សម្តេចប៉ាបលើកទឹកចិត្តសហករអ៊ីតាលីឲ្យសកម្មលើសកម្មភាពមនុស្សធម៌

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានជួបថ្នាក់ដឹកនាំនិងសមាជិកសហករនៅអ៊ីតាលី ហើយបានលើកទឹកចិត្តពួកគេអោយបន្តសកម្មភាពមនុស្សធម៌ឲ្យកាន់តែសកម្មបន្ថែមទៀត ។

វ៉់ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងជំនួបជាមួយនឹងសមាជិកនិងមេដឹកនាំសហករ យូនីកូប ហ្ល័រ៉េន (Unicoop Florence) សម្តេចប៉ាបបានវាយតម្លៃខ្ពស់ចំពោះការចូលរួមវិភាគទាន និងស​កម្មភាពដែលសហករបានធ្វើ​និងចែករំលែកដល់អស់អ្នកដែលកំពុងតែត្រូវការជំនួយនិងការគាំទ្រនៅក្នុងសង្គម​។​

សម្តេចប៉ាបបានបញ្ជាក់ និងវាយតម្លៃខ្ពស់នូវរាល់ការចូលរួមរបស់សហករទាំងនោះថា ពិតជាសកម្មភាពដែលកំពុងតែឆ្លើយតបនឹងស្ថានភាពដែលពិភពលោកកំពុងតែប្រឈមមុខនឹងភាពក្រីក្រ ភាពឯកកោរ និងការអប់រំជាដើម។

សម្តេចប៉ាបបានមានបន្ទូលថា ការរស់នៅជាមួយនឹងស្មារតីមនុស្សធម៌ គឺជាមូលដ្ឋានគ្រឹះនៃមេត្តាករុណដែលមនុស្សជាតិគួរតែមាននិងជួយគ្នាទៅវិញទៅមក។ នេះគឺជាកាយវិការនិងស​កម្មភាពដ៏ប្រពៃ ដែលគប្បីត្រូវតែបន្ត និងលើកកំពស់បន្ថែមទៀត សំដៅជួយដល់អស់អ្នកដែ​លមិនមានឱកាស ពីព្រោះគ្រប់គ្នាតែងតែមានសេចក្តីសុបិន្តរួមគ្នាតែមួយទេ គឺសុភមង្គល និង សេចក្តីស្រលាញ់៕

Daily Program

Livesteam thumbnail