សហគមន៍ភូមិបណ្តែតទឹកប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាប្រាក់ចំណូល ដោយច្នៃប្រឌិតកំប្លោក ទៅជាផលិតផលប្រើប្រាស់

ភូមិបណ្តែតទឹក «ព្រែកទាល់» ស្ថិតនៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចម្ងាយប្រហែលជាង ១០គីឡូម៉ែត្រ ពីចំណតទូកទេសចរណ៍ តំបន់ចុងឃ្នៀស ក្នុងខេត្តសៀមរាប គឺជាភូមិបណ្តែតទឹក ដែលរងផលរំខានដោយសារកំប្លោកនេះ។ យើងអាច ទៅដល់ភូមិនេះបាន តាមរយៈមធ្យោបាយតែមួយគត់ប៉ុណ្ណោះ គឺជិះទូក។ សហគមន៍នេះ តែងតែជួបឧបសគ្គ និងការលំបាកក្នុងការធ្វើដំណើរតាមទូក ដោយសារតែកំប្លោកមករាំងស្ទះផ្លូវទឹកជារៀងរាល់ឆ្នាំ ជាពិសេសនៅដើមរដូវវស្សា ខណៈទឹកជំនន់ទឹកភ្លៀងក្នុងស្ទឹងសង្កែ ចាប់ផ្តើមហូរចាក់ចូលទៅក្នុងបឹងទន្លេសាប ដោយបាននាំទាំងកំប្លោកយ៉ាងច្រើនឥតគណនា មកបិទចរាចរណ៍តាមផ្លូវទឹក ក្នុងភូមិទាំងស្រុងតែម្តង។

ទោះយ៉ាងណា ឱកាសនៃការច្នៃប្រឌិត បានកើតឡើងនៅទីនេះ ដោយអ្នកស្រី ឡេង រដ្ឋា កំពុងប្រែក្លាយបញ្ហាប្រឈមនេះ ឱ្យទៅជាឱកាស។ អ្នកស្រី រដ្ឋា រស់នៅក្នុងភូមិបណ្តែតទឹកព្រែកទាល់នេះ តាំងពីកុមារភាពមកម្ល៉េះ។ ឪពុកម្តាយរបស់អ្នកស្រី គឺជាអ្នកនេសាទ។ ដោយទទួលបានការបំផុសគំនិតពីអង្គការ Osmose ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ មានបេសកកម្មលើកកម្ពស់ជីវិតរបស់ស្ត្រីនៅក្នុងសហគមន៍ជនបទ អ្នកស្រី រដ្ឋា ក៏ទទួលបានជំនាញតម្បាញកម្រាល កន្ត្រក និងរបស់របរប្រើប្រាស់ផ្សេងៗ ទៀតពីកំប្លោក ពីអង្គការនេះ។

អ្នកស្រី រដ្ឋា បានចាប់ផ្តើមអាជីពជាអ្នកផលិតរបស់ប្រើប្រាស់ពីកំប្លោក នៅក្នុងអង្គការ Osmose នាឆ្នាំ២០០៨ ដល់ឆ្នាំ២០១៩ អ្នកស្រី រដ្ឋា បានចាកចេញពីអង្គការ ហើយក៏ចាប់ផ្តើមប្រកបរបរនេះដោយខ្លួនឯង។ បច្ចុប្បន្ននេះ អ្នកស្រី រដ្ឋា លក់ផលិតផលតម្បាញពីកំប្លោកដោយស្រ្តីរបស់គាត់ ដល់អ្នកស្រុក និងភ្ញៀវទេសចរផងដែរ នៅលើផ្ទះបណ្តែតទឹករបស់គាត់ ផ្ទាល់តែម្តង។ ប៉ុន្តែ ទោះបីលោក-អ្នក មិនអាចទៅដល់ភូមិបណ្តែតទឹកនោះក៏ដោយចុះ សូមកុំបារម្ភ អ្នកស្រី រដ្ឋា ក៏មានលក់ស្នាដៃរបស់គាត់ នៅហាងលក់វត្ថុអនុស្សាវរីយ៍ @Palilay ក្នុងខេត្តសៀមរាបផងដែរ។
គំនិតផ្តួចផ្តើមរបស់អ្នកស្រី រដ្ឋា មិនត្រឹមតែផ្តល់ឱ្យគាត់នូវអាជីវកម្ម ប្រកបដោយនិរន្តរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យគាត់ អាចផ្តាច់ខ្លួនចេញពីការងារបែបប្រពៃណី គឺការស្វែងរកប្រាក់ចំណូលពីការស៊ីឈ្នូលធ្វើត្រីប្រហុក ដែលគាត់ធ្លាប់បានធ្វើកន្លងមកនោះ។ អ្នកស្រី រដ្ឋា បានថ្លែងអំណរគុណ ដែលផលិតផលរបស់គាត់ ធានាបាននូវប្រភពចំណូលគួរឱ្យទុកចិត្តជាងមុន។
លើសពីភាពជោគជ័យរបស់ខ្លួន អ្នកស្រី រដ្ឋា បានចែករំលែកជំនាញរបស់គាត់ជាមួយយុវតី និងក្រុមគ្រួសារផ្សេងទៀត នៅក្នុងសហគមន៍ផងដែរ ដោយអ្នកស្រីសង្ឃឹមថា នឹងជួយជំរុញឱ្យមានឯករាជ្យភាព និងការផ្លាស់ប្តូរជាវិជ្ជមានមួយ។ ជាមួយគ្នានេះ សូមចូលរួមជាមួយយើង ដើម្បីអបអរសាទរដល់ភាពដុះដាលឡើង និងគំនិតច្នៃប្រឌិតជាលក្ខណៈបុគ្គល ដូចអ្នកស្រី រដ្ឋា ជាដើម ដែលបានប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាឱកាស និងអនាគតដ៏ត្រចះត្រចង់នៃផលិតផលតម្បាញកំប្លោក នៅក្នុងសហគមន៍របស់ពួកគាត់។

សូមជម្រាបជូនថា «កំប្លោក» គឺជាស្មៅទឹកមួយប្រភេទ ក្នុងពួកត្រកៀត ដែលដុះលើផ្ទៃទឹក។ គេអាចទាញយកប្រយោជន៍ពីកំប្លោកបានច្រើនយ៉ាង ដូចជា៖ ផ្កា ប្រើធ្វើជាអន្លក់, ដើម និងស្លឹកស្រស់ ធ្វើចំណីគោក្របី។ ដើមហាលស្ងួត អាចវេញធ្វើជាខ្សែចំណង ធ្វើអង្រឹង ធ្វើសំពៀត និងឧបករណ៍ប្រើប្រាស់ទៀត។ល។ «កំប្លោក» មានឈ្មោះវិទ្យាសាស្រ្ត (Eichhornia crassipes) និងឈ្មោះជាភាសាអង់គ្លេស Water Hyacinth មានដើមកំណើតនៅទន្លេអាម៉ាហ្សូន ដែលជាទន្លេដ៏ធំមួយ នៅអាហ្រិ្វកខាងត្បូង។ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ មិនអាចស្វែងរកឯកសារជាក់លាក់ណាមួយ ដែលអាចបញ្ជាក់បានថា កំប្លោកអាចឆ្លងទ្វីប មកដុះរាលដាលនៅក្នុងបឹងទន្លេសាប និងទន្លេមេគង្គ បានដោយរបៀបណាឡើយ។ 

Daily Program

Livesteam thumbnail