កម្ពុជា បញ្ជាក់ទៅកាន់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា​ ពីការកែសម្រួលសេវាដើម្បីបង្កើនបរិយាកាសវិនិយោគ​

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបញ្ជាក់ទៅកាន់សមាជិកសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) អំពីការកែសម្រួលសេវារបស់ក្រសួងការងារ ក្នុង​អាណត្តិទី៧ថ្មីនេះ ដើម្បីបន្តជួយគាំទ្រ និងបង្កើនបរិយាកាសអាជីវកម្មនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ​

ការបញ្ជាក់​ដូចនេះធ្វើឡើងនាថ្ងៃទី​២៥ ខែមេសានេះ ​​​ក្នុងវេទិកាធនធានមនុស្សប្រចាំឆ្នាំរបស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា(EUROCHAM) ដែលបានធ្វើឡើងនៅ  សណ្ឋាគារអ៊កវ៉ូត(Oakwood) ក្នុងរាជធានីភ្នំពេញ។​

លោករដ្ឋមន្ត្រី បានលើកឡើងថា ៖ «សេវាមិនតិចជាង១០ប្រភេទនោះទេដែលក្រសួងនឹងត្រូវកែសម្រួលមិនយកថ្លៃ ឬកាត់បន្ថយថ្លៃ និងពេលវេលាដែលជាការអនុវត្តតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានលើកឡើងក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ដើម្បីសម្រួលដល់វិស័យឯកជន»​។ ​

ជាមួយគ្នានោះដែរ​​ លោក ហេង សួរ បានបញ្ជាក់ថា ការកែសម្រួលសេវានឹងអាចប្រកាសនៅដើ​មសប្តាហ៍ក្រោយនៃខែមេសា ឆ្នាំ២០២៤នេះ។ ​

បន្ថែមពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ លោកក៏​បានជំរុញឱ្យសមាជិកសភាពាណិជ្ជកម្មអឺ​រ៉ុបដែលចង់បណ្តុះបណ្តាល ឬបង្កើនសមត្ថភាពបុគ្គលិក មកចុះឈ្មោះបណ្តុះបណ្តាលតាមគ្រឹះ​ស្ថានអប់រំសិក្សារបស់ក្រសួងដែលនឹងផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃតាំងពីកម្រិតបច្ចេកទេសវិជ្ជាជីវៈកម្រិត១ រហូតដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស(ឌីប្លូម៉ា)។

បន្ថែមពីនេះ លោករដ្ឋមន្ត្រីក៏បានរំលឹកពីកម្មវិធីថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាលលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ដែលទទួលបានការបណ្តុះបណ្តាលដោយឥតគិតថ្លៃនិងប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលចំនួន២៨ម៉ឺនរៀលក្នុងមួយខែ។ ​

សូមបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់យកកា​របណ្តុះបណ្តាលជំនាញគឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងចំណោមយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ។

Daily Program

Livesteam thumbnail