យូនីសេហ្វ៖ កុមារស៊ីរីកាន់តែច្រើនឡើងៗដែលត្រូវការជំនួយមនុស្សធម៌

ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិដែលគេស្គាល់ថា អង្គការយូនីសេហ្វបាននិយាយថា កុមារចំនួន ៧,៥លាននាក់នៅក្នុងប្រទេសស៊ីរីកំពុងត្រូវការជំនួយមនុស្សធម៌។

ដោយកត់សម្គាល់រយៈពេល ១៣ ឆ្នាំចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមស៊ីវិលនៅក្នុងប្រទេសស៊ីរី អង្គការនេះ បានរាយការណ៍ថា កុមារស្ទើរតែ ៧,៥លាននាក់នៅក្នុងប្រទេសកំពុងត្រូវការជំនួយមនុស្សធម៌ ខណៈដែលតួរលេខនេះគឺមានចំនួន ច្រើនជាងពេលផ្សេងទៀតក្នុងអំឡុងពេលជម្លោះ។

សេចក្តីថ្លែងការណ៍របស់អង្គការយូនីសេហ្វបានគូសបញ្ជាក់ពី «វដ្តនៃអំពើហិង្សា និងការផ្លាស់ទីលំនៅ» ក៏ដូចជាវិបត្តិសេដ្ឋកិច្ច ការផ្ទុះជំងឺ និងការរញ្ជួយដីឆ្នាំ ២០២៣ ដែលជាកត្តារួមចំណែកដល់ផលវិបាក «រាងកាយ និងផ្លូវចិត្តរយៈពេលវែង» សម្រាប់កុមារស៊ីរី។

អង្គការយូនីសេហ្វ បានកត់សម្គាល់ថា កុមារអាយុក្រោម ៥ឆ្នាំ ប្រមាណ ៦៥ម៉ឺននាក់ មានបញ្ហាកង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ ដែលជាការកើនឡើងប្រហែលសាមសិបភាគរយ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ លើសពីនេះ ប្រហែលមួយភាគបីនៃកុមារទាំងអស់នៅក្នុងប្រទេសស៊ីរីបានរាយការណ៍ពីបញ្ហាផ្លូវចិត្ត ដោយក្មេងស្រីងាយរងគ្រោះជាងក្មេងប្រុសបន្តិច។

នាយកប្រចាំតំបន់របស់អង្គការយូនីសេហ្វ លោកស្រី អេដេល ខដ( Adele Khodr) មានប្រសាសន៍ថា “ការពិតដ៏សោកសៅគឺថា ថ្ងៃនេះ និងនៅថ្ងៃខាងមុខ កុមារជាច្រើននៅក្នុងប្រទេសស៊ីរី នឹងប្រារព្ធខួបគម្រប់ ១៣ឆ្នាំរបស់ពួកគេ ក្លាយជាក្មេងជំទង់ ដែលស្គាល់ត្រឹមតែជម្លោះ និងអំពើហិង្សា។

 លោកស្រី​និយាយ​ថា កុមារានិងកុមារីនៅ​ស៊ីរី ត្រូវការ​សន្តិភាព​យូរអង្វែង ប៉ុន្តែតម្រូវការចំពោះមុខនៅពេលនេះគឺកញ្ចប់ជំនួយដែលមានទឹក ប្រាក់ជាង ៤០០ លានដុល្លារ ដើម្បីសង្រ្គោះ មនុស្ស ៨,៥ លាននាក់ រួមទាំងកុមារចំនួន ៥,៤ លាននាក់ លើផ្នែក អប់រំ ទឹកស្អាត និងអនាម័យ សុខភាព អាហារូបត្ថម្ភ ការការពារកុមារ និងសង្គម៕

Daily Program

Livesteam thumbnail