លូ ស៊ុន កំពូលឧត្តមសេនីយ៍នគរអ៊ូ នៅសម័យសាមកុក

លូ ស៊ុន កើតនៅឆ្នាំ១៨៣។ លោកគឺជាអ្នកយុទ្ធសាស្រ្ត​ និងតាកតិច នៃព្រះរាជាណាចក្រអ៊ូ នៅអំឡុងសម័យសាមកុក ពីឆ្នាំ២២០ ដល់ឆ្នាំ២៨០។

ការបម្រើនគរអ៊ូជាមួយនឹងទេពកោសល្យដាច់ដោយឡែក និងបញ្ញាញ្ញាណរបស់លូ ស៊ុន បាន​ធ្វើ​ឲ្យលោកមានកិត្តិនាម​ល្បីល្បាញ និងត្រូវបានស៊ុន ឈាន ស្តេចនគរអ៊ូ តម្លើងឋានៈ​ដល់​លោក នៅឆ្នាំ២០៣។

លូ ស៊ុន បម្រើក្នុងនាមជាមេបញ្ជាការកងទ័ព​សម្រាប់សមរភូមិ យីលីង។ លូ ស៊ុន បានដឹកនាំ​ជ័យ​ជម្នះ​ដ៏ធំ​ដោយបញ្ជាឲ្យជូ រ៉ាន ដុតកងទ័ពនគរស៊ូទាំងអស់ ដែលដឹកនាំដោយ​លីវ ប៉ី។

លូ ស៊ុន ឈ្មោះហៅក្រៅថា យី គឺជាសមាជិកនៅក្នុងកុលសម្ព័ន្ធលូ។ នេះគឺជាកុលសម្ព័ន្ធ​ដ៏មានសក្តានុពល​នៅក្នុងនគរអូ។ លូ ស៊ុន មានកំណើតនៅទីក្រុង ស៊ូជូ សព្វថ្ងៃ​នេះគឺជា​ខេត្ត​ចៀន​ស៊ូ។ តាំងពីក្មេង លូ ស៊ុន គឺជាក្មេងកំព្រា​​។ ឪពុកម្តាយបានស្លាប់ និងត្រូវ​បាន​ចិញ្ចឹម​ដោយ​អ៊ំ លូ កាង ដែលជាអភិបាលទីក្រុងលីវ ចៀន។ នៅឆ្នាំ១៩៤ យ័នស៊ូ ដែល​ជា​ស្តេច​ត្រាញ់​ដ៏មានអំណាច និងតាំងមូលដ្ឋាននៅស្ហ៊ូស្ហ័ន បានសម្រេចចិត្តពង្រឹងទីតាំងរបស់​ខ្លួន​កាន់​តែ​ទៅភាគខាងត្បូង។ ដោយការព្យាករថា មានសង្រ្គាម លូស៊ុន ត្រូវបានបញ្ជូន​ទៅ​កាន់​នគរ​អ៊ូ ដែលលោកត្រូវបានចិញ្ចឹមដោយកូនប្រុសរបស់លូ កាង។

នៅក្នុងទសវត្សឆ្នាំ២០០ លោកបានចូលបម្រើស៊ុន ឈាន ដែលជាស្តេចស្នងមរតកថ្មី ស្នង​តំណែង​ពីបងប្រុសច្បង​របស់ព្រះអង្គ គឺស៊ុនសេ ដែលបានស្លាប់ដោយគេធ្វើឃាត​នៅឆ្នាំ​២០០។ លូ ស៊ុន បានចូលធ្វើជាមន្រ្តីថ្នាក់ក្រោម បន្ទាប់មកឡើងជា​មេបញ្ជាការ​យោធា​នៅខាង​ជើង​ឆកសមុទ្រ ហាងជូ។ លោកលូស៊ុន ជាអ្នកកំចាត់​ក្រុមបះបោរ ប៉ាន លីន និងធ្វើកំណែ​ទម្រង់​កសិកម្ម​នៅតំបន់ជុំវិញ។

នៅឆ្នាំ២២១ លីវ ប៉ី បានធ្វើសង្រ្គាមប្រឆាំងស៊ុន ឈាន។ យោងតាមរឿងសាមកុក គឺដើម្បី សងសឹកឲ្យការស្លាប់របស់គ័ងអ៊ី ប៉ុន្តែជាពិសេស គឺដើម្បីដណ្តើមយកខេត្តជីង។ លូ ស៊ុន ត្រូវ​បាន​តម្លើងឋានៈ​ជាមេបញ្ជាការធំនៃកងទាហាននគរអ៊ូ។

ដោយប្រើនយោបាយការពារ នៅយីលីង លោកលូ ស៊ុន ត្រូវបានប្រមាថ​ដោយ​មន្រ្តីនានា ដែលច្រណែន និងការឡើង​តំណែងរបស់លោក និងឧត្តមសេនីយ៍របស់លោក។ ពួកគេ​ចង់​ឲ្យ​លូស៊ុន ឆាប់វាយបកលើលីវ ប៉ី តែ​លូស៊ុន តែងតែប្រកែក។ បន្ទាប់មក លូស៊ុន បានប្រើប្រាស់​សណ្ឋានដី និងអាកាស​ធាតុ​ដើម្បីជាប្រយោជន៍ដល់ខ្លួន។ កងទាហានរបស់លីប៉ី ត្រូវ​តែ​បង្ខំ​ចិត្ត​បោះជំរុំ​នៅរដូវក្តៅហែង​ដោយវាយទៅមុខលែងរួចទៀត។  ដោយទទួលកម្តៅ និងខ្សែ​ផ្គត់ផ្គង់​ស្បៀង​យឺតដោយសារផ្លូវឆ្ងាយ លីវ ប៉ី ត្រូវរើទៅបោះជំរុំនៅក្បែរទន្លេយ៉ាងសេ។ ​លូ ស៊ុន បានគណនា និងរង់ចាំឱកាសនេះ បានធ្វើការវាយប្រហារ និងបំផ្លាញជំរុំ ដោយប្រើ​ប្រាស់​​ភ្លើងដុត ជាមួយនឹងកងទ័ពដ៏សម្បើម និងមានជំនួយពីមេបញ្ជាការ ជូ រ៉ាន ផងដែរ។ កងទាហានរបស់លីវ ប៉ី បានរត់គេច និងស្ទើតែត្រូវបានបំផ្លាញទាំងស្រុង ជាមួយ​នឹងការ​បោះ​បង់​ចោលនូវ​សព្វាវុធជាច្រើននៅទីកន្លែង។

បន្ទាប់ពីសមរភូមិ យីលីង សម្ព័ន្ធមិត្ត អ៊ូ និងស៊ូ ត្រូវបានស្តារឡើងវិញ។ លូ ស៊ុន មានកិត្តិនាម​ល្បីល្បាញ​ជាខ្លាំង និងគ្រប់គ្រងខេត្ត ជីង សម្រាប់ស៊ុនឈាន។ លោកបានក្លាយជាទីប្រឹក្សា​ផ្ទាល់​របស់ស្តេចស៊ុនឈាន។ លោកផ្តល់ប្រឹក្សាឲ្យស្តេចសម្រាប់អភិបាលកិច្ច និងយុទ្ធសាស្រ្ត​សម្រាប់យុទ្ធនាការយោធានានា។

នៅឆ្នាំ២៤៤ នៅអាយុ ៦០ឆ្នាំ បន្ទាប់ពីការស្លាប់របស់មហាឧបរាជ ហ្គូ យ៉ុង លូ ស៊ុន បាន​ក្លាយជាអធិការបតីសម្រាប់​ចក្រភពអ៊ូ។​

Daily Program

Livesteam thumbnail