បេក្ខជន៩៧នាក់ ទទួលពិធីត្រាស់ហៅពីលោកអភិបាល​ភូមិភាគកំពង់ចាម

ក្នុង​សប្តាហ៍ទី​១​នៃ​រដូវ​​អប់រំ​ពិសេស លោកអភិបាល​ព្រះ​សហគមន៍កាតូលិកភូមិភាគកំពង់ចាមធ្វើ​ពិធី​ត្រាស់ហៅ​ បេក្ខជន៩៧នាក់​កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ នៅព្រះវិហារ​​សន្តយ៉ូហានបាទីស្ត ប៊ូស្រា ក្នុ​ងខេត្ត​មណ្ឌល​គិរី​ ដែលស្ថិតនៅ ភូមិឡាំម៉េះ ឃុំប៊ូស្រា ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី។

បេក្ខជន​ទាំងនេះ នឹ​ង​ទទួល​ពិធី​ជ្រមុជទឹក​ក្នុង​ឱកាស​បុណ្យ​ចម្លង​ខាង​មុខ​នេះ។

ក្នុង​ធម្មទេសនា​ លោក​អភិបាល​សិលា សួន ហង្សលី បានណែ​នាំ​បេក្ខជន​ទាំង​អស់​ ឱ្យ​ប្រុង​ស្មារតីដោយ​ត្រូវ​ដឹងថា ពេលយើងជ្រមុជទឹកហើយ យើងក៏នឹងជួបការល្បួងដូចព្រះយេស៊ូដែរ ប៉ុន្តែសូមឲ្យយើងឈ្នះការល្បួង ដោយមានព្រះយេស៊ូជាគំរូ ជាកម្លាំងនិង​ជាទីពឹងរបស់យើង។ ដូច្នេះ នៅក្នុងរដូវសែសិបថ្ងៃនេះ សូមឲ្យយើងគិតថា តើយើងកំពុងរស់នៅក្នុង​វាលរហោស្ថាន ដើម្បីឲ្យយើងកែប្រែចិត្តគំនិត វិលមករកសេចក្ដីល្អវិញ។

នៅក្នុងគម្ពីរ ព្រះយេស៊ូនៅ​វាលរហោស្ថានរយៈពេល៤០ថ្ងៃ ពេលនោះព្រះអង្គអត់ទទួលទានអាហារ ក្រោយមកមារល្បួង ហើយព្រះយេស៊ូបានឈ្នះការល្បួង។ លោកអភិបាល​បញ្ជាក់។

ក្នុងរដូវ​អប់រំ​ពិសេស​ដែល​បាន​ចាប់​ផ្តើម​កាលពី​ថ្ងៃពុធ​ ទី​១៤ ខែ​កុម្ភៈ​ ដែលមាន​រយៈពេល​៤០​ថ្ងៃ ជាពេលវេលា​គ្រីស្តបរិស័ទ​ត្រូវ​រិះគិត​និង​កែប្រែ​ចិត្ត​គំនិត​ រិះគិត​ព្រះបន្ទូល អធិដ្ឋាន តម​អាហារ​និង​ចែក​ទាន​ដល់​អ្នក​ក្រីក្រ។

លោក​អភិបាល​​ភូមិភាគ​កំពង់ចាម មាន​ប្រសាសន៍ទៀតថា ការកែប្រែចិត្តគំនិត គឺកែប្រែពីអំពីអាក្រក់ទៅអំពើល្អ កែប្រែនូវអ្វីដែលយើងធ្លាប់រស់នៅពិបាកជាមួយអ្នកដទៃ ពិបាកជាមួយខ្លួនឯង​ និងពិបាកជាមួយព្រះជាម្ចាស់ ឲ្យយើងកែប្រែឲ្យរស់នៅបានល្អប្រសើរជាមួយគ្នាឡើងវិញ។

លោកអភិបាលហង្សលី បាន​បញ្ជាក់​ដល់​បេក្ខជន​ទាំង​អស់​ថា ពេលណាយើងជ្រមុជទឹក មានន័យថាយើងបានផ្លាស់ប្តូរ​ជីវិតរបស់យើងយ៉ាងធំ យើងត្រូវបញ្ឈប់គោរពអ្នកតា ឈប់កាប់ក្របីកាប់គោដើម្បីសែន ផ្លាស់ប្រែពីជំនឿចាស់របស់ខ្លួន​មកកាន់ជំនឿថ្មីតាមរបៀបព្រះយេស៊ូ។

លោក​បញ្ជាក់​ថា ក្នុងជីវិត​ជា​​ក្រីស្តបរិស័ទ​មិន​ងាយ​ស្រួល​ឡើយ គឺត្រូវ​ជួប​នូវការ​លំបាក​​​ ដូចលោកលោកណូអេ មានគេសើច គេឆ្ងល់ ហេតុអ្វីយើងត្រូវជឿលើព្រះយេស៊ូនេះ។ ដូច្នេះ មានតែមនុស្សដែលទទួលការបំភ្លឺពីព្រះជាម្ចាស់ ដែលសម្រេចចិត្តដើរតាមផ្លូវមួយ ដើម្បីទទួលការសង្គ្រោះ។

លោកអភិបាលបាន​សំណូម​ពរ​ដល់​បេក្ខជន​ឲ្យ​ចេះ​ថែ​រក្សា​​ជំនឿឲ្យបានរឹងមាំ និងសូមឲ្យ​បងធម៌ និងគ្រីស្តបរិស័ទនៅតាមព្រះសហគមន៍នីមួយៗ រស់នៅជាគំរូ​ដល់​ពួកគាត់​ និងជួយណែនាំឲ្យពួកគាត់មានជំនឿរឹងមាំផង។

បេក្ខជន​ទាំង​៩៧​នាក់ បាន​ជួប​ជុំ​គ្នា​មុន​មួយ​ថ្ងៃនាពេល​រសៀល ដើម្បី​ទទួល​ការអប់រំ​ណែនាំ​ពី​លោកអភិបាល​សិលា សួន ហង្សលី អំពី​អគ្គសញ្ញាជ្រមុជទឹក និង​ការ​រស់នៅ​ជា​គ្រីស្តបរិស័ទ​ដែល​មាន​រយៈ​ពេល​១​ម៉ោង​ពេញ បន្ទាប់​មក​ក៏​មាន​ពិធីអធិដ្ឋាន​តាម​បែប​តេហ្សេ ដើម្បី​ជួយ​ឲ្យ​ពួកគាត់​មានទំនាក់​ទំនង​ជាមួយព្រះជាម្ចាស់​និង​ត្រៀម​ខ្លួន​សម្រាប់​ពិធី​ត្រាស់ហៅ​។

លោក ណាម ស៊ីចិន អាយុ​២៤​ឆ្នាំ មកពីព្រះសហគមន៍ដាក់ដាំក្នុង​ខេត្ត​មណ្ឌល​គិរី បានឲ្យដឹងថា លោក​បានស្គាល់ព្រះសហគមន៍តាំងពីកុមារភាប​ ហើយបានទទួលការអប់រំជំនឿនៅកំពង់ចាមបាន២ឆ្នាំ។ អ្វី​ដែល​លោក​ចាប់​អារម្មណ៍​នោះគឺ​​ការអប់រំជំនឿនាំឲ្យជីវិតរបស់​គាត់​​ផ្លាស់ប្តូរ។

លោក​ថា ពេលដែលស្គាល់ព្រះសហគមន៍ និងព្រះយេស៊ូ ជួយឲ្យជីវិតប្រសើរជាមុន រាល់ពេលអស់កម្លាំង ឬបាក់ទឹកចិត្ត អស់សង្ឃឹម គាត់តែងតែអធិដ្ឋានទៅព្រះជាម្ចាស់ នាំឲ្យមានកម្លាំង និងក្តីសង្ឃឹមឡើងវិញ។

ស៊ីចិនបានបន្តថា៖ «ពេលដែលក្លាយជាគ្រីស្តបរិស័ទខ្ញុំនឹងនាំឲ្យមិត្តភក្តិ និងអ្នកជិតខាងស្គាល់ព្រះយេស៊ូដូចខ្ញុំដែរ។»

បេក្ខជន៩៧នាក់ដែលមកពីព្រះសហគមន៍រលៀក៣នាក់ បុសខ្នុរ៥នាក់ មេមត់៣នាក់ ក្តុលលើ១៥នាក់ កំពង់ចាម៤នាក់ ព្រៃវែង៤នាក់ អ្នកលឿង៩នាក់ កអណ្តើក៣នាក់ រតនគិរី៤នាក់ កែវសីមា១៥នាក់ និងប៊ូស្រា៣៣នាក់។

ក្នុងថ្ងៃដដែលនោះ លោក​អភិបាល​ព្រះសហគមន៍កាតូលិក​នៅ​ភូមិភាគ​ភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ បាន​ត្រាស់ហៅ​បេក្ខជន​ចំនួន​១៨៥នាក់ ចំណែក​លោក​អភិបាល​អេនរីគេ ហ្វីការេដូ នៃ​ភូមិភាគ​បាត់ដំបង​បាន​ត្រាស់ហៅ​បេក្ខជន​ចំនួន​៦១នាក់​ ដែល​នឹង​ត្រូវ​ទទួល​អគ្គសញ្ញាជ្រមុជទឹក​នាថ្ងៃបុណ្យ​ចម្លង​ខាង​មុខ៕​

 

ដោយ៖ លោក ម៉េង ភីឡុង