ជាមួយនឹងលោកបឺលូសូវនៅក្រសួងការពារជាតិ លោកពូទីន ចង់ឲ្យគេឮថា លោក ត្រៀមសម្រាប់សង្រ្គាមយូរអង្វែង
នៅខណៈដែលទាហានរុស្ស៊ីមានវឌ្ឍនភាពឆ្ពោះទៅមុខនៅអ៊ុយក្រែន លោកវ្ល៉ាឌីមៀ ពូទីន បានផ្លាស់ប្តូររដ្ឋមន្រ្តីការពារជាតិ។ លោកសឺហ្គ៉េ ឆ័រហ្គូ ដែលកាន់តំណែងនេះតាំងពី ឆ្នាំ ២០១២ និងជាមនុស្សស្មោះត្រង់ម្នាក់ជាមួយប្រមុខវិមានក្រឹមឡាំង ត្រូវបានផ្លាស់ចេញកាល ពី ថ្ងៃអាទិត្យ ដោយជំនួសដោយឧបនាយករដ្ឋមន្រ្តីលោកអន់ដ្រេអ៊ី បឺលូសូវ ដែលជាអ្នក សេដ្ឋកិច្ចមិនមានបទពិសោធន៍ខាងយោធា។
រដ្ឋមន្រ្តីការពារជាតិថ្មីរបស់រុស្ស៊ី លោកអន់ដ្រេអ៊ី បឺលូសូវ ដែលត្រូវជ្រើសរើសដោយលោកវ្លាឌីមៀ ពូទីន កាលពីថ្ងៃទី១២ ខែឧសភា មិនមែនជាយោធា។ ប្រវិត្តរូបរបស់អ្នកសេដ្ឋកិច្ច រូបនេះ អាចធ្វើឲ្យមានការងឿងឆ្ងល់នៅក្នុងរដ្ឋធានីលោកខាងលិច។ អ្នកជំនាញដែលគិតទៅដល់ការតែងតាំងរូបលោក និងការរុះរើដ៏គួរឲ្យភ្ញាក់ផ្អើលនៃរដ្ឋាភិបាលរបស់រុស្ស៊ី វាយតម្លៃថា វាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេនៅខណៈដែលសេដ្ឋកិច្ចរុស្ស៊ីកំណត់ទិសដៅទៅរកកិច្ចខិតខំប្រឹងប្រែងខាងសង្រ្គាម។ នេះក៏ដូចជាលោកសឺហ្គ៉េ ឆ័រហ្គូ ដែលស្ថិតនៅក្នុងចំណោមមនុស្សដ៏ជិតស្និទ្ធបំផុតនឹងប្រមុខវិមានក្រឹមឡាំង និងដែលមានឯកសណ្ឋានល្អក្នុងទាហាន ក៏មិនមានប្រវត្តិរូបក្នុងទាហានរុស្ស៊ីដែរ។
លោកអាឡិចហ្ស៉ង់ដ្រា ហ្វីលីពេនកូ អ្នកវិភាគនយោបាយឯករាជ្យនៅទីក្រុងវីលនីញ៉ុស ប្រទេសលីទុយអានី បានពិចារណាថា ការឡើងកាន់តំណែងរបស់អ្នកបច្ចេកវិទ្យា និងអ្នកសេដ្ឋកិច្ចថ្មីនេះ បង្ហាញជាពិសេសថា នៅក្នុងភ្នែករបស់ទីក្រុងមូស្គូ សង្រ្គាមអាចចំណាយរយៈពេលជាច្រើនឆ្នាំ ហើយវានឹងយូរទៅមុខ។
ការរុះរើគណរដ្ឋមន្ត្រីកើតមានឡើងនៅពេលនេះ ដោយហេតុតែមានការបញ្ចេញជំនួយរបស់អាម៉េរិកទៅកាន់អ៊ុយក្រេន ដែលរុស្ស៊ីគិតថា នឹងមិនមាន ដោយសារតែប្រយុទ្ធគ្នាដ៏ស្រួចស្រាវ រវាងអ្នកប្រជាធិបតេយ្យ និងអ្នកសាធារណរដ្ឋ នៅសភាអាម៉េរិក។ បន្ទាប់ពីរយៈពេលដ៏ច្រើនខែនៃការពិភាក្សាដ៏យូរ កញ្ចប់ថវិកា ៦១ ពាន់លានដុល្លារ ក៏មាន ដើម្បីជួយខាងយោធា និងសេដ្ឋកិច្ចសម្រាប់អ៊ុយក្រែន។
ចាប់តាំងពីការបញ្ចេញជំនួយនេះ វាបានក្លាយជាច្បាស់លាស់ទាំងស្រុងសម្រាប់ទីក្រុងមូស្គូដែលថា សង្រ្គាមអាចមានរយៈពេលយូរ។ ដូច្នេះវិមានក្រឹមឡាំង ពិចារណាថា គេត្រូវការលុយដើម្បីដឹកនាំសង្រ្គាម ហើយថាធនធានសព្វថ្ងៃនឹងលែងមានសេរីទៀតហើយ។ វាគ្រាន់តែមើលទៅកាន់ក្រុមហ៊ុន ហ្គាហ្សព្រម ដែលត្រូវបាយវាយតម្លៃថា ជារតនសម្បត្តិរបស់វិមានក្រឹមឡាំង ក៏មើលឃើញថា វាលែងមានផលចំណេញជាលើកទី១ នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ ក្រុមហ៊ុនឧស្ម័នយក្ស សរសរស្តម្ភដ៏សំខាន់នៃសេដ្ឋកិច្ចរុស្ស៊ី បានប្រកាសកាលពីដើមខែឧសភាថា កាលពីឆ្នាំមុន ក្រុមហ៊ុននេះបានរកស៊ីខាតដល់កម្រិតឯកតកម្ម គឺ ៦,៤ពាន់លានអឺរ៉ូ។
វិមានក្រឹមឡាំងមិនត្រូវការទាហាន ឬអ្នកធ្វើការក្នុងអតីតក្របខណ្ឌការពារជាតិដែរ។ រុស្ស៊ីត្រូវការអ្នកដែលយល់អំពីសេដ្ឋកិច្ច និងដែលដឹងថា ដឹកនាំសង្រ្គាមសម័យទំនើបនេះយ៉ាងម៉េច? ធ្វើដូចម្តេចប្រមូលផ្តុំធនធានថ្មីៗ និងបែងចែកពួកវាបានលឿន។ មានប្រភពពីមជ្ឈដ្ឋានសេដ្ឋកិច្ចនៅក្នុងអំណាចរុស្ស៊ី លោកអន់ដ្រេអ៊ី បឺលូសូវ យល់ដឹងបានល្អនូវស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស។
កាលពីឆ្នាំមុន ក្រុមការងារមួយ ត្រូវបានបង្កើតឡើងក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ដែលមានលោកសឺហ្គ៉េ ឆ័រហ្គូ ជាលេខា។
នៅក្នុងក្រុមការងារនេះ លោក អន់ដ្រេអ៊ី បឺលូសូវ ធ្លាប់ធ្វើសំណើរទៅលោកពូទីន អំពីរបៀបដែលប្រែក្លាយសេដ្ឋកិច្ចប្រទេសទៅជាសេដ្ឋកិច្ចសង្រ្គាម។ អ្នកដែលមានខួរក្បាលធ្វើផែនការប្រតិបត្តិការនេះ ពីពេលនេះទៅ នឹងដឹកនាំក្រសួងការពារជាតិ។ ការតែងតាំងរូបលោកបង្ហាញគ្រប់យ៉ាងថា រុស្ស៊ីត្រៀមខ្លួនសម្រាប់សង្រ្គាមរយៈពេលវែង។