នគរបាលជាតិក្រសួងមហាផ្ទៃបង្ក្រាបបទល្មើស៣៩ករណី ឃាត់ខ្លួនជិត១០០នាក់

អនុវត្តតាមបទដ្ឋានគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព នៅថ្ងៃទី​២១ ខែមីនា​ ឆ្នាំ២០២៤ នគរបាលជាតិក្រសួងមហាផ្ទៃ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសទូទៅបាន៣៩ករណី ដោ​យឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៩៥នាក់ចាត់នីតិវិធីតាមច្បាប់បន្ត។ ​

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បាន​ឱ្យដឹងថា​ ករណីព្រហ្មទណ្ឌបង្ក្រាបបានចំ​នួ​ន១១ករណី ឃាត់ខ្លួនបាន១៣នាក់។ ករណីព្រហ្មទណ្ឌ រួមមាន លួច៥ករណី អំពើហិង្សា៤ក​រណី រំលោភសេពសន្ថវៈ១ករណី និងឆក់១ករណី ដោយកើតឡើងក្នុង៩រាជធានីខេត្ត ដូចជា ភ្នំ​ពេញ ពោធិ៍សាត់ ប៉ៃលិន កំពង់ស្ពឺ តាកែវ ព្រៃវែង ត្បូងឃ្មុំ ស្ទឹងត្រែង និងខេត្តបាត់ដំបង។  

ចំណែកឯ ករណីគ្រឿងញៀនវិញ អ្នកនាំពាក្យរង បន្តថា ក្នុងយុទ្ធនាការបោសសម្អាតគ្រឿងញៀន សមត្ថកិច្ចបង្ក្រាបបាន១៩ករណី ឃាត់ខ្លួនបាន៣៨នាក់ និងរឹបអូសសារធាតុសង្ស័យគ្រឿងញៀនចំនួន២គីឡូក្រាម និង១២៦,៩១ក្រាម។ កញ្ឆាក្រៀម០,៥០ក្រាម និងគីមីផ្សំ១៩០,២៤ក្រាម។

អ្នកនាំពាក្យដដែល​បានបន្តថា ករណីទាំងនេះ បានកើតឡើងក្នុងភូមិសាស្ត្រ៨រាជធានីខេត្ត និងក៏មានការចូលរួមបង្ក្រាបដោយមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ។

ជាលក្ខណៈពិសេសនៅ រាជធានីភ្នំពេញ នគរបាលជាតិបង្ក្រាបការជួញដូរគ្រឿងញៀនបាន២គីឡូក្រាម និង០,៩៨ក្រាម ដោយឃាត់ខ្លួនជនជាតិចិនចំនួន២៦នាក់។

ចំពោះសកម្មភាពក្មេងទំនើងវិញ នគរបាលជាតិ បង្ក្រាបបាន៨ករណី ឃាត់ខ្លួន១៦នាក់។ អ្នកនាំពាក្យរង បញ្ជាក់ថា នៅរាជធានីភ្នំពេញចំនួន៦ករណី ឃាត់ខ្លួន១២នាក់ ខេត្តកណ្ដាល១ករណី ឃាត់ខ្លួន៣នាក់ និងខេត្តត្បូងឃ្មុំ១ករណី ឃាត់ខ្លួន១នាក់។ នេះបើតាមការបន្ថែម​ពីលោក ទូច សុខៈ។

លោកបានបន្តថា នៅថ្ងៃដដែលនោះដែរ នគរបាលជាតិ ក៏បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅ​ខេត្តកំពតចំនួន១ករណី ឃាត់ខ្លួន១នាក់ ប៉ុន្តែមិនកសាងសំណុំរឿងទៅតុលាការទេ ត្រឹមចាត់​វិធានការរដ្ឋបាល ពោលគឺ អប់រំណែនាំនិងធ្វើកិច្ចសន្យាបញ្ឈប់សកម្មប្រព្រឹត្តិ។

លោកបានបញ្ជាក់ថា ៖ «ការបង្ក្រាបបទល្មើសទូទៅ គឺជាទិសដៅអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃ បានដាក់ចេញកាលពីដើមអាណត្តិទី៧នេះ តាមគោលការណ៍«សម្អាតផ្ទះយើង» របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និង​ទស្សនៈរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី«អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕​

Daily Program

Livesteam thumbnail