ធម្មទេសនារបស់លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគកំពង់ចាម ក្នុងអភិបូជា ប្រទានពរលើការដ្ឋាន និងបញ្ជុះបឋមសិលា នៅព្រះសហគមន៍កាតូលិក សន្តយ៉ូសែប កែវសីមា

ធម្មទេសនារបស់លោកអភិបាល សិលា សួន ហង្សលី

អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគកំពង់ចាម

ក្នុងអភិបូជា ប្រទានពរលើការដ្ឋាន និងបញ្ជុះបឋមសិលា

នៅព្រះសហគមន៍កាតូលិក សន្តយ៉ូសែប កែវសីមា

 

 

បងប្អូនស្រឡាញ់!

ជាដំបូងខ្ញុំសូមអរគុណ លោកឪពុក បងស្រី ព្រមទាំងបងប្អូនគ្រីស្តបរិស័ទទាំងអស់ដែលមកពីកន្លែងផ្សេងៗ ដូចជា៖ ប៊ូស្រា ដាក់ដាំ ហ្គាទី មេមង់ រតនគិរី  កំពង់ចាម និងមានបងប្អូនដែលមកពីប្រទេសវៀតណាមផងដែរ។ នេះជាសញ្ញាបង្ហាញអំពីព្រះសហគមន៍កាតូលិក គឺយើងរួមគ្នាជាលក្ខណៈសកល យើងកសាងព្រះសហគមន៍ដែលព្រះយេស៊ូគ្រីស្តបានប្រទានឲ្យយើង។

យើងបានស្ដាប់ព្រះគម្ពីរថ្ងៃនេះ ដែលអត្ថបទទីមួយបានរំឭកយើងថា ពេលណាយើងសាងសង់ព្រះសហគមន៍ ឬ សាងសង់ព្រះវិហារ ឲ្យយើងចាប់អារម្មណ៍ថា តើយើងសាងសង់លើគ្រឹះអ្វី? ហើយនៅក្នុងអត្ថបទព្រះគម្ពីរបានបញ្ជាក់ច្បាស់ គ្រឹះដ៏សំខាន់ជាងគេគឺព្រះគ្រីស្ត។ ពេលណាយើងនិយាយអំពីព្រះវិហារ តាមព្រះសហគមន៍ តាមពិតមានអត្ថន័យពីរ៖ អត្ថន័យទីមួយ គឺនិយាយអំពីព្រះវិហារដែលសាងសង់អំពីថ្ម ដែលយើងកំពុងតែចាក់គ្រឹះនៅថ្ងៃនេះ។ ទីពីរ ព្រះវិហារមួយទៀត គឺជាព្រះសហគមន៍ ដែលជាព្រះវិហារពិតប្រាក ដែលព្រះគ្រីស្តគង់នៅជាមួយយើង។

 

តើបងប្អូនស្គាល់សន្តហ្វ្រង់ស័រអាស៊ីស៊ី? ពេលគាត់កំពុងសម្រាក គាត់បានសុបិនឃើញថា មានព្រះវិហារមួយជិតរលំ ហើយព្រះជាម្ចាស់បានត្រាស់ហៅគាត់ ឱ្យទៅជួយទប់កុំឲ្យព្រះវិហារនោះរលំ។ ដូច្នេះ គាត់យល់ថា ព្រះជាម្ចាស់បានហៅគាត់ឲ្យទៅកសាងព្រះវិហារ ចឹងគាត់បានទៅប្រមូលថ្មទៅកសាងព្រះវិហារនោះ។ ក្រោយមក ព្រះជាម្ចាស់បានបំភ្លឺគាត់ឲ្យយល់ថា តាមពិតព្រះវិហារពិតប្រាកដមិនមែនធ្វើអំពីថ្ម គឺជាគ្រីស្តបរិស័ទ ដែលព្រះសហគមន៍ជួបការលំបាក  ដែលព្រះសហគមន៍ចង់រលំដោយសារតែបរិយាកាស និងស្ថានភាពនៅសម័យនោះធ្វើឲ្យព្រះសហគមន៍មានការលំបាក។ ជួនកាលមានអ្នកបួសខ្លះវង្វេងជំនឿ ចឹងសន្តហ្វ្រង់ស័រអាស៊ីស៊ី បានទទួលការត្រាស់ហៅពីព្រះជាម្ចាស់ ឲ្យកសាងព្រះសហគមន៍នេះឲ្យរឹងមាំឡើងវិញ។ ហើយសម័យនោះ លោកបានយកចិត្តទុកដាក់ ជាពិសេសជួយដល់បងប្អូនដែលរងទុក្ខដោយសារជំងឺ ជាពិសេសអ្នកជម្ងឺឃ្លង់ ដែលគេមិនរាប់រក។ លោកបានឲ្យព្រះសហគមន៍ចាប់អារម្មណ៍អំពីអ្នកក្រីក្រ ដើម្បីប្រកាសដំណឹងល្អអំពីព្រះអង្គ។

ពេលណាយើងនិយាយអំពីកសាងព្រះវិហារ អត្ថន័យទីមួយ ឲ្យយើងចាប់អារម្មណ៍ថា តាមពិតទៅយើងចង់
កសាងព្រះសហគមន៍។ ហើយព្រះវិហារនេះ យើងចាប់ផ្តើមសាងសង់នៅទីនេះ ដោយសារតែយើងបានឃើញថា ព្រះវិហារនៅកន្លែងចាស់តូចពេក ហើយយើងមានគ្រីស្តបរិស័ទកាន់តែច្រើនទៅៗ នាំឲ្យបងប្អូនមានសំណូមពរថា សង់ព្រះវិហារថ្មីមួយធំជាងនៅទីនេះ ហើយខ្ញុំសង្ឃឹមថា ពេលមានព្រះវិហារថ្មីធំជាង បងប្អូននឹងមកកាន់តេច្រើន ហើយជួយគ្នាប្រកាសដំណឹងល្អ ដើម្បីឲ្យព្រះសហគមន៍កាន់តែរីកចម្រើនឡើង។ អត្ថន័យការកសាងព្រះសហគមន៍សំខាន់មែន។

អ៊ីចឹងនៅពេលដែលយើងធ្វើពិធីប្រទានពរលើការដ្ឋាន ឬសាងសង់ព្រះវិហារថ្មី ឲ្យយើងទាំងអស់គ្នាយល់ថា សំណង់ទាំងអស់ដែលយើងសង់ ទោះបីអំពីថ្មក្តី ឬក៏ព្រះសហគមន៍ក្តី ព្រះវិហារអំពីថ្មដែលមានជីវិតក្តី គឺយើងសាងសង់នៅលើព្រះគ្រីស្តដែលជាគ្រឹះដ៏សំខាន់របស់យើង។ នៅបន្ទាប់ពីព្រះគ្រីស្តគឺយើងមានក្រុមគ្រីស្តទូត ដែលជាសសរសំខាន់ទាំងដប់ពីរនៅក្នុងព្រះវិហារ ឬនៅក្នុងព្រះសហគមន៍។

នៅក្នុងគម្ពីរដំណឹងល្អដែលយើងបានស្តាប់នៅថ្ងៃនេះ ព្រះយេស៊ូបានហៅគ្រីស្តទូតទាំង១២ ហើយព្រះអង្គបានចាត់គេឲ្យទៅប្រកាសដំណឹងល្អ គ្រប់ទីកន្លែងក្នុងពិភពលោក ដើម្បីឲ្យមនុស្សកែប្រែចិត្តគំនិត ទទួលពិធីជ្រមុជទឹក និងទទួលជីវិតថ្មីដែលមកពីព្រះជាម្ចាស់។ ដូច្នេះ នេះជាអត្ថបទមួយដែលយើងបានស្តាប់នៅថ្ងៃនេះ (មក ៦,៧-១៣) ត្រូវនឹងពិធីដែលយើងធ្វើនៅថ្ងៃនេះ ដើម្បីកសាងព្រះវិហារថ្មីរបស់យើងនៅកែវសីមា។ សូមឲ្យយើងចាប់អារម្មណ៍ថា យើងមានគ្រីស្តទូតទាំង១២ ដែលជាគ្រឹះរបស់ព្រះសហគមន៍ ជាគ្រឹះរបស់ព្រះវិហារ និងអ្នកដែលបន្តមុខងារពីក្រុមគ្រីស្តគឺមានសម្តេចប៉ាប លោកអភិបាលផ្សេងៗនៅក្នុងភូមិភាគទាំងឡាយនៅក្នុងពិភពលោកទាំងមូល ដែលជួយបន្តមុខងារនេះដើម្បីជួយកសាងព្រះសហគមន៍។

ពេលណាយើងនិយាយពីកសាងព្រះសហគមន៍ គឺយើងមានក្រុមគ្រីស្តទូត មានលោកអភិបាល លោកបូជាចារ្យ ប៉ុន្តែ ខ្ញុំសង្ឃឹមថា បងប្អូនដែលនៅទីនេះ ក៏រួបរួមគ្នាជាមួយលោកឪពុក ដែលទទួលខុសត្រូវទីនេះ ដើម្បីកសាងព្រះសហគមន៍របស់យើង ដែលយើងមានលោកឪពុក ផាន បូរី ដែលជាអ្នកទទួលខុសត្រូវព្រះសហគមន៍តំបន់មណ្ឌលគិរី និងលោកឪពុក ប្រាក់ ប៊ុន ហុង ដែលជួយនៅទីនេះ។ ខ្ញុំសូមឲ្យគណៈកម្មការ រួមជាមួយលោកឪពុក និងគ្រីស្តបរិស័ទនៅទីនេះ រិះគិតយ៉ាងម៉េច ដើម្បីឲ្យព្រះសហគមន៍ទៅជាកន្លែងមួយ ដែលផ្តល់ឲ្យបងប្អូននៅជុំវិញស្គាល់ និងឃើញវត្តមានរបស់ព្រះជាម្ចាស់។

សូមឲ្យព្រះវិហាររបស់យើង បញ្ចេញពន្លឺនៃធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ ទៅដល់បងប្អូនដែលនៅជុំវិញយើង ដើម្បីឲ្យគេស្គាល់ព្រះគ្រីស្ត ហើយទទួលការសង្គ្រោះដែលមកពីព្រះអង្គ។ សំខាន់ណាស់ ការរួបរួមគ្នារវាងលោកបូជាចារ្យ និងគ្រីស្តបរិស័ទ ដើម្បីធ្វើឲ្យព្រះសហគមន៍យើងទៅជាធ្លុងតែមួយ ទៅជាគ្រួសារតែមួយ អាចធ្វើជាសាក្សីអំពីជំនឿនេះ ហើយខ្ញុំសង្ឃឹមថាបន្តិចម្ដងៗ ព្រះសហគមន៍របស់យើងនឹងរីកចម្រើនថែមទៀត។

មុននឹងធ្វើពិធីប្រទានពរលើការដ្ឋាន យើងទាំងអស់គ្នានឹងស្តាប់ប្រវត្តិ របស់សហគមន៍កែវសីមា ដែលខ្ញុំបានចាប់អារម្មណ៍ថា នៅទីនេះព្រះសហគមន៍បានកកើតឡើង ដោយសារមានបងប្អូនដែលមកពីប្រទេសវៀតណាម បានចាប់ផ្តើមប្រកាសដំណឹងល្អ ហើយបន្តិចម្តងៗបងប្អូន​នៅទីនេះបានសហការគ្នា ដើម្បីណែនាំឲ្យបងប្អូននៅទីនេះស្គាល់ និងទទួលជំនឿតាមរយៈយើងទាំងអស់គ្នា ជាពិសេសបងប្អូនវៀតណាម។ ដូច្នេះ យើងត្រូវអរគុណដល់បងប្អូនដែលមកលពីប្រទេសវៀតណាម ដែលបានជួយឲ្យយើងមានព្រះសហគមន៍នៅទីនេះ ហើយយើងបានឃើញថាព្រះសហគមន៍នៅទីនេះបានរីកចម្រើនឡើងយ៉ាងឆាប់រហ័ស យើងគួរអរព្រះគុណព្រះជាម្ចាស់។

និងចំណុចទីបី ខ្ញុំសង្ឃឹមថា នៅពេលដែលយើងសាងសង់ព្រះវិហារនេះហើយ ព្រះសហគមន៍យើងបន្តរួបរួមគ្នា ជួយលោកឪពុក ដើម្បីថែរក្សាព្រះវិហាររបស់យើង រួមជាមួយគណៈកម្មការ សម្អាតព្រះវិហារសម្រាប់អភិបូជា រាល់ថ្ងៃអាទិត្យ និងមើលចម្ការដំណាំជុំវិញព្រះវិហារដែរ ដើម្បីជាប្រយោជន៍ដល់ព្រះសហគមន៍របស់យយើង។ ខ្ញុំសង្ឃឹមថា ព្រះវិហារនេះទៅជាកន្លែងមួយ ដែលណែនាំឲ្យយើងប្រមូលផ្ដុំគ្នា ដើម្បីរួបរួមសាមគ្គី រួមជាមួយគ្នា និងក្លាយជាគ្រួសារមួយ ថែរក្សារួមជាមួយគ្នា នេះបង្ហាញដល់បងប្អូននៅជុំវិញឲ្យឃើញសក្ខីភាពនៃសេចក្តីស្រឡាញ់របស់យើង ហើយតាមរយៈសក្ខីភាពនេះ គេអាចស្គាល់ព្រះគ្រីស្តបន្តិចម្ដងៗ ហើយគេនឹងក្លាយជាគ្រីស្តបរិស័ទ ទៅជាបងប្អូនរបស់យើងក្នុងគ្រួសារតែមួយដែរ។

ក្នុងអភិបូជានេះ យើងអរព្រះគុណព្រះអង្គ និងសូមព្រះអង្គជួយបំភ្លឺណែនាំយើងទាំងអស់គ្នា ជាព្រះសហគមន៍ ឲ្យយើងបន្តបេសកកម្មរបស់ព្រះគ្រីស្ត ដែលព្រះអង្គបានចាត់គ្រីស្តទូតទាំង១២រូបនៅថ្ងៃនេះ ឲ្យទៅប្រកាសដំណឹងល្អ សូមឲ្យព្រះសហគមន៍របស់យើងបន្តមុខងាររបស់ក្រុមគ្រីស្តទូត ដើម្បីប្រកាសដំណឹងល្អដល់បងប្អូន ឲ្យមានបងប្អូនកាន់តែច្រើនទទួលការសង្គ្រោះពីព្រះអង្គ។ អាមែន៕

 

 

 

       ថ្ងៃព្រហស្បតិ៍ ទី០១ ខែកម្ភៈ ឆ្នាំ២០២៤

 

                                                                                           សិលា សួន ហង្សលី                

                                                                     អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម

Daily Program

Livesteam thumbnail