សៀវភៅមួយក្បាលនិយាយអំពីទស្សនវិស័យរបស់សម្តេចប៉ាបត្រូវបានផ្សព្វផ្សាយ

វ៉ាទីកង់ញូវបានរាយការណ៍ថា សៀវភៅមួយក្បាលដែលនិយាយពីទស្សនវិស័យនៃអន្តរអេកូឡូស៊ីរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ត្រូវបានផ្សព្វផ្សាយ។

សៀវភៅនោះអាចនឹងរកបាននៅក្រោមឈ្មោះថា តេរ៉ា ហ្វូឈ័រ៉ា (TerraFutura)។

សៀវភៅដែលមានចំណងជើងបែបនេះ គឺបានកំពុងស្ថិតនៅលើធ្នើដាក់សៀវភៅមួយចំនួន តាំងពីថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ២០២០។

ប្រភពដដែល​ឲ្យ​ដឹងថា សៀវភៅនេះគឺនិពន្ធឡើងដោយលោក កាឡូស ភេទ្រីនី (Carlo Petrini) ដែលជាស្ថាបនិកនៃចលនាអាហារយឺត (Slow Food Movement) នៃសាកលលោក ដែលបានបង្កើត ឡើងកាលពីទស្សវត្សរ៍នៃឆ្នាំ១៩៨០ មក ដើម្បីការពារអាហារប្រពៃណីនៅក្នុងតំបន់​ប្រឈមមុខនឹងកំណើននៃតម្រូវការនូវអាហារថ្មីៗនិងរហ័សជាច្រើន រហូតនាំឲ្យមានដំណោះស្រាយ ដែលអាចនឹងទទួលយកបានមួយ នៃតម្រូវការអាហារនិងជីវភាពរស់នៅរបស់មនុស្ស ដោយផ្សារភ្ជាប់រវាងឥរិយាបទ ផលិតកម្មអាហារ និង ការប្រើប្រាស់ សេដ្ឋកិច្ច និង ភពផែនដីនេះ។

ដោយឡែកសៀវភៅថ្មីដែលលោកបានសរសេរនេះវិញ គឺលោករៀបចំឡើងនៅក្នុងគោលគំនិតចង់ឲ្យអ្នកអានយល់អំពីការលើកទឹកចិត្តរបស់សម្តេចប៉ាប នៅក្នុងការដោះស្រាយនិងផ្លាស់ប្តូរនូវសកម្មភាពផ្សេងៗ ដែលអាចនឹងបំផ្លាញនូវយុត្តិធម៌សង្គមនិងបរិស្ថាន ហើយយកចិត្តទុកដាក់នាំគ្នាពង្រឹង និង ថែរទាំងពិភពលោកដែលសម្តេចប៉ាបតែងតែចាត់ទុកថា ជាផ្ទះ​រួមរបស់មនុស្សទាំងអស់ ចាប់តាំងពីសម្តេចប៉ាបបានផ្សព្វផ្សាយគោលគំនិត ឡោដាតូស៊ី (Laudato Si) នៅក្នុងឆ្នាំ២០១៥មកនោះ៕

Add new comment

1 + 1 =