លោកអង់ដ្រេ សាខារ៉ូវ បិតាគ្រាប់បែកនុយក្លេអ៊ែររបស់សូវៀត

លោកអន់ដ្រេ ឌីមីទ្រីវីច សាខារ៉ូវ កើតនៅទីក្រុងមូស្គូ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩២១។ លោក​គឺជាអ្នករូបវិទ្យានុយក្លេអ៊ែរសូវៀត ដែលមានដើមកំណើតរុស្ស៊ី និង​ជាបិតា​គ្រាប់​បែក​អ៊ីដ្រូសែនសូវៀត។ លោកអន់ដ្រេ សាខារ៉ូវ ក៏ជាសកម្មជនសម្រាប់សិទ្ធមនុស្ស សេរីភាព​ស៊ីវិល និងការកែទម្រង់នៅក្នុងប្រទេស។ លោកបានទទួល​ពានរង្វាន់ណូបែលសន្តិភាព​នៅឆ្នាំ​១៩៧៥។

លោកអន់ដ្រេឌីមីទ្រីវីច សាខារ៉ូវ មានឪពុកជាសាស្រ្តាចារ្យរូបវិទ្យា និងម្តាយជាជនជាតិ​ក្រិក។ គ្រួសាររបស់លោករស់នៅជាមួយសមាជិកទាំងអស់​ជុំគ្នា។ អ្នកជំនាន់មុន​បង្រៀន​អ្នក​ជំនាន់​ក្រោយ​នៅក្នុងផ្ទះដ៏ធំ ជំនួសឲ្យការបញ្ជូនទៅសាលា។ ដូច្នេះ ឪពុករបស់លោក លោក​ឌីមីទ្រី សាខារ៉ូវ បានបង្រៀនរូបវិទ្យា និងគណិតវិទ្យាដល់លោកដោយផ្ទាល់ និងធ្វើការ​ពិសោធន៍​ជាមួយ​លោកផងដែរ។ លោកបានកើតនៅក្នុងគ្រួសារដែលមុខវិជ្ជារូបវិទ្យាបាន​គ្រប​ដណ្តប់​ក្នុងជីវភាពប្រចាំថ្ងៃ។

នៅក្នុងឆ្នាំ១៩៣៨ លោកបានចូលរៀននៅក្នុងមហាវិទ្យាល័យ​នៃសកលវិទ្យាល័យរដ្ឋមូស្គូ ដែល​​លោកបានទទួលសញ្ញាបត្រផងដែរ។ ដូច្នេះលោកបានចាប់ផ្តើមរៀនថ្នាក់បណ្ឌិត​រូបវិទ្យា​នៅ​ដេប៉ាតឺម៉ង​រូបវិទ្យានៅវិទ្យាស្ថាន​រូបវិទ្យា ឡឺ បេឌេវ។ សាស្រ្តាចារ្យរបស់លោក គឺអ្នករូបវិទូ អ៊ីហ្គ័រ តាម ដែលជាពានរង្វាន់ណូបែលរូបវិទ្យា នៅឆ្នាំ១៩៥៨។

លោកអន់ដ្រេ សាខារ៉ូវ បានបញ្ចប់និក្ខេបបទបណ្ឌិត​នៅឆ្នាំ១៩៤៨ និងត្រូវបានបញ្ជូនទៅក្នុង​ក្រុម​​អ្នកសិក្សាស្រាវជ្រាវ ដែលការងារបស់ពួកគេគឺអភិវឌ្ឍអាវុធនុយក្លេអ៊ែរ នៅក្រោមការ​ដឹកនាំ​របស់សាស្រ្តាចារ្យតាម។ ប្រធានអង្គភាពសម្ងាត់ បេរីយ៉ា បានបង្ខំឲ្យលោក​បោះ​បង់​ចោល​​ការស្រាវជ្រាវគោលការណ៍គ្រឹះ ដើម្បីចាប់ផ្តើម​ការសិក្សាស្រាវជ្រាវអនុវត្ត។ លោក​ស្តាលីន បានដាក់បន្ទុកឲ្យលោកនូវគោលដៅ​តាមឲ្យទាន់​អាម៉េរិកខាងអាវុធប្រល័យ ដែល​រុស្ស៊ី​​កំពុងយឺត។

គ្រាប់បែក A គ្រាប់បែកនុយក្លេអ៊ែរដំបូងរបស់សូវៀត RDS-1 បានសាកល្បងដោយជោគជ័យ​នៅ​ឆ្នាំ១៩៤៩។ ការសិក្សាស្រាវជ្រាវជាយុទ្ធសាស្រ្តនេះ បានធ្វើនៅមជ្ឍមណ្ឌលយោធាសម្ងាត់ គឺ​សម្ងាត់កំពូល ដែលលោកសាខារ៉ូវ បានធ្វើការងារវិវត្តន៍​ប្រមាណជា ២០ឆ្នាំ។ ចាប់តាំងពី​ឆ្នាំ​១៩៥០ លោកសាខារ៉ូវ និងលោកតាម គឺជាអ្នកផ្តួចផ្តើមគំនិតការងាររបស់សូវៀត នៃ​ការ​សិក្សា​ស្រាវជ្រាវ និងអភិវឌ្ឍ​លើប្រតិកម្ម ទែរម៉ូនុយក្លេអ៊ែរ។ នៅឆ្នាំ១៩៥៣ ពួកគេបាន​បង្កើត​គ្រាប់​បែកអ៊ីដ្រូសែនសូវៀត។ រហូតដល់ឆ្នាំ១៩៦២ ការងារបស់ពួកគេ នឹងត្រូវប្រើប្រាស់​ដើម្បី​ទស្សន​ទាន និងការធ្វើឲ្យ​សម្រេចនូវអាវុធនុយក្លេអ៊ែរនាពេលអនាគតរបស់សហភាពសូវៀត។

នៅឆ្នាំ១៩៦០ លោកអន់ដ្រេ សាខារ៉ូវ បានធ្វើការនៅក្នុងក្រុមការងារ អ៊ីហ្គ័រ គួចាតូវ សម្រាប់​ទស្សន​ទាន​នៃ​គ្រាប់ត្សារ បុមបា គ្រាប់បែកអ៊ីដ្រូសែន​ដែលកម្លាំងផ្ទុះ ៥៧ មេហ្គាតោន ដែល​មក​ដល់ពេលនេះ គឺ​នៅតែជាគ្រាប់បែកផ្ទុះ និងខ្លាំងបំផុតនៅលើផែនដី។

លោកអន់ដ្រេ សាខារ៉ូវ បានស្លាប់នៅក្នុងការិយាល័យរបស់លោក នៅទីក្រុងមូស្គូ កាល​ពី​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ១៩៨៩។ យោងតាមកំណត់ហេតុរបស់ យ៉ាកូវ អ្នកធ្វើការវិភាកសាកសព បានឲ្យ​ដឹង​ថា វាអាចទៅរួចខ្លាំង ដែលលោកសាខារ៉ូវ ស្លាប់ដោយគាំងបេះដូងនៅអាយុ ៦៨ឆ្នាំ។  សព​លោក​​ត្រូវបានបញ្ចុះនៅ​ទីលានបញ្ចុះសព វ៉ូសទ្រីយ៉ាកូវ៉ូ នៅទីក្រុងមូស្គ ដែលជាទីលាន​បញ្ចុះ​សាកសព​ជនល្បីល្បាញ និងមានស្នាដៃរ​បស់រុស្ស៊ី។ ​ប៉ុន្តែភាពល្បីល្បាញរបស់លោកមិនគ្រាន់​តែ​លោកជាអ្នកវិទ្យាសាស្រ្តរូបវិទ្យានោះទេ លោកក៏ល្បីល្បាញយ៉ាងសម្បើមក្នុង​ចំណោម​សាធារណជន ដោយលោកជាអ្នកលើកកម្ពស់សិទ្ធបញ្ចេញមតិ។ រូបលោកក៏បាននាំទៅ​ជាមួយ​លោកនូវពង្រាងច្បាប់រដ្ឋធម្មនុញ្ញសម្រាប់សហភាពសូវៀត ដែលមានមូលដ្ឋានគ្រឹះលើ​សិទ្ធមនុស្ស។ នេះគឺជាឯកសារដែលោកបានតាក់តែង កំណត់ហេតុ និងមើលចុះមើលឡើង​រហូតដល់ថ្ងៃចុងក្រោយរបស់លោក។

Daily Program

Livesteam thumbnail