ក្រុមគ្រួសារបង្ហាញក្តីរីករាយក្រោយទទួលបានថវិការពីកម្មវិធីជំនួយសង្គម

ក្នុងបរិបទកូវីដ១៩នេះ កន្លងមកមានការបិទខ្ទប់ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋមួយចំនួនធំ ក្នុងនោះរដ្ឋាភិបាលកម្ពុជាបាន ផ្តល់នូវកម្មវិធីជំនួយសង្គមថ្មីមួយទៀតផ្តល់ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្រោយពេលនៃការបិទខ្ទប់នោះ បើយើងមកមើលនូវថ្ងៃដែលផ្តើមយុទ្ធនាការដំបូង ប្រជាពលរដ្ឋដែលទទួលផល បានជាប់នៅក្នុងការសម្ភាសន៍នាពេលកន្លងមក ដែលអាចទទួលផល នូវកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយការបិទខ្ទប់គឺបានទៅបើកប្រាក់ នៅតាមបញ្ជរវីង ដែលនៅជិតបំផុត។

ប្រជាពលរដ្ឋបានបង្ហាញទឹកចិត្តសប្បាយរីករាយ និងត្រេកអរ កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយការបិទខ្ទប់ ជាកម្មវិធី ជំនួយសង្គមអនុវត្តតែមួយដងគត់សម្រាប់គ្រួសារដែលមានជីវភាពខ្វះខាត​ក្នុងកំឡុងពេលបិទខ្ទប់ ក្នុងទីតាំងរាជធានីភ្នំពេញ ទីក្រុងតាខ្មៅនៃខេត្តកណ្តាល ទីក្រុងព្រះសីហនុ សម្រាប់សមាជិក គ្រួសារដែលឆ្លងជំងឺកូវីដ១៩ ដែលមានជីវភាពខ្វះខាត និងសមាជិកគ្រួសារដែលមានសមាជិកស្លាប់ដោយសារតែជំងឺកូវីដ១៩​ក្នុងក្របខណ្ឌទូទាំងប្រទេស។

ជាជំហានដំបូងនេះ មានគ្រួសារទទួលផលចំនួនសរុប ៦៦៧៨គ្រួសារ ដែលរដ្ឋាភិបាលកម្ពុជាគ្រោងនឹងចំណាយថវិការចំនួន ជាង៤លានដុល្លាអាមេរិក។ សម្រាប់គ្រួសារដែលទទួលផលថ្ងៃដំបូងនេះ បានអញ្ជើញទៅកាន់បញ្ជរភ្នាក់ងារវីង ដែលភ្ជាប់ជាមួយនឹងអត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទដែលផ្តល់ជូនក្នុងការសម្ភាសន៍ ដើម្បីបើកសាច់ប្រាក់ឧបត្ថម្ភរដ្ឋាភិបាល។ ក្រោយពីទទួលបានសាច់ប្រាក់រួចរាល់នោះពួកគាត់បានបង្ហាញការត្រេកអរ ហើយពួកគាត់បង្ហាញថា ថវិការទាំងនេះ នឹងជួយសម្រួលការលំបាកមួយចំនួនដែរ ក្រោយពួកគាត់បាត់បង់ចំនូលនាពេលកន្លងមក។

​លោកអន សារឹម ជាប្រជាពលរដ្ឋទទួលផល បានបង្ហាញអារម្មណ៍តាមរយៈប្រព័ន្ធទូរសព្ទថា ៖«ការយកចិត្តទុកដាក់របស់អាជ្ញាធរ គឺល្អមែនទែនព្រោះពេលដែលស្ថិតនៅក្នុងពេលបិទខ្ទប់ ពួកយើងខ្ញុំមិនបានទៅរកស៊ីទទួលទានបាននោះទេ អត់មានលុយកាក់នោះទេ បើយើងមានថវិការប៉ុណ្ណេះ យើងអាចរំដោះក្នុងរយៈពេលប៉ុន្មានថ្ងៃដែរ»។

​លោកអន សារឹម បន្តថា ក្នុងកំឡុងពេលបិទខ្ទប់នេះ រដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្នុងតំបន់ក្រហម តែងតែឧបត្ថម្ភជាស្បៀងអាហារ និងអង្កេតមើលក្នុងពេលធ្វើចត្តាឡីស័ក។ ក្នុងពេលបិទខ្ទប់ ប្រជាពលរដ្ឋក្នុងតំបន់ទាំងមូលមិនមានថវិការគ្រប់គ្រាន់សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ពិបាករស់នៅ និងពិបាកធ្វើដំណើរ។

អ្នកស្រី អួន ស៊ីថា ថ្លែងបា្រប់តាមរយៈប្រព័ន្ធទូរស័ព្ទ ថា៖« ថវិការនេះអាចទិញជាអង្ករ និងម្ហូបអាហារបានចំនួន១ខែ»។

កម្មវិធីជំនួយសង្គមនេះដែរ គឺមានប្រជាពលរដ្ឋមួយចំនួនទៀតនៅមានជីវភាពខ្វះខាត ក្រោយការបិទខ្ទប់និងមានការស្នើរសុំជាបន្តបន្ទាប់ រដ្ឋាភិបាលក៏នឹងបន្តពន្យាពេលក្នុងការដាក់ពាក្យស្នើរសុំនិងសម្ភាសន៍ សម្រាប់អ្នកដែលប៉ះពាល់ក្នុងការបិទខ្ទប់កន្លងមកនោះ ចាប់ពីថ្ងៃទី១០ រហូតដល់១៧ ខែមិថុនា ឆ្នាំ២០២១។

លោកស្រី សឿង សេរី ជាចៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបញ្ជាក់ថា នៅមានប្រជាពលរដ្ឋបានស្នើរនិងដាក់ពាក្យស្នើរសុំជាបន្តបន្ទាប់ ក្នុងការទទួលផលសម្រាប់កម្មវិធីជំនួយសង្គម ដូច្នេះហើយលោកស្រី នឹងជំរុញមន្ត្រីចុះទៅធ្វើការឱ្យបានលឿនក្នុងការសម្ភាសន៍ជាមួយប្រជាពលរដ្ឋដើម្បីឱ្យឆាប់ទទួលផលពីកម្មវិធីជំនួយសង្គមនេះ។

លោកស្រី ចៅសង្កាត់ដង្កោ បានថ្លែងថា ៖«ក្នុងនោះដែរនៅមានប្រជាពលរដ្ឋដែលមិនទាន់បានទទួល មិនទាន់បានចុះសម្ភាសន៍គាត់បានអញ្ជើញមកទំនាក់ទំនង ដើម្បីសុំដូច្នេះក្នុងនាមខ្ញុំចៅសង្កាត់ បានទទួលព័ត៌មានពីសម្តេចតេជោ អ្នកដែលមិនទាន់បានគឺអាចអញ្ជើញមក សាលាសង្កាត់ដើម្បីឱ្យសាលាសង្កាត់ ចុះឈ្មោះជូនគាត់ ហើយចុះសម្ភាសន៍ បន្តទៀត​ អ៊ីចឹងក្នុងនាមនាងខ្ញុំពេញចិត្ត»។

​​​កម្មវិធីជំនួយសង្គមក្រោយការបិទខ្ទប់នេះ រួមមានថ្លៃស្បៀងអាហារ ថ្លៃទឹកស្អាត ថ្លៃអគ្គីសនី ហើយអ្នកទទួលផលអាចទទួលបានសាច់ប្រាក់ខុសៗគ្នា ទៅតាមចំនួនសមាជិកនៃគ្រួសារនីមួយៗ៕

Daily Program

Livesteam thumbnail