រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍ ណែនាំឱ្យ​លើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការបង្ការ និងការពន្លត់អគ្គិភ័យ នៅក្នុងឧស្សាហកម្មទេសចរណ៍

លោក សុខ​ សូកេន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​ បាន​ចេញ​សេចក្តីណែនាំមួយកាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២៤​​ ឱ្យមានការ​លើកកម្ពស់ការយកចិត្តទុកដាក់ក្នុងការបង្ការ និងការពន្លត់អគ្គិភ័យ នៅក្នុងឧស្សាហកម្មទេសចរណ៍។

សេចក្តីណែនាំ​ដែលចុះហត្ថលេខាដោយ​រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍ បាន​លើកឡើងថា ក្នុងស្មា​រតីបុរេសកម្មបំពេញករណីយកិច្ចចូលរួមក្នុងសកម្មភាពបង្ការនិងពន្លត់អគ្គិភ័យ ក៏ដូចជាយកចិត្ត​ទុកដាក់ជាចម្បងលើសុវត្ថិភាព ការការពារអាយុជីវិត និងការបង្ការការខាតបង់ទ្រព្យសម្ប​ត្តិដោ​យចៃដន្យពីគ្រោះថ្នាក់អគ្គិភ័យណាមួយ ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍។

​លោកបាន​បញ្ជាក់ថា ៖ «ត្រូវ​បង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការ និងទប់ស្កាត់ការកើតឡើងនៃគ្រោះថ្នាក់អគ្គិភ័យ ដើម្បីធានាបានសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរ ដូចមានចែងក្នុងច្បាប់ស្ដីពីទេសចរណ៍ និងច្បាប់ស្តីពីការបង្ការនិងការពន្លត់អគ្គិភ័យ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ»

លោក សុខ សូកេន បានបន្ថែមថា ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវដោយផ្ទាល់ក្នុងការបង្ការនិងពន្លត់អគ្គិភ័យនៅក្នុង មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍របស់ខ្លួន និង​ត្រូវប្រាកដថាប្រព័ន្ធបង្ការអគ្គិភ័យ និងឧបករណ៍ពន្លត់អគ្គិភ័យនៅក្នុងមូលដ្ឋានអាជីវកម្មសេវាកម្មទេស​ចរណ៍​របស់ខ្លួនស្ថិតក្នុងលក្ខខណ្ឌល្អអាចប្រើប្រាស់ និងអាចឆ្លើយតបគ្រោះ អគ្គិភ័យបានភ្លាមៗ និងមានប្រសិទ្ធភាព

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តថា ត្រូវអនុវត្តតាមលក្ខខណ្ឌ និងវិធានការនានាស្តីពីការបង្ការនិងការពន្លត់អគ្គិភ័យរបស់ក្រសួង មានសមត្ថកិច្ច និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ចំពោះរាល់ការស្តុក ឬការប្រើប្រាស់ សារធាតុងាយឆេះ ងាយផ្ទុះឆេះ ប្រភពភ្លើង ឬប្រភពកម្ដៅ ដែលអាចបង្កឱ្យមានអគ្គិភ័យ

លោកថា ៖ «ត្រូវរៀបចំច្រកចេញក្នុងគ្រាអាសន្ននៅក្នុងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍របស់ខ្លួនឱ្យ ស្របតាមច្បាប់កំណត់ និងត្រូវធានាថាមិនមានឧបសគ្គណាមួយ ឬក៏មានអ្វីរារាំងនៅច្រកចេញ ក្នុងគ្រាអាសន្ននោះឡើយ»។

​ត្រូវជូនដំណឹងដល់អាជ្ញាធរដែនដី និងសុំជំនួយពន្លត់អគ្គិភ័យពីអង្គភាពនគរបាលពន្លត់អគ្គិភ័យ ឱ្យបានឆាប់បំផុត ក្នុងករណីកើតមានគ្រោះថ្នាក់អគ្គិភ័យនៅក្នុងមូលដ្ឋានអាជីវកម្មសេវាកម្ម ទេសចរណ៍របស់ខ្លួន។ ត្រូវសហការជាមួយអង្គភាពនគរបាលបង្ការ និងពន្លត់អគ្គិភ័យដើម្បីធ្វើផែនការបង្ការពន្លត់ អគ្គិភ័យ និងជម្លៀសមនុស្សចេញក្នុងករណីមានអគ្គិភ័យកើតឡើង ប្រសិ​ន​បើ​មានគម្រោង រៀបចំពិធីធំៗណាមួយដែលប្រមូលផ្តុំមនុស្សច្រើនកុះករ។ នេះបើតាម​រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍៕

Daily Program

Livesteam thumbnail