមាន១ករណី និងប្រើប្រាស់អាវុធខុសច្បាប់មាន១ករណី។

បើតាមលោក ទូច សុខៈ លទ្ធផលនេះ ជាការបង្ហាញច្បាស់ថា កម្លាំងនគរបាលជាតិ ក៏មិនខុសពី​អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងផ្សេងទៀតដែរ សុទ្ធតែបានបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទី និងភារកិច្ចស្នូលប្រចាំថ្ងៃរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

ក្នុងន័យនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក៏បានបន្តអំពាវនាវប្រជាពលរដ្ឋគ្រប់មូលដ្ឋាន បន្តចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យទទួលបានជោគជ័យបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ៕

Daily Program

Livesteam thumbnail