មន្រ្តីឧទ្យានុរក្សជាស្រ្តី ចង់ឃើញព្រៃឈើ និងសត្វព្រៃកើនឡើងនា១០ឆ្នាំខាងមុខ

ដោយការស្រលាញ់ ចូលចិត្តធម្មជាតិ ហើយចង់ការពារធម្មជាតិ និងសត្វព្រៃឱ្យនៅគង់វង្ស លោកស្រី ឈីន ផាត់ថាវឌី វ័យ៣២ឆ្នាំ បានបម្រើការជាឧទ្យានុរក្សតាំងពីឆ្នាំ២០១៧ ​ដែល​លោកស្រីគឺជា​ឧទ្យានុរក្សស្ដ្រីតែម្នាក់គត់ នៅដែនជ​ម្រកសត្វព្រៃព្រែកប្រសព្វ ក្នុងខេត្តក្រចេះ។

ដោយការស្រលាញ់ ចូលចិត្តធម្មជាតិ ហើយចង់ការពារធម្មជាតិ និងសត្វព្រៃឱ្យនៅគង់វង្ស លោកស្រី ឈីន ផាត់ថាវឌី វ័យ៣២ឆ្នាំ បានបម្រើការជាឧទ្យានុរក្សតាំងពីឆ្នាំ២០១៧ ​ដែល​លោកស្រីគឺជា​ឧទ្យានុរក្សស្ដ្រីតែម្នាក់គត់ នៅដែនជ​ម្រកសត្វព្រៃព្រែកប្រសព្វ ក្នុងខេត្តក្រចេះ។

លោកស្រី ឈីន ផាត់ថាវឌី បានឱ្យដឹថា លោកស្រីចូលបម្រើការជាឧទ្យានុរក្សនេះ​ដោយការស្រលាញ់ ចូលចិត្តធម្មជា​តិ ហើយចង់ការពារធម្មជាតិ និងសត្វព្រៃយើងឲ្យនៅគង់វង្ស។ លោកស្រីមានមោទនភាពក្នុងនាមជាឧទ្យានុរក្ស​ ទោះ​បីពេលខ្លះ​ការងារជាមន្ដ្រីឧទ្យានុរក្ស ត្រូវបានគេមិនឱ្យតម្លៃក៏ដោយ ក៏លោកស្រីនៅតែមានមោទនភាពចំពោះខ្លួនឯង ដែ​លអាចចូលរួមការពារព្រៃឈើនិងសត្វព្រៃបាន។

លោកស្រី ផាត់ថាវឌី បានបន្ដថា ពេលលោកស្រីមានផ្ទៃពោះ លោកស្រីទៅល្បាតរហូតកូនក្នុងពោះអាយុ ៥-៦ ខែ ប៉ុន្តែគ្រាន់តែថាមិនអាចជិះផ្លូវឆ្ងាយបាន។ ដូច្នេះមិត្តរួមការងាររបស់លោកស្រី បានឱ្យលោកស្រីនៅស្នាក់ការ ដោយ​សា​រពួកគេយោគយល់លោកស្រីជាស្ត្រីមានផ្ទៃពោះ។ ទោះបីលោកស្រីជាស្រ្តីក៏ដោយ ក្នុងនាមជាឧទ្យានុរក្ស លោកស្រី​ថាវឌីបំពេញការងារដូចឧទ្យានុរក្សបុរសដែរ ដោយចូលរួមល្បាត បង្រ្កាបបទល្មើស និងអប់រំផ្សព្វផ្សាយបរិស្ថានជាដើម។

លោកស្រី ផាត់ថាវឌី រៀបរាប់បន្តជាមួយមោទនភាពក្នុងការងាររបស់ខ្លួន បន្តថា ៖ «ក្តីស្រមៃរបស់ខ្ញុំគឺ ១០ ឆ្នាំទៅមុខទៀ​ត លោកស្រីចង់ឱ្យព្រៃឈើមានការកើនឡើង ហើយសត្វក្តាន់ ដែលលោកស្រីនិងក្រុមការងារកំពុងតែការពារ មិនថាសត្វក្តាន់ឬក៏សត្វព្រៃផ្សេងទៀតទេ លោកស្រីចង់ឱ្យមានចំនួនកើនឡើងទៅមុខទៀត ហើយនៅមានដើមឈើដើម្បីជាជម្រកសត្វ»​។

យោងតាម​ក្រសួងបរិស្ថាន នៅកម្ពុជា​មាន​មន្ត្រីឧទ្យានុរក្សមានចំនួនសរុបប្រមាណជាង ១២០០នាក់នៅទូ​ទាំងប្រ​ទេ​ស ខណៈមន្ត្រីឧទ្យានុរក្សជាស្ត្រីមានចំនួន ៤២នាក់ កំពុងបំពេញការងារនៅតាមតំបន់ការពារធម្មជាតិក្នុ​ងខេត្តចំនួន២០។ យ៉ាងណាក៏ដោយ ឧទ្យានុរក្សស្រ្តីនិងបុរស មាននាទីដូចគ្នា រាប់ចាប់ពីការចូលរួមល្បាត បង្រ្កាបបទល្មើស ការអប់រំសហគមន៍ជាដើម៕

Daily Program

Livesteam thumbnail