សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍លោក មុំ អស្សនី ចូលរួមគណបក្សប្រជាជនកម្ពុជា

សម្តេចតេជោ ហ៊ុន សែន  បានស្វាគមន៍ និងមិនប្រកាន់ទោសភ័យដល់លោក មុំ អស្សនី ដែលធ្លាប់វាយប្រហារ និងរិះគន់គណបក្សប្រជាជន
លោក មុំ អស្សនី (រូបភាព​ពី​គណនីហ្វេសបុករបស់លោក​លោក មុំ អស្សនី)

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធានគណបក្សប្រជាជនកម្ពុជា បាន​ស្វាគមន៍ និង​មិនប្រកាន់ទោសភ័យដល់លោក មុំ អស្សនី ដែលជា​អាណិកជនខ្មែររស់នៅប្រទេស​ញូវហ្សេឡេន ​ដែលធ្លាប់វាយប្រហារ និងរិះគន់ដល់រូបលោក និងសម្តេចធិបតី ហ៊ុន ម៉ាណែត រួមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដទៃទៀតនោះឡើយ​ បន្ទាប់ពី​បានចេញវិដេអូ​ឃ្លីប សូមអភ័យទោស និងសុំសម្តេចចូលមកស្រុកខ្មែរវិញ។

យោងតាម​វីដេអូឃ្លីប អតីត​នាយទាហាននៃគណៈកម្មការលំហសមុទ្រ លោក មុំ អស្សនី បានលើកឡើងថា៖ «ថ្ងៃនេះ ខ្ញុំសូមសម្តេចអធ្យាស្រ័យ និង​លើកលែងទោសដល់រូបខ្ញុំបាទ និង​ផ្តល់ឱកាស​ឱ្យខ្ញុំបានចូលបម្រើក្នុង​គណបក្សប្រជាជនកម្ពុជា ដើម្បី​ចូលរួមរក្សាសន្តិភាព និង​អភិវឌ្ឍន៍ជូនគណបក្សប្រជាជន»។

លោកបានបន្តថា មួយរយៈពេល​កន្លងមក នៅពេលលោកបានចូលមកដល់ប្រទេញូវហ្សេឡេន លោកបានជឿតាមការញុះញង់របស់​ទណ្ឌិត៣ជំនាន់ សម រង្ស៊ី បាន​ឱ្យលោកធ្វើការជាវាឃ្មិនម្នាក់​នៅ​វិទ្យុCambodia Daily ដើម្បីវាយប្រហារ​សម្តេចតេជោ ហ៊ុន សែន បណ្តុះបង្អាប់ជាតិឯង និងមានបំណង​ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

លោក មុំ អស្សនី បានបញ្ជាក់ថា ៖ «ដោយសារតែមានការ​សំណូមពរពីគ្រួសារ ជាពិសេស​ភរិ​យា និងកូនស្រីដែលចង់ត្រលប់ទៅលេងស្រុកកំណើតវិញ បានសុំឱ្យខ្ញុំឈប់ប្រឆាំង ឈប់រិះគន់ទៅរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែត​បន្តទៀត ហើយខ្ញុំគាំទ្រ ដោយខ្ញុំមើលឃើញពីគោលនយោបាយ​អភិវឌ្ឍន៍គ្រប់វិស័យរបស់សម្តេចធិបតី​»។

លោកបានបន្តថា ៖ «ខ្ញុំសូមសម្តេចអធ្យាស្រ័យ និង​គោរពសុំឱ្យសម្តេច​លើកលែង​ដល់រូបខ្ញុំដែល​បានឆ្គាំឆ្គងនិយាយ​លើសពីការពិតចំពោះក្រុមគ្រួសារសម្តេច និង​ប្រទេសជាតិ»។

ក្រោយពីទទួលបាន​នូវ​វីដេអូ​សុំការអធ្យាស្រ័យ​របស់​លោក មុំ អស្សនីនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បាន​ផ្ញើសារឆ្លើយ​តបទៅវិញថាសម្តេច​បានយល់ពី​អ្វីដែលនៅពីក្រោយ​ដែលនាំឱ្យ​លោក មុំ អស្សនី វាយប្រហារមកលើ​សម្តេច។

សម្តេច​បាន​បញ្ជាក់ថា ៖ «ខ្ញុំចាប់យល់ថា អ្វីដែលនៅពីក្រោយ​នៃការវាយប្រហារខ្ញុំ គឺគ្មានអ្វីក្រៅពីការបំពុលដោយក្រុម​រត់ចោលរត់ ក្រុមរត់ចោលគុក។ ចំណុចនេះ ខ្ញុំយល់ ហើយ​ខ្ញុំក៏មិនប្រកាន់ខឹងជាមួយនឹងអស្សនីឯងដែរ។ ចឹងប្រទេសនេះជាប្រទេសរបស់ខ្លួន ហើយអស្សនីឯង​ក៏គ្មានសាលដីកា គ្មាន​រឿងក្តីក្តាំងអីនៅតុលាការទេ ចឹងបើចង់ត្រលប់មកវិញក៏ត្រលប់មក ហើយបើចង់គាំទ្រនៅខាងក្រៅក៏បាន​»។

សម្តេចតេជោ បានបន្តថា សម្តេចស្វាគមន៍ជានិច្ចចំពោះអ្នកទាំងឡាយណាដែល​​ធ្លាប់​ប្រឆាំង​ជាមួយនឹង​សម្តេច ហើយបោះបង់ចោលការប្រឆាំង​សម្តេច លើកលែងតែមនុស្ស​ម្នាក់គត់​ (លោក សម រង្ស៊ី)៕

Daily Program

Livesteam thumbnail