យុវជនជាច្រើននាំគ្នាស្មគ្រ័ចិត្តជួយប្រជាពលរដ្ឋក្នុងពេលទឹកជំនន់

ប្រជាពលរដ្ឋដែលជម្លៀសមករកទីទួលសុវត្ថិភាព។

ការចូលរួមមួយផ្នែកពីក្រុមយុវជន នៅចំណុចទីទួលសុវត្ថិភាព បានចូលរួមចំណែកតាមអ្វីដែលខ្លួនអាចធ្វើបាន ក្នុងន័យជំនួយដល់សមត្ថកិច្ច និងប្រជាពលរដ្ឋរងផលប៉ះពាល់។

ក្នុងរយៈពេលជាងមួយសប្តាហ៍ ដែលខ័ណ្ឌដង្កោ និងបណ្តាខេត្តមួយចំនួនផ្សេងទៀត រងគ្រោះធម្មជាតិជំនន់ទឹកភ្លៀង​ វត្តមានកំលាំងចំរុះជាច្រើន បាននាំគ្នាចុះជួយប្រជាពលរដ្ឋ ដើម្បីនាំប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។ ក្នុងបេសកម្មនេះ ក៏មានវត្តមានក្រុមយុវជន​ ជាច្រើនជួយរួមចំណែក ទៅតាមលទ្ធភាពដែលខ្លួនអាចបំពេញបាន។

ក្នុងបេសកម្មជួយសង្គ្រោះប្រជាពលរដ្ឋ និងជម្លៀសប្រជាពលរដ្ឋពីទឹកជំនន់ ក្រៅពីកម្លាំងស្នូលរបស់សមត្ថកិច្ចជាច្រើន ក៏មានការរួមចំណែកនិងជួយឧបត្ថម្ភផ្សេងៗ ជួយដល់ប្រជាពលរដ្ឋរងគ្រោះនិងកម្លាំង ពីសំណាក់ក្រុមយុវជនជាច្រើនក្រុម។ ជាក់ស្តែងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅចំណុចទីទួលសុវត្ថិភាព មានវត្តមានក្រុមយុវជនជាច្រើនក្រុម បានចូលរួមគ្នាបំពេញ ការងារជាប្រចាំទៅតាមលទ្ធភាព ដែលខ្លួនអាចធ្វើបាន។

យុវជនមា្នក់ដែលស្មគ្រ័ចិត្ត លោក យ៉ន់ កក្តដា បានបង្ហើបថា ៖«អ្វីដែលពួកខ្ញុំសង្កេតឃើញនឹងមានមោទនភាពសម្រាប់ពួកយើង គឺស្នាមញញឹម នៅពេលដែលគាត់ (កងកម្លាំង) ទទួលបានមីកំប៉ុង និងកាហ្វេមួយកែវនេះ វាមិនច្រើនទេវាគ្រាន់តែជាអាហារមួយដ៏តូច តែអ្វីដែលយើងឃើញគឺយុវជន ចូលលុយគ្នា ចេញកម្លាំងធ្វើខ្លួនឯង សូម្បីតែកាំសៀវដាំទឹកក៏យកពីផ្ទះខ្លួនឯង គឺមានន័យថា កាហ្វេនិងមីនេះ គឺចេញពីស្នាដៃគាត់ផ្ទាល់ នេះគឺជាទឹកចិត្ត ហើយសង្ឃឹមថាបងៗនឹងសប្បាយចិត្ត»។

កញ្ញា សំរិទ្ធ វិច្ឆិការ ជាយុវជនស្មគ្រ័ចិត្ត បាននិយាយថា ៖«សម្រាប់កងកម្លាំងក៏មានក្រុមការងារគាត់ចែកដែរ តែសម្រាប់ពួកខ្ញុំធ្វើអោយកាន់តែងាយស្រួល ដោយខ្ញុំឆុងមី ឆុងកាហ្វេជូនគាត់​​ ដោយសារតែគាត់ធ្វើការ គាត់ហត់ជាងគេ ហើយគាត់ក៏មិនមានពេលទៅដាំទឹកក្តៅឆុងមី ដើម្បីធ្វើអោយគាត់កក់ក្តៅ នៅពេលដែលគាត់នៅឆ្ងាយពីគ្រួសារ នៅពេលដែលគាត់មកពីធ្វើការហត់គាត់មានរបស់ញាំស្រាប់»។

ចំណែកយុវជនមួយរូប លោក នូ ឧសភា បាននិយាយថា ការធ្វើកម្មវិធីនេះឡើងដើម្បី ជាផ្នែកមួយនៃការលើកដំកើង និងក៏ដូចជាការផ្តល់គុណតម្លៃ នៃការងាររបស់កម្លាំងដែលពួកគាត់បានចូលរួម ធ្វើការងារសង្គ្រោះប្រជាពលរដ្ឋ។

ជុំវិញបញ្ហាទឹកជំនន់ដែលបានវាយប្រហារមកលើប្រទេសកម្ពុជា បានបង្ករអោយមានផលប៉ះពាល់ច្រើន ហើយក៏បង្កអោយប្រជាពលរដ្ឋមួយចំនួន ៣៦នាក់បានបាត់បង់ជី​វិត និងខូចខាតដំណាំកសិកម្ម ព្រមទាំងទ្រព្យធន់មួយចំនួន៕

Daily Program

Livesteam thumbnail