ព្រះមហាក្សត្រ ត្រាស់បង្គាប់ លើកលែងទោស លោក គង់ សភា

​ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេ​ញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ លើកលែងទោសលោក គង់ សភា បន្ទាប់ពីបាន​សរសេរលិខិត​ស្នើកា​រសុំអភ័យទោស និង​សុំការអន្តរាគមន៍​លើកលែងទោសពី​នាយករដ្ឋមន្រ្តី។

យោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី​២៤ ខែមេសា ឆ្នាំ២០២៤​ ដែលឡាយព្រះហស្តលេខាដោយ ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បាន​ត្រាស់បង្គាប់លើកលែងទោសឱ្យទណ្ឌិតឈ្មោះ គង់ សភា ដែលត្រូវបានតុលាការសម្រេច​ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ​២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ។

ព្រះរាជក្រឹត្យ បានបន្តថា ៖ «សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជាត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខានេះតទៅ»។

សូមបញ្ជាក់ថា លោក គង់ សភា អតីតំណាងរាស្ត្រអតីតតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៃ​អតីតគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតមួយកាលពីពេល​​ថ្មីៗនេះ ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត ដោយ​បានទទួលស្គាល់កំហុស និងបានស្នើសម្តេចធិបតី ហ៊ុន ម៉ាណែត អ​ន្តរាគមន៍លើកលែងទោស ដើម្បីលោកអាចវិលមកខ្មែរវិញ និងជួបជុំគ្រួសារ មើលថែឪពុកម្តាយចាស់ជរា។

លោក គង់ សភា បានលើកឡើងថា ៖ «ខ្ញុំបាទ ពិតជាមានការសោកស្ដាយ ដែលរាល់ទង្វើ និង ស​កម្មភាពមួយចំនួនកន្លងទៅ បានធ្វើអោយប៉ះពាល់ដល់ដំណើរការអភិវឌ្ឍ សន្តិភាព ស្ថេរភាព និ​ងគោលនយោបាយ នានារបស់រាជរដ្ឋាភិបាលកម្ពុជា»។​

លោកបានបញ្ជាក់ទៀតថា ៖ «ខ្ញុំបាទសូមអភ័យទោសចំពោះរាជរដ្ឋាភិបាល នៃព្រះរាជាណាច​ក្រកម្ពុជា ជាពិសេសចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង សម្តេចអគ្គមហាស​នាបតីតេជោ ហ៊ុន សែន»​៕

Daily Program

Livesteam thumbnail