អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៩ ខែធ្នូឆ្នាំ២០២៣

អត្ថាធិប្បាយគម្ពីរដំណឹងល្អថ្ងៃទី២៩ ខែធ្នូឆ្នាំ២០២៣ តាមលូកា ២,២២-៣៥អត្ថាធិប្បាយដោយលោកបូជា​ចារ្យ​ផាន បូរី

នៅក្នុងអត្ថបទព្រះគម្ពីរនៅក្នុងថ្ងៃនេះបងប្អូនឮថា លោកយ៉ូសេប នាងម៉ារី និងព្រះយេស៊ូបាន បានធ្វើដំណើរទៅទីក្រុងយេរូសាឡឹម ដើម្បីធ្វើពិធីជំរះកាយ ហើយពួកគាត់បានជួបនឹងបុរសម្នាក់ ឈ្មោះ​ស៊ីមន។ លោកតាស៊ីមនបានកោតសរសើរព្រះជាម្ចាស់ និងបាននិយាយទៅកាន់ក្រុមគ្រួសារនេះថា គាត់បានបិទភ្នែកជិតហើយ ដោយសារគាត់បានឃើញព្រះសង្គ្រោះបានប្រសូតមកជាមនុស្ស។

ហេតុនេះហើយ គាត់កោតសរសើរ​នាងម៉ារី​មែនទែន ដោយ​ពោលថា នាងពិតជាមានសុភមង្គលមែន នាងពិតជាល្អមែនដែលនាងបាននៅជាមួយព្រះអម្ចាស់យេស៊ូគ្រីស្ត។ ហេតុនេះបានជាលោកតាស៊ីមនបានកោតសរសើរ ហើយគាត់ថ្លែងថា បពិត្រព្រះដ៏ជាចៅហ្វាយ ឥឡូវនេះព្រះអង្គបានសម្រេចតាមព្រះបន្ទូលសន្យាហើយ ដូច្នេះសុំឱ្យទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គលាចាកលោកនេះទៅដោយសុខសាន្តផងចុះ។

ភ្នែកទាំងគូរបស់លោកតាស៊ីមនបានឃើញព្រះសង្គ្រោះ​បានប្រសូតតាមរយៈនាងម៉ារី តាមរយៈលោកយ៉ូសេប ហេតុនេះទោះបីគាត់វ័យចាស់ជរាឱ្យតែគាត់បានឃើញព្រះសង្គ្រោះបានប្រសូតមក គាត់អស់ចិត្តហើយ ហើយ​នាំឱ្យគាត់លើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។

ព្រះជាម្ចាស់បានប្រទានព្រះសង្គ្រោះនេះដល់ប្រជាជាតិទាំងអស់ គឺជាពន្លឺដែលនាំឱ្យមនុស្សគ្រប់ជាតិសាសន៍ស្គាល់ព្រះអង្គ និងជាសិរីរុងរឿងរបស់អ៊ីស្រាអែលជាប្រជារាស្រ្តរបស់ព្រះអង្គ។

បងប្អូនជាទីស្រឡាញ់លោកតាស៊ីមន ទទួលស្គាល់ថា គាត់បានឃើញព្រះសង្គ្រោះបានប្រសូតហើយ ហើយគាត់ទទួលស្គាល់ព្រះយេស៊ូពិតមែនជាព្រះសង្រ្គោះដែលកំពុងតែយាងមកដែលកំពុងតែគង់នៅជាមួយយើង។ ក៏ប៉ុន្តែយើងឃើញថា តួអង្គរបស់នាងម៉ារី​ឆ្ងល់នូវសេចក្តីដែលលោកតាស៊ីមន​និយាយអំពីព្រះឱរស​នេះណាស់។ យើងឃើញថា នាងម៉ារី​អត់ទាន់ស្គាល់ អត់ទាន់ដឹងពីគម្រោងការរបស់ព្រះជាម្ចាស់ទេ ហើយនៅពេលលោកតាស៊ីមនពោលពាក្យតាមរបៀបនេះ នាំឱ្យនាងម៉ារីឆ្ងល់ ហេតុអ្វីបានជាលោកតាស៊ីមននិយាយតាមរបៀបនេះ? តើកូនរបស់ខ្ញុំអនាគតទៅជាយ៉ាងណា? ជាព្រះសង្គ្រោះ ជាស្តេច ឬជាមនុស្សម្នាក់ធម្មតា? តែយើងឃើញច្បាស់ដូចលោកតាស៊ីមនបាននិយាយ គឺពិតមែនព្រះយេស៊ូគឺជាព្រះសង្គ្រោះដែលយាងមកនៅក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សឱ្យមានជីវិតថ្មី ជីវិតថ្មីទាំងរូបកាយ ទាំងព្រលឹងវិញ្ញាណ ដោយសារពិភពលោក ពេលខ្លះកំពុងតែស្ថិតនៅក្នុងភាពងងឹត ប៉ុន្តែពន្លឺនេះបានចូលទៅក្នុងទៅក្នុងសេចក្តីងងឹត ដើម្បីឱ្យសេចក្តីងងឹតភ្លឺ ដើម្បីឱ្យមនុស្សមានចំណេះដឹង ដើម្បីឱ្យមនុស្សចេះថ្លឹងថ្លែងអ្វីដែលល្អអ្វីដែលអាក្រក់ ដើម្បីឱ្យមនុស្សចេះយោគយល់គ្នា ដើម្បីឱ្យមនុស្សចេះផ្សះផ្សា​គ្នា ជាពិសេសដើម្បីឱ្យមនុស្ស និងព្រះជាម្ចាស់មានទំនាក់ទំនងសាជាថ្មីឡើងវិញ។ ដោយសារអំពើបាបនាំឱ្យមនុស្ស​កាត់ផ្តាច់ជាមួយព្រះជាម្ចាស់ ក៏ប៉ុន្តែដោយព្រះយេស៊ូបានភ្ជាប់ស្ពានមេត្រីនេះសារជាថ្មីឡើងវិញ ដែលនាំឱ្យលោកតាស៊ីមនបាននិយាយថា ពិតមែនគាត់បានឃើញព្រះសង្គ្រោះបានប្រសូតហើយ ហេតុនេះទោះបីគាត់ស្លាប់ទៅវិញក៏គាត់បិទភ្នែកជិតដែរ។

បងប្អូនជាទីស្រឡាញ់យើងទើបតែបានធ្វើពិធីបុណ្យណូអែល ឬបុណ្យព្រះយេស៊ូប្រសូត។ ពិតមែនឱ្យយើងឃើញព្រះយេស៊ូចូលទៅក្នុងជីវិតរបស់យើង សូមអញ្ជើញព្រះយេស៊ូ​ឱ្យកែប្រែចិត្តគំនិតរបស់យើង សូមឱ្យយើងទទួលពន្លឺតាមរយៈព្រះសហគមន៍ តាមរយៈអត្ថបទព្រះគម្ពីរ និងតាមរយៈបងប្អូនឯទៀតៗដែលជួយបំភ្លឺយើង ដែលណែនាំឱ្យយើងស្គាល់ព្រះជាម្ចាស់កាត់តែច្រើនឡើងៗ។

ហេតុនេះសូមឱ្យពន្លឺនេះបំភ្លឺដល់ប្រទេសមួយចំនួនដែលមានសង្គ្រាម ដែលមានអំពើហិង្សាកើតមានឡើង និងទូលអង្វរព្រះជាម្ចាស់សូម​ឱ្យព្រះអង្គម្ចាស់យេស៊ូគ្រីស្ត និងព្រះវិញ្ញាណដ៏វិសុទ្ធគង់នៅ និងបំភ្លឺអស់ក្រុមគ្រួសារទាំងឡាយកំពុងតែមានវិបត្តិ មានអំពើហិង្សាបាក់បែកគ្នា ទាស់ទែងគ្នា។ សូមព្រះជាម្ចាស់ប្រោសប្រទានបំបាត់ហេតុទាំងឡាយ ដើម្បីឱ្យមនុស្សរួបរួមជាធ្នុងតែមួយចេះថ្វាយខ្លួនទៅព្រះជាម្ចាស់ក្នុងឋានៈជាគ្រីស្តបរិស័ទក្នុងឋានៈជាបូជាចារ្យ ក្នុងឋានៈជាបងស្រី និងក្នុងឋានៈជាគណៈកម្មការព្រះសហគមន៍ផងដែរ។ សូមឱ្យយើងចេះកោតសរសើរព្រះជាម្ចាស់ដូចលោកតាស៊ីមនដែលបានកោតសរសើរព្រះជាម្ចាស់។ អាម៉ែន។ អាលេលូយ៉ា!!

Daily Program

Livesteam thumbnail