កម្ពុជា ធ្វើសកម្មភាពសកលភាវូបនីយកម្មតាមគ្រប់យន្តការដែលបានដាក់ចេញ ជាមួយ​ប្រទេស ដែលមិនទាន់ក្លាយជារដ្ឋភាគីអនុសញ្ញា ​

ក្នុងរយៈពេល ៥ ខែ បន្ទាប់ពីកម្ពុជាទទួលធ្វើជាប្រធាននៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ​បានធ្វើសកម្មភាពកៀរគរ និងបញ្ចុះប​ញ្ចូលតាមគ្រប់យន្តការដែលដាក់ចេញ ជាមួយប្រទេសមួយចំនួនក្នុងចំណោមប្រទេសទាំង ៣៣ ដែលមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញា។

នេះជាការលើកឡើង​ពីសំណាក់លោកទេសរដ្ឋមន្រ្តី​ លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២​០២៤ ថ្លែង​ប្រាប់រដ្ឋភាគីអនុសញ្ញាអូតាវ៉ា និងដៃគូពាក់ព័ន្ធ​ ដោយលោកបញ្ជាក់ទៀតថា ​​ក្នុងនោះ​ប្រទេសគោលដៅទាំងនោះរួមមាន៖ បារ៉ែន ឡាវ កោះម៉ាស្យល មីក្រូណេស៊ី នេប៉ាល់ តុងហ្គា វៀតណាម អាមេនី អាស៊ែបៃហ្សង់ ហ្សកហ្ស៊ី លីបង់ ម៉ុងហ្គោលី និងសិង្ហបុរី។​

​លោកទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់​បែបនេះ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនៃក្រុមកា​រងារសម្របសម្រួលសកលភាវូបនីយកម្ម (Universalization Coordinating Group) នៃអនុសញ្ញាអូ​តាវ៉ា កាលពីល្ងាចថ្ងៃទី​៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងគោលបំណងពិភាក្សាលើការរៀបចំផែន​ការយុទ្ធសាស្រ្ត និងវិធានការអនុវត្តក្នុងការលើកកម្ពស់សកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា​។ ​

លោកបានថ្លែងថា ​៖ «វិធានការ និងយន្តការដែលបានដាក់ចេញទាំងនោះ បានធ្វើឡើងតាមរយៈទំនាក់ទំនងការទូត កំណត់ទូត កិច្ចប្រជុំកំពូល វេទិកាUN-ESCAP កិច្ចប្រជុំពាក់ព័ន្ធ ជំនួបទ្វេភាគី និងការស្វែងរកកិច្ចសហប្រតិបត្តិការនិងការគាំទ្រពីប្រទេសជាមិត្តទាក់ទងនឹងការបញ្ចុះបញ្ចូលប្រទេសមិនទាន់ក្លាយជារដ្ឋភាគី ជាដើម»​។ ​

សូមរម្លឹកដែរថា កាលពីខែមេសាកន្លងទៅថ្មីៗនេះ​ ក្នុងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ លោក លី ធុជ បានជួបប្រជុំទ្វេភាគីដោយឡែកទាំងផ្លូវការ និងក្រៅផ្លូវការជាមួយប្រទេ​សហ្វីជី តុងហ្គា កោះម៉ាសាល់ និងមីក្រូណេស៊ី ក្នុងអំឡុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨០ នៃគណៈក​ម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UNESCAP)៕

Daily Program

Livesteam thumbnail