តើមានមូលហេតុអ្វីខ្លះ​ ដែលគ្រីស្តបរិស័ទជឿថានាងម៉ារីជាមាតារបស់ព្រះជាម្ចាស់?

បកស្រាយដោយលោកបូជាចារ្យ អេមេល្សដាល ហ្រ្វង់ស័រ ពីព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ

យើងធ្លាប់ប្រកាសជំនឿថា នាងម៉ារីជាមាតារបស់ព្រះយេស៊ូ (ព្រះជាម្ចាស់) យើងស្គាល់ម៉ារីតាមការៀបរាប់ក្នុងព្រះគម្ពីរ។ នាងរស់នៅភូមិណាសារ៉ែត មានស្វាមីឈ្មោះ យ៉ូសែប និងគាត់មានកូនម្នាក់ឈ្មោះ យេស៊ូ។ មានសំណួរមួយបានសួរថា ហេតុអ្វីនាងម៉ារីជាមនុស្សសាមញ្ញធម្មតាដូចយើង តែក្លាយទៅជាមាតារបស់ព្រះជាម្ចាស់? តើយើងអាចហៅថានាម៉ារីជាម្តាយរបស់ព្រះជាម្ចាស់យ៉ាងម៉េចកើត? តាមជំនឿរបស់យើងព្រះជាម្ចាស់ជាព្រះដ៏អស់កល្បជានិច្ច គ្មានទីបញ្ចប់ និងជាប្រភពនៃអ្វីៗទាំងអស់ និងជាប្រភពនៃជីវិត។

តាមពិត ពេលយើងប្រកាសថា នាងម៉ារីជាមាតារបស់ព្រះជាម្ចាស់ គឺយើងប្រកាសថាព្រះយេស៊ ជាព្រះជាម្ចាស់។ ព្រះយេស៊ូជាមនុស្សផង និងជាព្រះជាម្ចាស់ផង។ យើងជឿសេចក្តីនេះ ពីព្រោះពេលព្រះយេស៊ូសោយទិវង្គតហើយ បីថ្ងៃក្រោយមកយើងជឿថាព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ ពេលនោះព្រះយេស៊ូក៏បានបង្ហាញព្រះអង្គឲ្យក្រុមសាវ័កបានឃើញ និងបានប៉ះទ្រង់ដោយផ្ទាល់ដៃរបស់ពួកគេថែមទៀតផង។ ហេតុនេះហើយ បានជាពួកគេជឿថាព្រះយេស៊ូបានមានជីវិតរស់ឡើងវិញពិតប្រាកដមែន ពេលនោះដែរក្រុមសាវ័កបានជឿថា ព្រះយេស៊ូមិនមែនជាមនុស្សធម្មតានោះទេ គឺព្រះអង្គជាព្រះជាម្ចាស់។ ចំណុចនេះ សបញ្ជាក់ឲ្យឃើញច្បាស់ថា លោកយេស៊ូជាមនុស្សមួយរយភាគរយ និងជាព្រះជាម្ចាស់មួយរយភាគរយ។

 បើនិយាយពីក្រុមគ្រីស្តទូតវិញ គេជឿថាព្រះយេស៊ូជាព្រះជាម្ចាស់ពិតមែន ដែលបានប្រសូត្រជាមនុស្សសាមញ្ញធម្មតា ហើយជាព្រះជាម្ចាស់ដែលបានយាងមកក្នុងលោកនេះ។ ដូច្នេះ ព្រះយេស៊ូជាព្រះជាម្ចាស់ផង ជាមនុស្សលោកផង។ នៅក្នុងឋានៈជាមនុស្សយើងអាចនិយាយបានថា នាងម៉ារីជាម្តាយរបស់ព្រះយេស៊ូ និងព្រះយេស៊ូមានម្តាយជានាងម៉ារី ហើយនាងម៉ារីគឺជាម្តាយរបស់ព្រះជាម្ចាស់ ព្រោះព្រះយេស៊ូជាព្រះជាម្ចាស់។

យើងជឿថាព្រះជាម្ចាស់ ជាព្រះដ៏អស់កល្បជានិច្ច ដែលជាប្រភពនៃអ្វីៗទាំងអស់ ជាប្រភពនៃជីវិត និងយើងជឿជាក់ថា ព្រះជាម្ចាស់ ជាព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ ហើយព្រះបុត្រាយាងមកក្នុងលោកនេះ ដើម្បីចែករំលែក និងទទួលយករូបកាយជាមនុស្ស។ ដូច្នេះក្នុងឋានៈជាមនុស្ស យើងបានឃើញថានាងម៉ារីគឺជាមាតារបស់ព្រះជាម្ចាស់។​ តាមពិតនៅស.វទី៤ក្នុងឆ្នាំ៣២៥ នៅទីក្រុងអេភេសូ គឺលោកអភិបាលព្រះសហគមន៍​កាតូលិកទាំងអស់គ្នា បានជួបជុំគ្នាដើម្បីដោះស្រាយបញ្ហានេះ ហើយពួកលោក​ក៏បានសម្រេចចិត្តថា នាងម៉ារីជាមា្តយ ឬក៏ជាមាតារបស់ព្រះជាម្ចាស់ និងជាភាសាក្រេចគេហៅថាម៉ារីជា​«Theotokos»។ ពាក្យនេះ​ មានន័យថាជាមាតារបស់ព្រះជាម្ចាស់។ ម្យ៉ាងទៀតហៅថា ក្នុងអង្គព្រះយេស៊ូគ្រីស្ត ព្រះជាម្ចាស់បានសោយទិវង្គតនៅលើឈើឆ្កាង។ ច្បាស់ហើយក្នុងឋានៈជាព្រះជាម្ចាស់ ព្រះអង្គមិនអាចសោយទិវង្គត ព្រះអង្គមានព្រះជន្មអស់កល្បជានិច្ច។ ប៉ុន្តែ ក្នុងឋានៈជាមនុស្សសាមញ្ញ នៅក្នុងអង្គព្រះយេស៊ូគ្រីស្ត យើងអាចនិយាយបានថាព្រះជាម្ចាស់បានសោយទិវង្គតនៅលើឈើឆ្កាង។ ហេតុនេះហើយក្រុមអ្នកមានជំនឿបានជឿថា ព្រះយេស៊ូមានឋានៈជាមនុស្សផង និងមានឋានៈជាម្ចាស់ផង៕

វាយអត្ថបទដោយ ឆាក លាំង

Daily Program

Livesteam thumbnail