ទន្សោងភាគច្រើនឃើញមានរស់នៅក្នុងប្រទេសកម្ពុជា និងបុព្វបុរសរបស់សត្វគោក្នុងស្រុក ប្រចាំអាស៊ីអាគ្នេយ៍

អង្គការ IUCN នាកន្លងមកបានឱ្យដឹងថាចំនួនសត្វទន្សោង ត្រូវបានគេប៉ាន់ស្មានថា នៅសល់ប្រមាណ ៨ ០០០ក្បាល នៅលើពិភពលោក និងខណៈសត្វទន្សោងនៅទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនប្រមាណ ១ ៥០០ក្បាល។

អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ( Wildlife Alliance) បានឱ្យដឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះថា សត្វទន្សោង គឺជាប្រភេទសត្វគោ ព្រៃមួយប្រភេទ ដែលស្រស់ស្អាត និងគួរឱ្យស្រឡាញ់បំផុត ។ ពួកគេក៏ជាបុព្វបុរសរបស់សត្វគោក្នុងស្រុក ប្រចាំអាស៊ីអាគ្នេយ៍ផងដែរ ។ សត្វទន្សោងអាចត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងព្រៃបើកចំហ និងស្ងួត ដែលពួកវាស៊ីស្មៅ,ផ្លែឈើ, និងផ្លែផ្កា ។

អង្គការសម្ព័ន្ធមិត្ដសត្វព្រៃបានលើកឡើងដែរថា ” គួរឱ្យសោកស្ដាយ ទន្សោងកំពុងរងគ្រោះដោយសារការបរបាញ់ បាត់បង់ជម្រក និងជំងឺ ។ មានសត្វទន្សោងប្រហែល ៨ ០០០ក្បាល នៅសល់ក្នុងព្រៃ ហើយភាគច្រើនគឺនៅក្នុងប្រទេសកម្ពុជា” ។

សត្វប្រភេទនេះមានវត្តមានស្ទើរគ្រប់ទីកន្លែង នៅតាមតំបន់ព្រៃ ដោយរស់នៅជាហ្វូងអាចលាយឡំជាមួយគោព្រៃ, ប្រើស, ខ្ទីងជាដើម ភាគច្រើននៅតំបន់ព្រៃរបោះ មានអូរ, ស្ទឹង, ត្រពាំង, ថ្លុកដែលមានស្មៅ, ស្បូវ, ព្រេច, ឬស្សី,រុក្ខជាតិ, គម្ពោតព្រៃ, ទឹកជប់, ដីច្រាប នៅតាមតំបន់ភូមិភាគឦសាន និរតី និង ភាគខាងជើងប្រទេសកម្ពុជា ។

គួរបញ្ជាក់ថាទន្សោងមានមាឌ រូបរាង និងក្រចកជើងចំពាម ដូចគោស្រុកដែរ តែខុសត្រង់វាអត់មានបូកលើខ្នង និងបួរកធ្លាក់ចុះក្រោមដូចគោស្រុកទេ ទន្សោងមានសម្បុរក្រហមត្នោតស្រាល និងប្រែទៅជាពណ៌ក្រហមត្នោត ឬ ក្រហមត្នោតចាស់ នៅពេលវាមានវ័យចំណាស់បន្តិច ហើយជើងទាំងបួនចាប់ពីជង្គង់ចុះក្រោមមានពណ៌ស ដូចខ្ទីង និងគោព្រៃដែរ ប៉ុន្តែខុសគ្នាត្រង់វាមានពណ៌ស នៅផ្នែកក្រោយត្រង់កំពែងគូទ ។ រីឯស្នែងវាមានរាងមូលជាងស្នែងខ្ទីង ពណ៌លឿងចាស់ភ្លឺរលោង ចាប់ពីពាក់កណ្តាលស្នែងចុះក្រោម និងចុងស្នែងមានពណ៌ខ្មៅ ។ បន្ទាប់ពីពពោះរយៈពេលប្រមាណជា ១០ខែ ទន្សោងអាចបង្កើតកូនបាន ១-២ក្បាល និងអាចដោយឈ្មោលម្ដងទៀត ក្រោយពីកើតកូនបាន២ខែ ៕

 

Daily Program

Livesteam thumbnail