មនុស្សលោកនិង​ព្រះជាម្ចាស់​មានទំនាក់ទំនងយ៉ាងដូចម្តេច?

បកស្រាយដោយលោកបូជាចារ្យ ម៉ាតាំង ជួរ ដាម៉ូ ពីក្រុមគ្រួសារបព្វជិតសហជីវិនព្រះយេស៊ូ៖

  តាមពិត បើយើងសិក្សាក្នុងទេវវិទ្យាបានបញ្ចាក់ថា យើងដឹងថាព្រះជាម្ចាស់បានបង្ហាញព្រះអង្គឲ្យមនុស្សលោកយើងឃើញ និងបានភ្ជាប់ទំនាក់ទំនងជាមួយមនុស្សលោកយើងយ៉ាងពិតប្រាកដ។

តើព្រះអង្គបង្ហាញវត្តមានរបស់ទ្រង់តាមរយៈអ្វីខ្លះ?

បើយើងមើលនៅក្នុងព្រះគម្ពីរ ទីមួយមើលនៅក្នុងព្រះគម្ពីរដើមកំណើតពិភពលោក នៅពេលព្រះជាម្ចាស់បានបង្កើតពិភពលោកយើង ព្រះអង្គបានដាក់ឈ្មោះអ្វីៗទាំងអស់។ ដូច្នេះ នៅពេលដែលព្រះអង្គហៅឈ្មោះនោះ គឺព្រះអង្គមានវត្តមានពិតប្រាដកមែន ហេតុនេះហើយតាមរយៈវត្តមានរបស់ព្រះអង្គ នាំឲ្យអ្វីៗទាំងអស់មានជីវិត ដែលនេះគឺជាសក្ខីភាពមួយដែលបញ្ជាក់ពីវត្តមានរបស់ព្រះយេស៊ូនៅលើភពផែនដីយើងនេះ។

អ្នកវិទ្យាសាស្រ្តមួយចំនួនព្យាយាមពន្យល់ហេតុផលបាតុភូតនានាអំពី​ការកកើតភពផែនដី ប៉ុន្តែ នៅពេលសួរថា ហេតុអ្វីមានរបស់ទាំងអស់នេះនៅលើពិភពលោក? យើងពិបាកឆ្លើយ ព្រោះគ្មាននណាម្នាក់ប្រាកដបានថាវាកើតមកពីណានោះឡើយ។ ប៉ុន្តែ សន្តថូម៉ាស បាននិយាយហេតុដើមដំបូងបង្អស់នៃការកកើតអ្វីៗនៅលើភពផែនដីនេះថា ជាធម្មតាគ្រប់អ្វីៗទាំងអស់សុទ្ធតែមានដើម សុទ្ធតែមានហេតុ និងផលរបស់វា។ ប៉ុន្តែមានហេតុមួយគឺឥតមានផលទេ គឺវានៅអស់កល្បជានិច្ច ហើយគាត់ហៅហេតុនោះថាគឺជាវត្តមានរបស់ព្រះជាម្ចាស់។ ចំពោះគាត់ផ្ទាល់បានជឿថា ព្រះជាម្ចាស់អត់មានអ្វីបង្កើតព្រះអង្គទេ ផ្ទុយទៅវិញមានតែព្រះអង្គទេ បានបង្កើតគ្រប់ហេតុការណ៍ទាំងអស់ និងអ្វីៗនៅលើពិភពលោកនេះសុទ្ធតែជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់។ ព្រះអង្គមានវត្តមានផ្ទាល់នៅលើផែនដីនេះ ទ្រង់បានបង្កើតអ្វីៗទាំងអស់ឲ្យរស់រានមានជីវិត និងមានសកម្មភាពរស់រវើក។ ដូច្នេះ ដោយសារតែព្រះអង្គបានបង្កើតអ្វីៗទាំងអស់នេះហើយ ទើបយើងអាចនិយាយបានថា ព្រះជាម្ចាស់ជាអ្នកបង្កើតគ្រប់អ្វីៗទាំងអស់នៅលើភពផែនដីយើងនេះ។ ទ្រង់បានបង្ហាញពីទំនាក់ទំនងតាមរយៈ​ធម្មជាតិដែលមាននៅក្នុងចក្រវាលយើងនេះ។ ម្យ៉ាង​នៅពេលយើងជួបទុក្ខព្រួយ ឬក៏ទុក្ខកង្វល់ណាក៏ដោយ ពេលដែលយើងចេញទៅខាងក្រៅ បានឃើញទេសភាព ព្រៃភ្នំព្រឹក្សាផ្សេងៗ វាបានធ្វើឲ្យយើងធូរស្រាល មានអារម្មណ៍ល្អឡើងវិញ ដែលនេះហើយជាអំណោយទានដែលព្រះជាម្ចាស់បង្កើតធម្មជាតិឡើង ដើម្បីព្យាបាលដួងចិត្តមនុស្សលោក។ អ្វីទាំងនេះសបញ្ជាក់ឲ្យឃើញថា ព្រះជាម្ចាស់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមនុស្សលោក។ មួយដំណាក់កាលទៀតមនុស្សយើងមានទំនាក់ទំនងជាមួយព្រះជាម្ចាស់តាមរយៈព្យាការី។ បើយើងមើលព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់ទាំងអស់ ដែលបាននិយាយច្រើនទាក់ទងជាមួយព្យាការី ថាក្រុមព្យាការីជាអ្នកនាំពាក្យពីព្រះជាម្ចាស់មកកាន់សមញ្ញជនធម្មតា។ ដូច្នេះ​ព្យាការីនេះ តែងតែបង្រៀន ខ្លឹមសារទាក់ទងនឹងសីលធម៌ សុជីវធម៌ និងរបៀបរស់នៅប្រចាំថ្ងៃ។ ឧទាហរណ៍មានព្រះគម្ពីរមួយបាននិយាយថា ស្តេច ដាវីឌ ចង់យកប្រពន្ធរបស់គេ ហើយនិងចង់សម្លាប់ប្តីគេទៀតនោះ ក្រុមព្យាការីបានទៅរំលឹកប្រាប់ថាទង្វើ​នេះមិនត្រឹមត្រូវទេ។ ដូចជារឿងព្យាការី យ៉ូណាស ដែលព្រះជាម្ចាស់បានចាត់ឲ្យទៅដាស់តឿនដល់អ្នកក្រុងនីគីវេឲ្យកែ​ខ្លួន។ ពិតណាស់តាមរយៈព្យាការី ព្រះជាម្ចាស់បានបង្ហាញពីទំនាក់ទំនង និងបង្ហាញអំពីគោលបំណងរបស់ទ្រង់ គឺចង់ឲ្យយើងមានសីលធម៌ និងគោរពស្រលាញ់គ្នាទៅវិញទៅមក។ ប៉ុន្តែ បើតាមសេចក្តីបង្រៀនរបស់ព្រះសហគមន៍កាតូលិករបស់យើង ព្រះជាម្ចាស់បង្ហាញខ្លួនរបស់ព្រះអង្គ​ដែលជាវដ្ដចម្បងក្នុងប្រវត្តិសាស្រ្តនៃជំនឿរបស់គ្រីស្តបរិស័ទគឺតាមរយៈព្រះយេស៊ូ។ ព្រះអង្គយាងមកដោយផ្ទាល់ហើយទ្រង់ណែនាំ  និងបង្ហាញឲ្យមនុស្សលោកឃើញពីជីវិតរបស់ទ្រង់។ យើងក៏បានដឹងដែរ នៅក្នុងព្រះគម្ពីរព្រះយេស៊ូបានប្រាប់ហើយ ព្រះអង្គមកពីព្រះបិតា ហើយទ្រង់ក៏ទៅឯព្រះបិតាវិញ និងខ្លឹមសារជាច្រើនទៀតបាននិយាយរៀបរាប់ពីព្រះយេស៊ូ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយព្រះជាម្ចាស់ជាព្រះបិតា ដែលជាទំនងទំនងមួយពោរពេញដោយក្តីស្រលាញ់។ ព្រះយេស៊ូយាងមកមិនត្រឹមតែបង្រៀន គឺព្រះអង្គបានតវ៉ា​រឿងរ៉ាវសង្គមអយុត្តិធម៌ ការគាបសង្កត់ និងព្យាយាមលើកសំឡេងអ្នកក្រីក្រឲ្យមានកម្លាំងមានថាមពល និងចាកចេញផុតពីការគាបសង្កត់ ការកេងប្រវ័ញ្ច និងរួចផុតពីទុក្ខវេទនា។ នេះហើយគឺជាវត្តមានរបស់ព្រះយេស៊ូរស់នៅក្នុងនាមជាមនុស្ស។ ព្រះអង្គបានបំពេញ និងបានភ្ជាប់សកម្មភាពនេះ ជាមួយការប្រកាសដំណឹងល្អពីព្រះរាជ្យរបស់ព្រះជាម្ចាស់៕

វាយអត្ថបទដោយ ឆាក លាំង