អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី២០ ខែធ្នូឆ្នាំ២០២៣

អត្ថាធិប្បាយព្រះគម្ពីរដំណឹងល្អ ថ្ងៃទី២០ ខែធ្នូឆ្នាំ២០២៣ តាមលូកា ១,២៦-៣៦ ដោយលោកបូជាចារ្យរ៉ាជេត ហាសាពូទី

បងប្អូនជាទីគោរព នៅក្នុងអត្ថបទថ្ងៃនេះ តាមលោកលូកា ១,២៦-៣៦ ទេវទូតកាព្រីអែលជូនដំណឹងអំពីកំណើតរបស់ព្រះយេស៊ូ។ ទេវទូតកាព្រីអែលពោលទៅនាងថា «ចូរមានអំណរសប្បាយឡើង ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ ព្រះអង្គគង់ជាមួយនាង»។

នៅក្នុងអត្ថបទនេះទេវទូតកាព្រីអែលមានរបៀបពិសេស ក្នុងការជូនដំណឹងរបស់ព្រះជាអម្ចាស់។ ទេវទូតកាព្រីអែលជម្រាបសួរនាងម៉ារី នាងម៉ារីរន្ធត់យ៉ាងខ្លាំង ហើយនាងមិនយល់ពាក្យជម្រាបសួរនេះ នាងក៏សួរខ្លួនឯងថា តើពាក្យជម្រាបសួរនេះមានន័យដូចម្តេច? ទេវទូតកាព្រីអែលលើកទឹកចិត្តនាងម៉ារី ដោយពោលទៅកាន់នាងថា «កុំខ្លាចអីម៉ារីអើយ! ត្បិតព្រះជាអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ»។ នៅទីនេះពាក្យខ្លាចមានន័យថា នាងម៉ារីបានជួបជាមួយព្រះជាអម្ចាស់ហើយ ក្រោយមកទេវទូតបានជូនដំណឹងព្រះជាអម្ចាស់ដល់នាងថា «នាងនឹងមានគត៌សម្រាលបានបុត្រមួយដែលនាងត្រូវថ្វាយព្រះនាមថា យេស៊ូ។ បុត្រនោះនឹងមានឋានៈដ៏ប្រសើរឧត្តម ហើយគេនឹងថ្វាយព្រះនាមថា ព្រះបុត្រានៃព្រះដ៏ខ្ពង់ខ្ពស់»។ បងប្អូនជាទីគោរព ព្រះជាអម្ចាស់ចាត់ទេវទូតកាព្រីអែលដោះស្រាយបញ្ហា និងឧបសគ្គរបស់នាងម៉ារី។ ទេវទូតកាព្រីអែលពោលទៅកាន់នាងម៉ារីថា នាងម៉ារីនឹងមានគត៌ព្រះនាងនឹងប្រសូតបានបុត្រមួយដោយសារព្រះវិញ្ញាណ និង​ឫទ្ធានុភាពរបស់ព្រះជាអម្ចាស់។ ព្រះជាអម្ចាស់តែងតែដោះស្រាយបញ្ហារបស់គ្រីស្តបរិស័ទ បើពួកយើងស្តាប់ព្រះបន្ទូល និងអនុវត្តតាមព្រះបន្ទូលរបស់ព្រះអង្គ។ ជាបន្តអត្ថបទនេះបញ្ជាក់ថា ព្រះជាអម្ចាស់ប្រោសប្រទានសញ្ញាសំគាល់មួយដល់នាងម៉ារីឱ្យដឹងថា ដំណឹងនោះអាចសម្រេចទៅបាន។ ទេវទូតកាព្រីអែលពោលទៅកាន់នាងម៉ារីថា ម្យ៉ាងទៀតនាងអេលីសាបេត ជាញាតិរបស់នាងមានផ្ទៃពោះប្រាំមួយខែហើយ ថ្វីត្បិតតែគាត់មានវ័យចាស់ថែមទាំងជាស្រ្តីអាក៏ដោយ ក៏គ្មានការអ្វីដែលព្រះជាអម្ចាស់ធ្វើមិនកើតនោះឡើយ។ ព្រះជាអម្ចាស់ប្រោសប្រទានសញ្ញាសំគាល់បញ្ជាក់ថា នាងម៉ារីនឹងប្រសូតបុត្រមួយ ហើយការអស្ចារ្យនេះ​អាចសម្រេចបាន។ បងប្អូនជាទីគោរពគ្រីស្តបរិស័ទត្រូវជឿជាក់ថា ក្នុងព្រះបន្ទូលរបស់ព្រះអង្គគឺគ្មានការអ្វីដែលព្រះជាអម្ចាស់ធ្វើមិនកើតនោះឡើយ ព្រះជាអម្ចាស់អាចសម្រេចការអស្ចារ្យក្នុងជីវិតគ្រីស្តបរិស័ទបាន។ ទីបញ្ចប់នាងម៉ារីយល់ព្រមទទួលដំណឹង ហើយយល់ព្រមធ្វើតាមដំណឹងគ្រប់បែបយ៉ាង នាងម៉ារីពោលថា នាងខ្ញុំជាអ្នកបម្រើរបស់ព្រះជាអម្ចាស់សូមឱ្យបានសម្រេចតាមពាក្យរបស់លោកចុះ។ នាងម៉ារីដាក់ខ្លួនឯងទៅក្នុងព្រះគម្រោងការរបស់ព្រះជាអម្ចាស់គឺសង្គ្រោះមនុស្សលោក។ ថ្ងៃនេះព្រះយេស៊ូអញ្ជើញគ្រីស្តបរិស័ទចូលរួមជាមួយព្រះអង្គក្នុងការសង្រ្គោះមនុស្សលោក។ សូមព្រះជាអម្ចាស់បើកទឹកចិត្តគ្រីស្តបរិស័ទឱ្យបានទូលំទូលាយ។ សូមព្រះជាអម្ចាស់ប្រទានពរយើង៕

Daily Program

Livesteam thumbnail