មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ​ផ្តល់ឱកាសដល់អ្នកស្រឡាញ់ការងារអភិរក្ស ចុះសិក្សាស្រាវជ្រាវសរសេរនិក្ខេបបទបាន

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ដែលមានទីតាំងនៅជើងភ្នំក្បាលស្ពាន ឧទ្យានជាតិព្រះស្រីវរ្ម័ន នរោត្តម-ភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នឹង​ផ្តល់ឱកាសដ​ល់អ្នកស្រឡាញ់ការងារអភិរក្ស ចុះមកសិក្សាស្រាវជ្រាវសរសេរនិក្ខេបបទដើម្បីបញ្ចប់ថ្នាក់ប​រិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្រ្ត (MSc) របស់ពួកគាត់ នៅមជ្ឈមណ្ឌលនេះបាន។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) គឺ​ជាមជ្ឈមណ្ឌលអភិរក្សធម្មជាតិដំបូងគេក្នុងប្រទេសកម្ពុជា បង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកក្នុងការអភិរក្សសត្វព្រៃ និងជីវចម្រុះនៅកម្ពុជា ដែលបានផ្តល់ជម្រកដល់សត្វព្រៃរាប់រយក្បាល ​ក្នុងចំណោ​មសត្វចំនួន៣០ប្រភេទ។

មជ្ឈមណ្ឌល​ACCB បាន​លើកឡើងថា ៖ «ពួកយើងមានការតាំងចិត្តក្នុងការស្វែងយល់អំពីអា​កប្បកិរិយារបស់សត្វ និងលក្ខណៈជីវសាស្រ្តរបស់សត្វដែលជះឥទ្ធិពលដល់ការរស់នៅរបស់ពួកវា។ វិធីសាស្រ្ដមួយដែលយើងធ្វើដើម្បីបង្កើនចំណេះដឹងរបស់យើងគឺការផ្តល់ឱកាសដល់អ្នកស្រឡាញ់ការងារអភិរក្ស ចុះមកសិក្សាស្រាវជ្រាវសរសេរនិក្ខេបបទដើម្បីបញ្ចប់ថ្នាក់ប​រិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្រ្ត (MSc) របស់ពួកគាត់ នៅ ACCB»។

ប្រភពដដែល​បានបន្តថា ឆ្នាំនេះACCB មានសេចក្ដីរំភើប ដោយមានវត្តមានកញ្ញា Lauren DE NARDI ជានិស្សិតមកពីប្រទេសបារាំង បានមកសិក្សាស្រាវជ្រាវអំពីសត្វអណ្ដើកសរសៃ (Batagur affinis) ដែលត្រូវបានគេស្គាល់ផងដែរថាជា «អណ្ដើកហ្លួង»។

ប្រភេទសត្វកំពុងរងគ្រោះថ្នាក់ខ្លាំង/ជិតផុតពូជនេះ ត្រូវបានគេគិតថាផុតពូជនៅក្នុងប្រទេសកម្ពុជា រហូតដល់មានការរកឃើញឡើងវិញក្នុងឆ្នាំ ២០០០។

តាមរយៈកិច្ចសហការរបស់ ACCB ជាមួយនឹង​អង្គការសមាគមអភិរក្សសត្វព្រៃ ប្រចាំកម្ពុជា និ​ងរដ្ឋបាលជល មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ​កំពុងសិក្សាអំពីអាកប្បកិរិយានៃការធ្វើសំបុករបស់អណ្តើកទាំងនេះ ដើម្បីធ្វើឱ្យការថែទាំពួកវានៅក្រៅដែនជម្រកធម្មជាតិមានលក្ខណៈប្រសើរឡើង និងធានាដល់ការរស់រានមានជីវិតរបស់ពួកវានាពេលអនាគត៕

Daily Program

Livesteam thumbnail