យុវជនខ្មែរ កែច្នៃម៉ូតូ ជា ម៉ូតូកាហ្វេ ដែល​កំពុងទាក់ទាញពី​អ្នក​ចូលចិត្ត​ពិសារកាហ្វេ​

ជាមួយនឹងម៉ូតូម៉ាក​ vespa សេរីថ្មី របស់​យុវជនជាអ្នកថតរូបអាជីពមួយរូប​ បានកែច្នៃទៅជា ហាងលក់កាហ្វេ​ប្រភេទ slow bar នៅតាមដងផ្លូវ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកនិយម រសជា​តិកាហ្វេស្រាលៗនៅតាមចិញ្ចើមផ្លូវ។

«គេហ្វា ឬKeFa»​ ជាភាសាកំប្លែងមួយដែលយុវជនរូបនេះ បានយកមកប្រើជាឈ្មោះហាងកាហ្វេរបស់ខ្លួន និ​ងដើមទុនជាង ៤ ០០០ដុល្លាអាមេរិក។

នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ទល់មុខសកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក រស់ សុវណ្ណបុរី ជាអ្នកថតរូបអាជីពមួយរូប ក្នុងរាជធានីភ្នំពេញ បានកែច្នៃបង្កើតហាងកាហ្វេប្រភេទ slow bar រួមនឹងការតុបតែងយ៉ាងសាមញ្ញបំផុតមិនធ្លាប់មាន និងអ្នកទទួលទាននៅនឹងកន្លែងត្រូវយកកៅអីមកជាមួយក្នុងការបញ្ជា​ទិញនៅកន្លែងផ្ទាល់។

ម៉ូតូតម្លៃ៤ ០០០ ដុល្លារ​ និងសម្ភារមួយចំនួនតម្លៃប្រមាណជា ៣០០ដុល្លា បានធ្វើអោយលោក រស់ សុវ​ណ្ណ​បុរី សម្រេចនូវក្តីប្រាថ្នានៃគំនិតច្នៃបង្កើតឡើង ជាមួយរូបភាពថ្មី នៃវិស័យកាហ្វេ។

លោក រស់ សុវណ្ណបុរី ឬMr. Vintage ដែលមានស្រុកកំណើតក្នុងរាជធានីភ្នំពេញ បានកែច្នៃ និងធ្វើទំនើបក​ម្មនៃអាជីវកម្មមួយនេះ ដោយ​ទទួលបានការចាប់អារម្មណ៍ពីសំណាក់អតិថិជន ភ្ញៀវទេសចរណ៍ និងយុវជនខ្មែរជាច្រើនរូប។

លោក រស់ សុវណ្ណបុរី បានអោយដឹងពីដំណើរដើមទងនៃការចាប់ផ្តើមកូនហាងតូចមួយរបស់ខ្លួន មុននឹងឈានទៅដល់ការកែច្នៃជាហាងលក់ដូរពេញលេញជាបន្តបន្ទាប់។

ទាក់ទិនទៅនឹងគំនិតច្នៃប្រឌិតខាងលើ លោក ​បានអោយដឹងថា ៖« ដោយសារតែខ្ញុំជា Photographer (អ្នកថតរូប) នៅខែវស្សាអ៊ីចេះ ក៏ខ្ញុំទំនេរច្រើនយើងក៏មានការខ្វះខាតតិចតួច យើងក៏ត្រូវការបង្កើតមុខរបរដ៏តូចមួយ ដែលសាមញ្ញ ប៉ុន្តែវាមិនសាមញ្ញ គ្រាន់តែថា វាល្មមគ្រាន់យើងរកចំណូលប្រចាំថ្ងៃ»។

លោក រស់ សុវណ្ណបុរី បន្តថា លោកមានគំនិតក្នុងការបង្កើតមុខរបរខាងលើនេះ រយៈពេលជិត២ឆ្នាំ ដោយផ្តោតលើផ្នែកសេវាកម្មកាហ្វេរសជាតិដើម និងកែច្នៃបន្តិចបន្តួចប៉ុណ្ណោះ ហើយនៅពេលទំនេរនេះ លោកចង់ច្នៃម៉ូតូ ទៅជា slow bar ដែលលក់កាហ្វេតាមចិញ្ចើមផ្លូវ។​

លោក រស់ សុវណ្ណបុរី បានបន្ថែមថា ក្នុងឆ្នាំ២០២៣ លោកមើលឃើញទស្សនៈវិស័យ ក៏ដូចជាការលើកស្ទួយការលក់ដូរនៃអាជីវកម្មតិចតួចនៅតាមដងផ្លូវ នៅក្នុងប្រទេសកម្ពុជា អោយដូចជាប្រទេសជិតខាងរបស់យើង។

លោកប្រាប់​ថា ៖«ខ្ញុំមិនមែនលក់តែពេលថ្ងៃទេ ដូចជាថ្ងៃសៅរ៍​ និងអាទិត្យ ខ្ញុំមានលក់ជាប្រភេទ slow bar ពេលយប់ដែលជាកាហ្វេនៅពេលយប់។ ខ្ញុំចង់ដឹងថា ប្រជាជនខ្មែរចូលចិត្តកាហ្វេដូចនៅប្រទេសជិតខាងយើងដែរឬទេ? ហើយមួយរយៈពេលមុនខ្ញុំសាកលក់នៅពេលយប់ដែរ បានប្រហែល៣០ទៅ៤០នាក់ដែរ​»។

លោក រស់ សុវណ្ណបុរី បានអោយដឹងថា ៖ «ទាក់ទិននឹងការរកស៊ីរបស់ខ្ញុំនេះខ្ញុំមិនលក់អចិន្ត្រៃយ៍នោះ នៅពេលខ្ញុំរវល់ក្នុងការធ្វើគម្រោងរបស់ខ្ញុំ (project) ខ្ញុំក៏សម្រាកដែរ។ តាមពិតខ្ញុំចង់លក់តែថ្ងៃសុក្រដល់ថ្ងៃអា​ទិត្យទេ តែដោយសារខ្ញុំលក់មួយប្រាវនេះ មានខាងសិស្សសាលា អ្នកធ្វើការក៏សំណូមពរអោយខ្ញុំលក់រាល់ថ្ងៃទៅ»។

អ្នកថតរូបអាជីពរូបនេះ បន្ថែមថា អតិថិជនដែលមកបញ្ជាទិញកាហ្វេរបស់លោកត្រូវរងចាំបន្តិច ដោយ​សា​រតែកាហ្វេឆុងភ្លាមៗ និងកិនដោយកម្លាំងដៃមនុស្ស ធ្វើអោយមានភាពយឺតយ៉ាវបន្តិចបន្តួចប៉ុណ្ណោះ។

លោកបញ្ជាក់ថា ៖ «ក្នុងបច្ចុប្បន្ននេះខ្ញុំម្នាក់ឯងជាមួយគ្រួសារ និងបងខ្ញុំ ភ្ញៀវដែលគាត់មកទិញគឺខ្ញុំធ្វើភា្លមៗ អាចនិយាយបានថាភ្ញៀវដែលគាត់មកគាត់ចូលចិត្ត ហើយពួកគាត់ដឹងថា ការលក់ដូរបែបអ៊ីចេះវាមិនមែនលឿនដូចនៅក្នុងហាងនោះទេ គឺវាបែបslow ប៉ុន្តែពួកខ្ញុំនឹងព្យាយាមធ្វើវាអោយលឿនដូចគ្នា«។

ចំពោះការលក់លោកថាហាងរបស់លោកអាចលក់ភេសជ្ជៈ បានចន្លោះពី១៥០ទៅ២០០កែវក្នុង១ថ្ងៃដែលភេសជ្ជៈទាំងនោះមានតម្លៃ៥០០០រៀលក្នុងមួយកែវ។

បច្ចុប្បន្នក្រៅពីកាហ្វេកែច្នៃអាជីវកម្មរបស់យុវជនរូបនេះតែងកែច្នៃភេសជ្ជៈតាមរដូវកាលផងដែរ។ចំណែកឯអតិថិជនរបស់លោកវិញភាគច្រើនគឺយុវវ័យដែលគាត់មកទទួលទានកាហ្វេ អ្នកធ្វើការ និងភ្ញៀវទេសចរ​​។

ដោយឡែកសម្រាប់គម្រោងពង្រីកអាជីវកម្មវិញ លោក រស់ សុវណ្ណបុរី ​ក៏​មានចិត្តចង់ពង្រីកណាស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។

លោក​ថា មានមិត្តភក្តិនិងបងប្អូនព្យាយាមអូសទាញលោក​ឱ្យមកបើកអាជីវកម្មនៅខេត្តសៀមរាប ដែរប៉ុន្តែលោ​កមិនទាន់អាចរកទីតាំងបានជាក់លាក់ណាមួយ និងម្យ៉ាងទៀតលោកមានផ្នត់គំនិតថាសន្សឹមៗកុំបំ​បោលល្អជាង។

ម្យ៉ាងទៀតលោកបញ្ជាក់ថា ៖ «នៅក្នុងផ្នែកកែច្នៃចំណីអាហារនេះមិនមែនថាយើងជាម្ចាស់យើងចេះតែម្នាក់​ឯងប្រើមនុស្សបាននោះទេគឺទាល់តែមានអ្នកចេះដូចគ្នា»។

លោកបន្តថា ៖ «យើងមកធ្វើជុំគ្នាទើបអាចធ្វើចេញ ហើយសំខាន់មួយទៀតផ្នែកកែច្នៃគំនិតបង្កើតថ្មី វាទាមទារច្រើនដូចថាយើងធ្លាប់តែលក់តិចៗថ្ងៃផុតកំណត់របស់វាមិនសូវអីទេ ប៉ុន្តែបើយើងពង្រីកឱ្យធំជាងនេះបច្ចេកទេសក្នុងការរក្សាផលិតផលឱ្យបានយូរគឺទាមទារខ្លាំងរួមជាមួយនឹងឧបករណ៍ច្រើនផងដែរ»៕

Daily Program

Livesteam thumbnail