ប្រមុខអង្គការអូតង់ អះអាងថា វាមិនយឺតទេ សម្រាប់ទីក្រុងគៀវ ឈ្នះសង្រ្គាម

អគ្គមេបញ្ជាការយោធាអ៊ុយក្រែន លោកអូឡិចសាន សៀស្គី កាលពីថ្ងៃអាទិត្យ បានទទួល ស្គាល់​ថា ស្ថានភាពនៅសមរភូមិមុខ រងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។

ជានិច្ចកាលនៅក្នុងការរងចាំជំនួយពីអាម៉េរិក ដែលបានបោះឆ្នោតអនុម័តនៅថ្ងៃទី២៣ ខែ​មេសា នៅសភាអាម៉េរិក ប្រទេសអ៊ុយក្រែនបានឆ្លងកាត់ពេលវេលាដោយប្រើវិធីសាស្រ្ត​ដើម្បី​តែ​រស់​រានមានជីវិត។ ដោយទទួលស្គាល់ជោគជ័យបែបតាក់តិចជាច្រើនរបស់ទាហានរុស្ស៊ី មេ​បញ្ជា​ការនៃប្រមុខយោធាអ៊ុយក្រែន កាលពីថ្ងៃអាទិត្យបានទទួលស្គាល់ថា ស្ថាន​ភាព​នៅ​លើ​សមរភូមិ​គឺរងការខូចខាតជាខ្លាំង។

យោងតាមលោកអូឡេចសាន សៀស្គី ទាហានរុស្ស៊ី បានប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែង​​នៅក្នុង​ផ្នែកជាច្រើន​ ដែលបង្កើតបានជាប្រយោជន៍ដ៏មានន័យ បើនិយាយទៅដល់កម្លាំង និង​មធ្យោយបាយ​​ដើម្បីព្យាយាម​ប្រកាន់យកបានគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត និងចោះទម្លុះ​ខ្សែ​ត្រៀម​ជួរមុខ។

បើតាមអភិបាលតំបន់អូដឺសា បានឲ្យដឹងថា ការវាយប្រហាររបស់មីស៊ីលរុស្ស៊ី កាល​ពី​ថ្ងៃ​ចន្ទ ក៏បានបង្កឲ្យមានការស្លាប់ របស់​មនុស្សយ៉ាងហោចណាស់ ៤នាក់ និងធ្វើឲ្យ ២៨នាក់ រង​របួស​នៅក្នុងទីក្រុងនៃកំពង់ផែ អូដឺសា នៅភាគខាងនិរតីនៃប្រទេសអ៊ុយក្រែន។​ លោក​អូឡេច ឃីផើ អភិបាលតំបន់ បានថ្លែងថា ៖ ”ស្ត្រី ៣នាក់ និងបុរស​ម្នាក់​ត្រូវ​បាន​សម្លាប់។ យោង​តាម​តុល្យការ​​បច្ចុប្បន្ន មនុស្ស ២៨នាក់ បានរងរបួស ដែលក្នុងនោះមាននារីក្មេង ២នាក់ និង​នារី​ពរ​ពោះ​ម្នាក់។ អ្នករងរបួស ៤នាក់ ស្ថិត​នៅក្នុងសភាពធ្ងន់ធ្ងរ ហើយក្រុម​គ្រូ​ពេទ្យ​តស៊ូ​ដើម្បី​សង្រ្គោះជីវិតពួកគេ។ ក្រោយមកបន្តិច លោកបានបង្ហាញថា មានមនុស្សយ៉ាងហោច​ណាស់ ២​នាក់ បានស្លាប់ និង ១៧នាក់ បានរង​របួស។ លោកបានបញ្ជាក់ថា ការវាយ​ប្រហារ​បាន​ធ្វើ​ឲ្យ​ខូចខាត អគារលំនៅដ្ឋាន និងហេដ្ឋា​រចនាសម្ព័ន្ធស៊ីវិលដទៃៗ ទៀត។

យោងតាមរូបភាពពីប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន អគារមួយ​ដែលស្ថិតនៅតាមមាត់សមុទ្រ ដែល​​ជាកម្មសិទ្ធរបស់បណ្ឌិតសភាតុលាការអ៊ុយក្រែននៅអូដឺសា និងត្រូវបានគេស្គាល់ថា ដូចជា ប្រាសាទតូចមួយ បានឆេះនៅអំឡុងការវាយប្រហារនេះ។

ប្រមុខនៃអង្គការណាតូ លោកជេន ស្តូលថេនប៊ឹក ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងគៀវ កាល​ពី​ថ្ងៃចន្ទ បានអះអាងថា វាមិនយឺតទេ​ដើម្បីអ៊ុយក្រែនអាចយកជ័យជម្នះលើរុស្ស៊ី ទោះបី​ជា​មាន​ការវាយបកថ្មីៗ នេះពីទាហានរុស្ស៊ីនៅលើ​សមរភូមិមុខក៏ដោយ។ នៅអំឡុង​ពេល​សន្និសីទ​កាសែតជាមួយប្រធានាធិបតីវ៉ូឡូឌីមៀ ហ្សេឡេនស្គី លោកជេន ស្តូលថេនប៊ឹក បាន​ថ្លែង​ថា ជំនួយបន្តកំពុងស្ថិតនៅលើផ្លូវមកដល់អ៊ុយក្រែន ហើយលោករំពឹងថា វានឹងមកដល់​ឆាប់ៗ។

ចំណែកប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា ៖ “ជារួម យើងត្រូវតែធ្វើឲ្យបរាជ័យនូវការវាយ​ប្រហាររបស់រុស្ស៊ី។” លោកបានបន្ថែមថា ៖ “ភាពលឿនរហ័សនៃការផ្គត់ផ្គងមានន័យថា ធ្វើឲ្យ​មានស្ថិរភាពនៃសមរភូមិមុខ”។

ទាហានអ៊ុយក្រែន កាលពីថ្ងៃចន្ទ ទី២៩ មេសា បានបញ្ជាក់ថា បានវាយរុញច្រានការវាយ​ប្រហារចំនួន ៥៥ដង នៅក្នុងតំបន់ជាច្រើន​នៃខេត្តដូណេត។ នៅក្នុងចំណោមនោះ មានតំបន់ អូតឆឺរឺទីណេ ដែលមានការប្រយុទ្ធដោយហិង្សា ត្រូវបានរាយការណ៍ កាលពីថ្ងៃអាទិត្យ។​ នេះ​គឺជា ភូមិ​មួយដែលស្ថិតនៅភាគខាងជើងទីក្រុង អាវឌីអ៊ីវកា ដែលត្រូវដណ្តើម​បានដោយ​ទាហាន​រុស្ស៊ី កាលពីខែកុម្ភៈមុន។

ចាប់តាំងពីពេលនោះ កងកម្លាំងទីក្រុងមូស្គូ បានរីកចម្រើនវាយទៅមុខ​កាន់តែជ្រៅ​នៅ​ក្នុង​តំបន់​ដូណេត។ ទីក្រុងគៀវ បានបញ្ជាក់ថា ទាហានសត្រូវព្យាយាមចំនួន ១៥ដង ដើម្បី​ទម្លុះ​ខ្សែ​ការពាររបស់ទាហានអ៊ុយក្រែន ដោយសារតែមានជំនួយពីយន្តហោះចម្បាំង។

Daily Program

Livesteam thumbnail