តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី- បឹងស្នេហ៍

តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី-បឹងស្នេហ៍ គឺជាទីកន្លែងរកចំណី ការរស់នៅ និងបន្តពូជរបស់សត្វស្លាបទឹក ដែលក្នុងនោះបក្សីមួយចំនួនជាប្រភេទជិតផុតពូជ និង កំពុងរងការគំរាមកំហែងលើពិភពលោកជាច្រើន។ បច្ចុប្បន្នតំបន់នេះបានក្លាយជា ទីកម្សាន្តសម្រាប់ទស្សនាសត្វស្លាបដ៏មាន សក្តានុពលមួយកន្លែងក្នុងខេត្តព្រៃវែង។

តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ មានផ្ទៃដី ទំហំ៣៥៥៧ហិកតា មានភូមិសាស្ត្រស្ថិតនៅក្នុងក្រុងព្រៃវែង ស្រុកស្វាយអន្ទរ ស្រុកពាមរក៍ និងស្រុកបាភ្នំ ខេត្តព្រៃវែង។

លោក តូច វ៉ារដ្ឋា ប្រធានមន្ទីរបរិស្ថាន ខេត្តព្រៃវែង បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ន មានសត្វស្លាបរស់នៅ តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី-បឹងស្នេហ៍នេះ ចំនួន ប្រមាណ៥០ប្រភេទ និងមានចំនួនសត្វចន្លោះពី ១ម៉ឺនប្រាំពាន់ទៅ២ម៉ឺនក្បាល។

ប្រធានមន្ទីរបរិស្ថាន ខេត្ត ព្រៃវែង រូបនេះបានឱ្យដឹងដែរថានៅតំបន់តំបន់ ប្រើប្រាស់ ច្រើនយ៉ាងទួលព័ន្ធតាឡី-បឹងស្នេហ៍ ក្រៅពីមានសត្វស្លាបដ៏ច្រើនគួរជាទីទស្សនាហើយ នៅមានទេសភាពដ៏ស្រស់ត្រកាល ដោយសារខែវស្សាមានផ្ទៃទឹកបឹងធំល្វឹងល្វើយដែល អាចឱ្យអ្នកទេសចរចូលទស្សនាបានដោយក្តីសប្បាយរីករាយ។ ការធ្វើដំណើរកម្សាន្ត ទៅតំបន់នេះគេអាចប្រើប្រាស់មធ្យោបាយជិះទូកក្នុងនេះគេ អាចទស្សនាសត្វស្លាបតាមផ្ទៃបឹង និងព្រៃលិចទឹកមើលហើយគួរចង់គយគន់ពេកក្រៃ។ ចំពោះរដូវប្រាំងគេអាចធ្វើ ដំណើរតាមទូកខ្លះ និងជិះរថយន្តទៅកាន់កន្លែងតំបន់ទេសចរណ៍ទាំងនេះផងដែរ។

លោក តូច វ៉ារដ្ឋា បានលើកឡើងថា ពលរដ្ឋដែលរស់នៅតំបន់នេះ មួយចំនួនបាន ទទួលផលប្រយោជន៍តាមរយៈការប្រកបរបរលើវិស័យទេសចរណ៍។ តំបន់ទេសចរណ៍ ធម្មជាតិទាំងនេះបាននាំមកនូវប្រាក់ចំណូលជូនប្រជាពលរដ្ឋក្នុងប្រជាសហគមន៍មូលដ្ឋាន។

ទាក់ទិនក្នុងវិស័យទេសចរណ៍នេះដែរ លោកប្រធានមន្ទីរបរិស្ថានខេត្តព្រៃវែងបាន លើកឡើងថា ដើម្បីប្រសិទ្ធភា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព និងពង្រឹងវិធានការការពារនិងអភិរក្សធនធានធម្មជាតិ  សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀតឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ក្រោយ យើងចាំបាច់ត្រូវមានផែនការយុទ្ធសាស្ត្រ ដំណោះស្រាយសមស្របនោះគឺធ្វើឱ្យប្រជា ពលរដ្ឋរស់នៅក្នុង និងជុំវិញតំបន់តំបន់ការពារធម្មជាតិ មានជីវភាពល្អប្រសើរ។

ឯកឧត្តម សំ ប៊ុណ្ណារិន អភិបាលរងនៃគណៈអភិបាល ខេត្តព្រៃវែងបានថ្លែងបញ្ជាក់ ប្រាប់ពីតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍នេះជាអំណោយធម្មជាតិ ដោយក្នុងនេះសម្បូរទៅដោយសត្វត្រី ក្នុងផ្ទៃទឹកច្រើនកន្លែងធ្វើឱ្យសត្វបក្សីកម្រៗ ទាំងនេះមករស់នៅយ៉ាងច្រើនបង្កើតជាតំបន់ទេសចរណ៍គួរឱ្យកោតសរសើរ។ ក្រៅពីនេះ ក្រោមកិច្ចអភិរក្សយ៉ាងតឹងរឹងពីសំណាក់អាជ្ញាធរមូលដ្ឋាន មន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ខេត្ត និងប្រជាសហគមន៍ធ្វើឱ្យរក្សាបាននូវសត្វកម្រៗជាច្រើនមកដល់សព្វថ្ងៃ និងទៅថ្ងៃ អនាគតសម្រាប់កូនចៅជំនាន់ក្រោយ។

ឯកឧត្តម សំ ប៊ុណ្ណារិន បានបញ្ជាក់ប្រាប់បន្ថែមថា៖ ក្រៅពីកិច្ចអភិរក្ស សត្វព្រៃមន្រ្តី ពាក់ព័ន្ធខេត្តក៏បានការពារផងដែរ នូវដែនជម្រកសត្វព្រៃដោយពុំឱ្យមាន ការរំលោភបំពាន ពីសំណាក់ជនខិលខូចដើម្បីធ្វើយ៉ាងណាសត្វមានទីជម្រក និងទីកន្លែងការរក ចំណីរបស់ពួកវា។

គួររំលឹកថា តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី-បឹងស្នេហ៍នេះ ជាបឹងមាន ទឹកជាអចិន្ត្រៃយ៍ទាំងនៅក្នុងរដូវប្រាំង និងរដូវវស្សាដែលផ្តល់នូវប្រភពទឹកស្រោច ស្រព្វដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ និងសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ ទីនេះ ក៏មានអន្លុងត្រីសំខាន់ៗដែលជាទីជម្រករស់នៅនិងបន្តពូជរបស់ត្រីជាច្រើនប្រភេទ និងជា កន្លែងនេសាទដ៏សំខាន់សម្រាប់ប្រជាជនរស់នៅជុំវិញតំបន់ទៀតផង។ ក្រៅពីនេះក៏ ជាកន្លែងសម្រាកកម្សាន្ត និងជាបឹងប្រវត្តិសាស្ត្រដែលបានផ្សាភ្ជាប់ជំនឿមានព្រលឹងអរូបិយ «អ្នកតាព័ន្ធតាឡី» និងបានជួយទ្រទ្រង់ដល់វត្តមានសត្វស្លាបជាច្រើន ប្រភេទឱ្យរស់នៅ យ៉ាងសុខសាន្តនៅក្នុងទឹកដីខេត្តព្រៃវែង៕

Daily Program

Livesteam thumbnail