ទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៤៖ «និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ»

កូនឈើប្រណិតជាង២០០ដើម នឹងដាក់បង្ហាញនៅថ្ងៃទិវាព្រៃឈើសម្រាប់ផ្តល់ជូនអ្នកស្រឡាញ់ព្រៃឈើ ដែលនឹងចូលរួមការប្រារព្ធទិវាព្រៃឈើអន្តរជាតិ នៅទីលានប្រជាធិបតេយ្យនាថ្ងៃចុងសប្តាហ៍នេះ។
យោងតាមហ្វេសប៊ុករបស់Ecology Program, Jesuit Service-Cambodia នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៤នេះ កូនឈើចំនួន ២៥០ដើម រួមមាន៖ បេង ធ្នង់ ក្រញូង ឈើទាល ផ្តៀក សុក្រំ គគីរ ត្រយឹង កកោះ និងនាងនួននឹងដាក់បង្ហាញនៅថ្ងៃទិវាព្រៃឈើសម្រាប់ផ្តល់ជូនអ្នកស្រឡាញ់ព្រៃឈើនៅទីលានប្រជាធិបតេយ្យនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។
សេចក្តីប្រកាសព័ត៌មាន ស្តីពីការប្រារព្ធទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៤ បានឱ្យដឹងថា នាឱកាសប្រារព្ធទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៤នេះ ក្រុមអង្គការសមាគម និងក្រុមយុវជនមកពី ០៦ស្ថាប័ន បានសហការដើម្បីរៀបចំទិវាព្រៃឈើអន្តរជាតិនៅប្រទេសកម្ពុជា ក្រោមមូលបទ «និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ»។
ការប្រារព្ធទិវាព្រៃឈើអន្តរជាតិនេះ នឹងរៀបចំឡើងរយៈពេល១០ថ្ងៃ ដោយមានសកម្មភាពជួបជុំនៅតាមសហគមន៍ ការជួបជុំនៅទីលានប្រជាធិបតេយ្យដើម្បីសម្តែងមតិអំពីស្ថានភាពព្រៃឈើនៅកម្ពុជា ការប្រកួតប្រជែងនិយាយជាសាធារណៈអំពីព្រៃឈើ និងការតាំងពិព័រព្រៃឈើ ដែលមានអ្នកចូលរួមចំនួនសរុប ៥០០នាក់។ 

សេចក្តីប្រកាសព័ត៌មាន បានបន្តថា ការប្រារព្ធទិវាព្រៃឈើអន្តរជាតិនៅកម្ពុជា នាឆ្នាំនេះបានរៀបចំឡើងក្នុងគោលបំណងចំនួនបីរួមមាន៖ ១. អបអរសាទរទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៤ និងលើកម្ពស់គុណតម្លៃនៃកិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សព្រៃឈើ, ២. លើកកម្ពស់សិទ្ធិក្នុងការចូលរួមរបស់មនុស្សជាតិ ដើម្បីអភិរក្ស និងការពារនិរន្តរភាពព្រៃឈើ និង៣. ធ្វើបច្ចុប្បន្នភាពពីស្ថានភាពព្រៃឈើ បង្ហាញពីក្ដីកង្វល់ បញ្ហាប្រឈម ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ។
លោក ហេង គឹមហុង  ប្រធានប្រតិបត្តិ នៃសមាគមបណ្តាញយុវជនកម្ពុជា បានឱ្យដឹងថា «និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ» គឺជាមូលបទសម្រាប់ទិវាព្រៃឈើអន្តរជាតិនៅកម្ពុជានាឆ្នាំ២០២៤នេះ។
លោកបានបន្តថា ៖ «ដើម្បីចូលរួមប្រារព្ធទិវាព្រៃឈើអន្តរជាតិឆ្នាំនេះ យើងសូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមការពារធនធានធម្មជាតិ ការពារព្រៃឈើរបស់ពួកយើងឱ្យបានគង់វង្ស ជានិរន្តរភាព»៕