ការបង្កកំណើត«ផ្កាថ្ម»ត្រូវបានរកឃើញជាលើកដំបូងនៅសមុទ្រកម្ពុជា

អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា នៅសប្តាហ៍ដំបូងនៃខែមីនា បានរកឃើញការបង្កកំណើតផ្កាថ្ម នៅសមុទ្រក្នុងប្រទេសកម្ពុជា ដែលនេះសបញ្ចាក់ថាផ្កាថ្មនៅកម្ពុជានៅតែមានសុខភាពល្អ ដែលមិនបានរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារតែកត្តាប្រែប្រួលអាកាសធាតុ។ ផ្កាថ្ម ជាទីជម្រកដ៏សំខាន់សម្រាប់ជីវិតសត្វសមុទ្ររាប់ពាន់ប្រភេទ និងផ្តល់ប្រយោជន៍ដល់អេកូទេសចរណ៍ និងសហគមន៍នេសាទសមុទ្រក្នុងប្រទេសកម្ពុជាផងដែរ។

អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា ក្រោមកិច្ចសហការជាមួយនឹងរដ្ឋបាលជលផល Fisheries Administration នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ព្រមទាំងមូលនិធិសង្សារ និង Bubbles Up Dive Centre បានរកឃើញការបង្កកំណើតផ្កាថ្មនេះនៅសប្តាហ៍ដំបូងនៃខែមីនាក្រោមការណែនាំរបស់លោក Dr Rahul Mehrotra និង Aow Thai Marine Ecology Center

ការបង្កកំណើតរបស់ផ្កាថ្ម ជាធម្មតាកើតឡើងម្ដងក្នុងមួយឆ្នាំ នៅពេលដែលផ្កាថ្មបញ្ចេញពង និងមេជីវិតឈ្មោលក្នុងពេលតែមួយ។ ការយល់ដឹងអំពីពេលវេលាបង្កកំណើតរបស់ផ្កាថ្មនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការគ្រប់គ្រងផ្កាថ្ម ព្រោះវាអាចអនុញ្ញាតឱ្យអ្នកអភិរក្សប្រើប្រាស់បច្ចេកទេសស្តារឡើងវិញ និងវាយតម្លៃសុខភាពសហគមន៍ផ្កាថ្មរឹងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការបន្ដពូជផ្កាថ្មដ៏ធំគួរឱ្យកត់សម្គាល់នេះ គឺជាសញ្ញាសំខាន់មួយនៃសុខភាពរបស់ថ្ម និងបានបង្ហាញថា ផ្កាថ្មនៅកម្ពុជាមិនបានរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយាសារការគំរាមគំហែងធំៗ មានដូចជាការប្រែប្រួលអាកាសធាតុ ដែលអាចធ្វើឱ្យពួកវាមិនអាចបន្ដពូជបាន។

ផ្កាថ្មប៉ប្រះទឹកនៅជិតឆ្នេរសមុទ្រកម្ពុជា ត្រូវបានកំណត់លក្ខណៈដោយដីល្បាប់ខ្ពស់ ហើយមានការប្រែប្រួលយ៉ាងខ្លាំងនៃសីតុណ្ហភាពរវាងរដូវវស្សា និងរដូវប្រាំង។ ដូច្នេះផ្កាថ្មប៉ប្រះទឹករបស់កម្ពុជា អាចដើរតួជាជម្រកដ៏សំខាន់សម្រាប់ប្រភេទផ្កាថ្មគំរូសែន ដែលធន់នឹងកម្ដៅដែលអាចសាបព្រោះពូជផ្កាថ្មប៉ប្រះទឹក នៅកន្លែងផ្សេងទៀតក្នុងឈូងសមុទ្រថៃ។ ផ្កាថ្មផ្ដល់ប្រយោជន៍ជាច្រើនដល់ប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រ។ វាជួយការពារជីវៈចម្រុះរាប់ពាន់ប្រភេទនៅក្រោមសមុទ្រ គាំទ្រសេដ្ឋកិច្ចក្នុងតំបន់ ពិសេសអេកូទេសចរណ៍ និងសហគមន៍នេសាទសមុទ្រក្នុងប្រទេសកម្ពុជា ក៏ដូចជាជំរុញដល់ការយល់ដឹងផ្នែកវិទ្យាសាស្រ្ដ៕

Daily Program

Livesteam thumbnail